ABC បានចុះផ្សាយនៅថ្ងៃទី ១៣ ខែតុលានេះថា ៖ នាង Fiona Simson អាយុ ២៣ឆ្នាំ កំពុងបើកបររថយន្តនៅរដ្ឋ Queen Sland ភាគខាងត្បូងអូស្ត្រាលី នៅថ្ងៃទី ១១ ខែតុលា ស្រាប់តែមេឃធ្លាក់ភ្លៀង ហើយពុំមែនភ្លៀងធម្មតាទេ គឺជាភ្លៀងដុំទឹកកក ។ នៅលើរថយន្តពេលនោះមានយាយចំណាស់ ៧៨ឆ្នាំ និងកូនស្រីតូចវ័យទើប៤ខែរបស់នាង ។

Fiona បានបើករថយន្តយឺតៗ អែបទៅកៀនចិញ្ចើមថ្នល់ ប៉ុន្តែ១សន្ទុះក្រោយក៏ឮស្នូរខ្លាំង១ក្ឌាំង ទឹកភ្លៀងចាប់ផ្តើមហូរចូល ព្រោះទឹកកក១ដុំប៉ុនគ្រាប់កូនហ្គោលបានបុកទម្លុះ ។ គ្មានពេលគិតពិចារណាអ្វីទេ នាងបានស្ទុះទៅប្រឹងយកខ្លួនប្រាណបាំងពីលើយាយចំណាស់ និងកូនស្រីតូច ។ ដុំទឹកកកប៉ុនៗគ្រាប់កូនហ្គោលទាំងនោះបន្តធ្លាក់ចុះបំបែកកញ្ចក់រថយន្ត ដែលនៅសេសសល់ ។ យ៉ាងនេះក្តីក៏យាយចំណាស់ និងកូនស្រីតូចមានរងរបួសខ្លះៗដែរ ។
ក្រោយពេលភ្លៀងរាំង នាងប្រឹងបញ្ជារថយន្តទៅផ្ទះមួយជិតនោះ ហើយពលរដ្ឋនាំគ្នាជួយដោយហៅរថយន្តសង្គ្រោះ ។ Fiona និងកូនស្រី ត្រូវបានព្យាបាលមុខរបួសនៅមន្ទីរពេទ្យ Kingaroy និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃដដែល ។ រីឯយាយរបស់នាងត្រូវសម្រាកនៅមន្ទីរពេទ្យ១យប់ ព្រោះរបួសនៅដៃធ្ងន់ធ្ងរ ។
ទោះបីយ៉ាងនេះក្តី នាងពោលថា ប្រសិនហេតុការណ៍បែបនេះកើតឡើងទៀត នាងនៅតែធ្វើអ្វីៗដើម្បីការពារកូន ។ នាងពោល ៖ វាពិតជាសភាវៈតម្រូវឲ្យធ្វើបែបនេះ ។ រហូតដល់ពេលរថយន្តសង្គ្រោះមកដល់ ទើបខ្ញុំចាប់ផ្តើមយល់ថា កូនស្រីខ្ញុំអាចរបួសធ្ងន់ ឬប៉ះពាល់ដល់អាយុជីវិត ប្រសិនខ្ញុំពុំធ្វើបែបនេះ ។ ជាម្តាយត្រូវតែធ្វើនូវអ្វីៗ ដើម្បីការពារកូនខ្លួន ទោះបីត្រូវបាត់បង់ជីវិតក្តី ។ នាងពោលបន្តទាំងក្តុកក្តួលថា ៖ “រថយន្តខូចអាចជួសជុលបាន ស្នាមរបួសជាំវានឹងរលាយបាត់ ប្រការសំខាន់គឺយើងទាំងអស់គ្នាមានសុវត្ថិភាពហើយ!” ៕ ចន្ទ្រា