កណ្តាល៖ រួមគ្នាប្តីប្រពន្ធ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឥឡូវត្រូវសមត្ថកិច្ចនគរបាល ឃាត់ខ្លួនប្រពន្ធ ឯប្តីរត់គេចខ្លួនបាត់ ដែលករណីនេះកើតហេតុ នៅ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១៨ វេលាម៉ោង ១០និង១០នាទី នៅចំណុចភូមិ ព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលស្រុកស្អាង បាននិយាយថា ជនសង្ស័យចំនួន២នាក់ ៖ ១.ឈ្មោះ ឡៅ លន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាប្តីឈ្មោះ អាត សំអន ។ (គេចខ្លួន) ២.ឈ្មោះ អាត សំអន ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកានីរោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាប្រពន្ធឈ្មោះ ឡៅ លន (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យករួមមាន៖ ១.ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១២កញ្ចប់ ក្នុងនោះ ធំ ១កញ្ចប់ និងតូច ១១កញ្ចប់ ។ ២.ឧបករណ៍សំរាប់វេចខ្ចប់ប្រើប្រាស់មួយចំនួន ។
នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ អាត សំអន បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ១កញ្ចប់ធំ និងឧបករណ៍សំរាប់វេចខ្ចប់ប្រើប្រាស់មួយចំនួន នៅនឹងខ្លួន ។
ដោយមានការចូលរួមពីលោក ក្រុមប្រឹក្សាឃុំរកាខ្ពស់ សមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានឈ្មោះ អាត សំអន បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ១១កញ្ចប់តូច កប់ដីក្បែរពាងទឹកជាប់ផ្ទះ រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។ ចំណែកឈ្មោះ ឡៅ លន បានគេចខ្លួនបាត់ មុនសមត្ថកិច្ចនគរបាលទៅដល់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អាត សំអន បានសារភាពថា ប្តីរបស់ខ្លួនឈ្មោះ ឡៅ លន បានទៅទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ១កញ្ចប់ មិនដឹងតម្លៃប៉ុន្មាន យកមករំលែកលក់ ក្នុង១កញ្ចប់តូច តម្លៃ ២០០០០រៀល ចំណែកលុយបានពីការលក់គ្រឿងញៀនចាយរួមគ្នា ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕ ដោយ៖កូឡាប