ហ្សឺណែវ ស្វីស៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ខែតុលា ឆ្នាំ២០១៨ បានផ្សាយថា ខណៈពេលនេះគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កំពុងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ និងមហាសន្និបាតលើកទី១៣៩ ដែលមាន សមាជិកចូលរួមចំនួន១៣៥ប្រទេស មានប្រធានសភាចំនួន៥០ និងអនុប្រធានសភាចំនួន៤០ រួមទាំង សមាជិក សមាជិកា សភាចំនួន៧០០នាក់ ក្នុងនាមជាសមាជិកសភាវ័យក្មេងចំនួន២០% និង៣៣% សមាជិកសភាជាស្ត្រី។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ ផ្តោតទៅលើការពិនិត្យសមាជិកភាព ពិនិត្យស្ថានភាពហិរញ្ញវត្ថុ របាយការណ៍អំពីសកម្មភាពប្រធាន និងអគ្គលេខាធិការ IPU ដែលបានសម្រេចរយៈពេល១ឆ្នាំរបស់អង្គការនេះ របាយការណ៍នៃកិច្ចប្រជុំដែលIPUបានរៀបចំ អំពីផែនការយុទ្ធសាស្ត្រIPU ២០១៧-២០២១ អំពីការរៀបចំកិច្ចប្រជុំនាពេលខាងមុខ ជាដើម។
នាថ្ងៃនេះ មហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភានឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានបទបន្ទាន់មួយរបស់ខ្លួន ដែលឥឡូវនេះមានសេចក្តីស្នើមានចំនួន៤ រួមមាន៖ ១. ការកសាងសន្តិភាព និងសន្តិសុខ នៅ Sahel, ២. ជនភៀសខ្លួនរបស់ប៉ាឡេស្ទីន, ៣. ការប្រែប្រួលអាកាសធាតុ, ៤. អំពីលទ្ធិប្រជាធិបតេយ្យ នៅវេណេហ្សូអេឡា។
ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសរើសរបៀបវារៈរួចមក មហាសន្និបាតលើកទី១៣៩របស់សហភាពអន្តរសភា នឹងពិភាក្សាលើប្រធានបទស្តីពី “ភាពជាថ្នាក់ដឹកនាំសភាក្នុងការជម្រុញសន្តិភាព និងការអភិវឌ្ឍន៍ក្នុងយុគ្គសម័យនៃនវានុវត្តន៍ និងការផ្លាស់ប្តូរតាមបែបបច្ចេកវិទ្យា”។ លោកជំទាវប្រធានគណៈប្រតិភូគ្រោងនឹងឡើងថ្លែងសុន្ទរកថាផងដែរ។
ក្រៅពីនេះគណៈប្រតិភូសភាក៏បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី២ ស្តីពី “ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម” ទាក់ទងនឹង៖
– ស្តីពីការចូលរួមវិភាគទានរបស់សភាចំពោះសន្និបាតរបស់អង្គការសហប្រជាជាតិឆ្នាំ២០១៨ ស្តីពីការប្រែប្រួលអាកាសធាតុ
– កិច្ចពិភាក្សាលើតួនាទីរបស់ពាណិជ្ជកម្មសេរី និងវិនិយោគដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសទាក់ទងនឹងសមភាពសេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធដោយចីរភាព។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី៣ ស្តីពី “លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស” ដែលមានបទបង្ហាញ និងការពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលលើការធ្វើចំណាកស្រុក និងអភិបាលកិច្ចជុំវិញការអនុម័តជាសកលសម្រាប់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព របៀបរៀបរយ និងដោយរលូន។
ក្នុងឱកាសនោះដែរ លោកស្រី ហ្គ្រាប៊ីឡាគូវាសបារ៉ុន ប្រធានមហាសន្និបាតលើកទី១៣៩ នៅហ្សីណេវ៉ា បានអោយដឹងថាលោកជំទាវនឹងទៅចូលរួមជាភ្ញៀវកិត្តិយសលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនៅសៀមរាបពីថ្ងៃទី១៤-១៧ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន APPF លើកទី២៧៕ ដោយ ៖ បញ្ញាស័ក្តិ