ខេត្តក្រចេះ ៖ បុរសម្នាក់រងរបួសក្បាលជាទម្ងន់ ដោយសារបុរស២នាក់ បានយកដំបងវាយក្បាល បណ្តាលរយះហូរឈាមជោកខ្លួន ក្នុងទំនាស់ពាក្យសំដីរឿងជនរងគ្រោះ មិនឲ្យជនបង្កបើកគោយន្ដកាត់មុខផ្ទះ ដោយបើកវាយផ្លូវផ្សេង។
បន្ទាប់ពីកើតហេតុ នគរបាលស្រុកព្រែកប្រសព្វ បានឃាត់ខ្លួនជនបង្កបានម្នាក់ ម្នាក់ទៀតរត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅចំនុចទួលត្នោត ភូមិស្ទឹងទ្រ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
នគរបាលស្រុកព្រែកប្រសព្វបានឱ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ នៅ ណាត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ និងម្នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) អ្នកទាំងពីរ រស់នៅភូមិ ឃុំកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះ ទ្រី ប៉េង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ឃុំជាមួយជនសង្ស័យ។
នគរបាលបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានបើកគោយន្តកន្ត្រៃមកពីស្រែ ធ្វើដំណើរមកដល់ចំនុចកើតហេតុ ត្រូវបានជនរងគ្រោះបិទផ្លូវឃាត់មិនឱ្យបើកទៅមុខ ឱ្យវាងតាមផ្លូវផ្សេងវិញ តែនិយាយគ្នាពុំស្ដាប់ក៏ឈ្លោះប្រតាយប្រតប់គ្នា ខណៈពេលនោះជនសង្ស័យបានយកឈើជ្រុង វាយទៅលើជនរងគ្រោះចំក្បាលបែកហូរឈាមរហាម។
ក្រោយពីកើតហេតុ កម្លាំងនគរបាលបានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនឈ្មោះ នៅ ណាត យកមកសួរនាំនៅប៉ុស្តិ៍តាម៉ៅ ចំណែកជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពរួចវបានត់គេចខ្លួនបាត់ស្រមោល៕ ដោយ ៖ បញ្ញាស័ក្តិ