ភ្នំពេញ ៖ រហូតមកដល់ពេលនេះ ទណ្ឌិត សម រង្ស៊ី គ្មានតួនាទីអ្វីដល់តិចតួច ក្នុងការមានមុខចូលប្រជុំនៅលើវេទិកានានាជាថ្នាក់អន្តរជាតិ ពីព្រោះទណ្ឌិត សម រង្ស៊ី មិនមែនជាតំណាងប្រជាជនកម្ពុជាឡើយ ។ ទណ្ឌិត សម រង្ស៊ី គ្រាន់តែជាជនក្បត់ជាតិខ្មែរ និងជាជនពនេចរ គ្មានស្រុកទេស និងជាអាយ៉ងដាច់ថ្លៃរបស់ពួកបរទេសចក្រពត្តិអនត្តរភាពនិយមអន្តរជាតិតែប៉ុណ្ណោះ។ នេះបើតាមផ្សាយរបស់គេហទំព័រគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៦ខែតុលានេះ។
ដូច្នេះ ការដែលមានអ្នកអនុញ្ញាតឲ្យទណ្ឌិត សម រង្ស៊ី ចូលប្រជុំនៅក្នុងវេទិកា IPU. គឺជាការរំលោភសិទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនកម្ពុជា និងគឺជាការបំពានលើឯករាជ្យ និងអធិបតេយ្យភាពជាតិកម្ពុជា យ៉ាងងងើលព្រមទាំងរំលោភច្បាប់អន្តរជាតិ ដែលប្រធានប្រជុំIPU. ត្រូវទទួលខុសត្រូវទាំងស្រុងលើតួនាទីលំអៀងនយោបាយរបស់ខ្លួន ដោយគ្មានការខ្មាស់អៀន ។
គណបក្សប្រជាជនកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះការតវ៉ាដ៏ម៉ឺងម៉ាត់របស់គណប្រតិភូសភាកម្ពុជា ដែលបានទៅចូលរួមប្រជុំជាផ្លូវការក្នុងអង្គប្រជុំ IPU ក្នុងនាមជាតំណាងស្របច្បាប់របស់ប្រជាជនកម្ពុជា ហើយសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអាកប្បកិរិយា ល្មើសច្បាប់របស់ជនលំអៀង ខាងនយោបាយនិងមនោគមន៍វិជ្ជាអន្តរជាតិ ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងថា សភាកម្ពុជានឹងតវ៉ាចំពោះការអញ្ជើញ លោក សម រង្ស៊ី ចូលប្រជុំ សហភាពអន្តរសភា ជាភាសាអង់គ្លេស Inter-Parliamentary Union ហៅកាត់ IPU ។
ជាមួយគ្នានេះ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ក៏ត្រូវគេអះអាងថា ត្រូវបានប្រធានសហភាពអន្តរសភា IPU អញ្ជើញឲ្យចូលរួមផងដែរ។ ប៉ុន្តែ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានអះអាងថា គណៈប្រតិភូសភាកម្ពុជានឹងតវ៉ាចំពោះការអញ្ជើញនេះ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានអះអាងថា ការដែលប្រធានសហភាពអន្តរសភាអញ្ជើញ លោក សម រង្ស៊ី ចូលរួមកិច្ចប្រជុំលើកទី ១៣៩ របស់ IPU នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស គឺជារឿងខុសច្បាប់។
ហ្វេសប៊ុក របស់ Ly Sovichea បានសរសេរថា “សហភាពអន្តរសភា (IPU) នឹងបើកកិច្ចប្រជុំរបស់ខ្លួនលើកទី១៣៩ នៅទីក្រុងហ្សីណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ហើយក្នងកិច្ចប្រជុំនោះ ក៏មានវត្តមានរបស់លោកប្រធាន សម រង្ស៊ី អញ្ជើញចូលរួមផងដែរ ។ លើសពីនេះទៅទៀត លោកប្រធាន ថែមទាំងត្រូវបានប្រធានសហភាពអន្តរសភា (IPU) អញ្ជើញឲ្យឡើងថ្លែងការណ៍ ស្តីពីស្ថានការណ៍នយោបាយនៅកម្ពុជាទៀតផង “។
រដ្ឋសភាជាតិ បានប្រកាសថា ខណៈពេលនេះគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កំពុងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ និងមហាសន្និបាតលើកទី១៣៩ ដែលមាន សមាជិកចូលរួមចំនួន១៣៥ប្រទេស មានប្រធានសភាចំនួន៥០ និងអនុប្រធានសភាចំនួន៤០ រួមទាំង សមាជិក សមាជិកា សភាចំនួន៧០០នាក់ ក្នុងនាមជាសមាជិកសភាវ័យក្មេងចំនួន២០% និង៣៣% សមាជិកសភាជាស្ត្រី។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ ផ្តោតទៅលើការពិនិត្យសមាជិកភាព ពិនិត្យស្ថានភាពហិរញ្ញវត្ថុ របាយការណ៍អំពីសកម្មភាពប្រធាន និងអគ្គលេខាធិការ IPU ដែលបានសម្រេចរយៈពេល១ឆ្នាំរបស់អង្គការនេះ របាយការណ៍នៃកិច្ចប្រជុំដែលIPUបានរៀបចំ អំពីផែនការយុទ្ធសាស្ត្រIPU ២០១៧-២០២១ អំពីការរៀបចំកិច្ចប្រជុំនាពេលខាងមុខ ជាដើម។
នាថ្ងៃនេះ មហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភានឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានបទបន្ទាន់មួយរបស់ខ្លួន ដែលឥឡូវនេះមានសេចក្តីស្នើមានចំនួន៤ រួមមាន៖ ១. ការកសាងសន្តិភាព និងសន្តិសុខ នៅ Sahel, ២. ជនភៀសខ្លួនរបស់ប៉ាឡេស្ទីន, ៣. ការប្រែប្រួលអាកាសធាតុ, ៤. អំពីលទ្ធិប្រជាធិបតេយ្យ នៅវេណេហ្សូអេឡា។
ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសរើសរបៀបវារៈរួចមក មហាសន្និបាតលើកទី១៣៩របស់សហភាពអន្តរសភា នឹងពិភាក្សាលើប្រធានបទស្តីពី “ភាពជាថ្នាក់ដឹកនាំសភាក្នុងការជម្រុញសន្តិភាព និងការអភិវឌ្ឍន៍ក្នុងយុគ្គសម័យនៃនវានុវត្តន៍ និងការផ្លាស់ប្តូរតាមបែបបច្ចេកវិទ្យា”។ លោកជំទាវប្រធានគណៈប្រតិភូគ្រោងនឹងឡើងថ្លែងសុន្ទរកថាផងដែរ។
ក្រៅពីនេះគណៈប្រតិភូសភាក៏បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី២ ស្តីពី “ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម” ទាក់ទងនឹង៖
– ស្តីពីការចូលរួមវិភាគទានរបស់សភាចំពោះសន្និបាតរបស់អង្គការសហប្រជាជាតិឆ្នាំ២០១៨ ស្តីពីការប្រែប្រួលអាកាសធាតុ
– កិច្ចពិភាក្សាលើតួនាទីរបស់ពាណិជ្ជកម្មសេរី និងវិនិយោគដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសទាក់ទងនឹងសមភាពសេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធដោយចីរភាព។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី៣ ស្តីពី “លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស” ដែលមានបទបង្ហាញ និងការពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលលើការធ្វើចំណាកស្រុក និងអភិបាលកិច្ចជុំវិញការអនុម័តជាសកលសម្រាប់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព របៀបរៀបរយ និងដោយរលូន។
ក្នុងឱកាសនោះដែរ លោកស្រី ហ្គ្រាប៊ីឡាគូវាសបារ៉ុន ប្រធានមហាសន្និបាតលើកទី១៣៩ នៅហ្សីណេវ៉ា បានអោយដឹងថាលោកជំទាវនឹងទៅចូលរួមជាភ្ញៀវកិត្តិយសលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនៅសៀមរាបពីថ្ងៃទី១៤-១៧ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន APPF លើកទី២៧៕ ដោយ៖រចនា