Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​

បន្ទាយមានជ័យ​ ៖ ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ០២ និង ៥០​នាទី កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​(​ម៉ូតូ​) និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១​នាក់ នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្ទ្រា ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានអោយដឹងថា ៖ យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ស៊ិន សុភាព ភេទ ប្រុស អាយុ ៤៥​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​កាស៊ីណូ​ហ្គោល​ដិន ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​ដោយ​ទទួលបាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១​នាក់ -​ឈ្មោះ ទេព វីរៈ ភេទ ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ក្នុង​ក្រុង​ប៉ោយប៉ែត ។ តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ​ខាងលើ បានបញ្ជាក់​ថា ៖ នៅវេលា​ម៉ោង ២ និង ៤០​នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ ខ្លួន​បាន​ជិះ​ម៉ូតូ​មកពី​កន្លែង​ធ្វើការ​ត្រឡប់​មក​បន្ទប់​ស្នាក់​នៅ​វិញ ដល់​ចំណុច​ស្តង់​ភ្លើង​អាន​កូ បាន​ឃើញ​ជនសង្ស័យ​ខាងលើ​បណ្តើរ​ម៉ូតូ​ម៉ាក MSX ពណ៌​ស (​ដូច​ម៉ូតូ​របស់​ខ្លួន​) តែ​មិន​បាន​ចាប់អារម្មណ៍ លុះ​ខ្លួន​បាន​ទៅ​ដល់​បន្ទប់​ស្នាក់​នៅ​ក៏​បាត់​ម៉ូតូ​របស់​ខ្លួន ក៏​ជិះ​តាម​ជនសង្ស័យ​ទៅ​ពិនិត្យ​មើល​ម៉ូតូ​ដែល​ជនសង្ស័យ​បណ្តើរ​យកទៅ ទើប​ដឹង​ច្បាស់​ថា​ជា​ម៉ូតូ​របស់​ខ្លួន ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ។

ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​ផងដែរ ។ បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន និង​ទទួលបាន​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ខាងលើ លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បាន​ចាត់តាំង​មន្ត្រី​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់​ថា ៖ បន្ទាប់​ពី​កម្លាំង​ជំនាញ​ធ្វើ​ការសាកសួរ ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា ៖ ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​របស់​ជនសង្ស័យ​ខាងលើ​ពិតប្រាកដ​មែន ពេលដែល​ខ្លួន​កំពុង​បណ្តើរ​ម៉ូតូ​យក​ទៅ​ធ្វើ​សោ ស្រាប់តែ​ជួប​ជន​រង​គ្រោះ​​ដែល​ជា​ម្ចាស់​ម៉ូតូ​តែម្តង ។ ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ យោង​លើ​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ និង​យោងតាម​របាយការណ៍រ​បស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទ លួច បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×