កំពង់ចាម ៖ លោករដ្ឋមន្ត្រីកសិកម្ម បានស្នើសុំឲ្យអង្គភាពជំនាញនីមួយៗ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន និងដៃគូអភិវឌ្ឍទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ដើម្បីយើងរួមគ្នាកាត់បន្ថយភាពអត់ឃ្លានឱ្យបានដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០។
នៅព្រឹកថ្ងៃអង្គារទី១៦ ខែតុលា ឆ្នាំ២០១៨ នៅឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម” មានរៀបចំប្រារព្ធ ទិវាស្បៀង អាហារពិភពលោកលើកទី៣៨ ឆ្នាំ ២០១៨ ក្រោមប្រធានបទ “យើងរួមគ្នាកាត់បន្ថយភាពអត់ឃ្លាន ឱ្យបានដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០” ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងថា ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសភាតរភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការពេញលេញ យ៉ាងល្អប្រសើរ ក្នុងន័យបំផុសស្មារតីឲ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទី ដ៏មានសារសំខាន់នៃវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ សុខុមាលភាព និងអភិវឌ្ឍន៍ជនបទឈានទៅបញ្ចប់ភាពអត់ឃ្លាន របស់ប្រជាជន នៃបណ្តាប្រទេសមួយចំនួន នៅទូទាំងសាកលលោកនាឆ្នាំ២០៣០។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ៖ កសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០” ចូលរួមគ្នាកាត់បន្ថយភាពអត់ឃ្លាន ឱ្យបានដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០ ។ លោករដ្ឋមន្ត្រី បានស្នើសុំឲ្យអង្គភាពជំនាញនីមួយៗ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន និងដៃគូអភិវឌ្ឍទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយដូចតទៅ៖ ទី១- ជំរុញការរៀបចំនិងដាក់ឲ្យអនុវត្ត ផែនការមេសម្រាប់អភិវឌ្ឍវិស័យកសិកម្ម ឆ្ពោះទៅឆ្នាំ២០៣០ និង ផែនការយុទ្ធសាស្ត្រអភិឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ប្រកបដោយប្រសិទ្ធភាព។ ទី២-បង្កើនផលិតភាព គុណភាព និងពិពិធកម្ម តាមរយៈការបង្កើនការ វិនិយោគ លើការស្រាវជ្រាវ និងអភិវឌ្ឍពូជដំណាំ ពូជសត្វ និងការចិញ្ចឹមត្រី ដែលផ្តល់តម្លៃបន្ថែមខ្ពស់។ ជំរុញការអភិឌ្ឍកសិដ្ឋានគំរូ ការផ្តល់សេវាបច្ចេកទេស ការពង្រឹងការគ្រប់គ្រងសហគមន៍កសិកម្ម ការផលិតកម្មកសិកម្មតាមកិច្ចសន្យា ការបន្តកាត់បន្ថយថៃ្ល និងពង្រឹងគុណភាពនៃធាតុចូលកសិកម្ម ព្រមទាំងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត និងឌីជីថល។ ទី៣-ចូលរួមលើកកម្ពស់ឧស្សាហកម្មកែចៃ្ន តាមរយៈការជំរុញឲ្យមានការវិនិយោគឯកជនលើកសិផល ដែលមានសក្តានុពល ដូចជា ស្រូវ ដំទ្បូងមី ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ បន្លែ ជាដើម។ ការកែលម្អនូវបរិយាកាសធុរកិច្ច សំដៅសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើម ព្រមទាំងបង្កើនការវិនិយោគ និងឥណទានលើការអភិវឌ្ឍ និងស្រាវជ្រាវដើម្បីគាំទ្រដល់ការបង្កើតការងារ និងជំរុញកំណើនអាជីវកម្មធុនតូច និងមធ្យមក្នុងស្រុក។ ទី៤- បន្តជំរុញការដាំបន្លែគ្រប់ប្រភេទជំនួសឲ្យការនាំចូល និងសម្របសម្រួលការរៀបចំបង្កើតទីផ្សារបោះដុំ និងចែកចាយបន្លែ ដែលមានស្តង់ដារ និងអនាម័យខ្ពស់។ ទី៥-ធ្វើកសិកម្មចម្រុះទៅតាមសក្តានុពល នៃភូមិសាស្ត្រនីមួយៗ ដោយមិនត្រូវធ្វើតែស្រែមួយមុខនោះឡើយ ហើយមន្ត្រីជំនាញត្រូវជួយ ផ្សព្វផ្សាយអំពីបច្ចេកទេស កសិកម្មសមស្រប ការគិតគូរអំពីតម្រូវការទីផ្សារ ជៀសវាងការធ្វើតាមគ្នា ដោយពុំមានផែនការច្បាស់លាស់។ ទី៦-ត្រូវជំរុញពាណិជ្ជូបនីយកម្មកសិកម្ម តាមរយៈការបន្តពង្រឹងប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ ការវិនិយោគបលើមន្ទីរពិសោធន៍ សម្រាប់នាំចេញ៕ ដោយ៖បញ្ញាស័ក្តិ