កណ្តាល ៖ រថយន្ត ២គ្រឿង បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន មួយបុក មួយទៀតកិន បណ្ដាលឲ្យស្លាប់ស្ត្រីម្នាក់យ៉ាងអណោចអធ័ម ។ ហេតុការណ៍នេះ កើតឡើង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក នៅចំណុចផ្លូវលេខ១២១០ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា មានរថយន្ត១គ្រឿងម៉ាកនីសាន់ ប្រភេទបែន ពណ៌ខៀវ ពាក់ផ្លាកលេខ តាកែវ 3A-1583 បើកបរដោយឈ្មោះខាន់ គឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិក្រាំងវែង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបើករថយន្តដឹកថ្ម ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានរថយន្តបែន ដឹកថ្ម ពណ៌ស ១គ្រឿង (មិនស្គាល់អត្តសញ្ញាណអ្នកបើកបរនិងស្លាកលេខ) បានបើកបុកជាមួយម៉ូតូ ម៉ាកហុងដា សេ៩០ ពណ៌ទឹកប៊ិច ប្រភេទគុបមូល ពាក់ស្លាកលេខកណ្ដាល 1K-2081 បើកបរដោយឈ្មោះ ប៉ាង បាន ភេទប្រុស អាយុ៣១ឆ្នាំមុខរបរកម្មករ (មិនពាក់មួក) មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល រួមដំណើរជាមួយឈ្មោះខាត់ មឿន ភេទស្រី អាយុ ៧២ឆ្នាំ មុខរបរកសិករ (ស្លាប់នៅកន្លែងកើតហេតុ) មានទីលំនៅភូមិ-ឃុំជាមួយគ្នា ដែលកំពុងបើកម៉ូតូស្របទិសគ្នា ពីមុខរថយន្ត ក្នុងទិសដៅពីលិចមកកើត បណ្ដាលឲ្យដួលម៉ូតូ ហើយត្រូវរថយន្តបែន ពណ៌ខៀវ ខាងលើកិនឈ្មោះខាន់ មឿន ចំមួយកំណាត់ខ្លួនមកក្រោម បណ្ដាលឲ្យដាច់ខ្យល់ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែករថយន្ត បានជ្រុលទៅបុករថយន្តបែន ពណ៌ស ខាងមុខបណ្ដាលឲ្យគៀប អ្នកបើកបរជាប់នៅក្នុងរថយន្ត លែងទៅណារួច រីឯរថយន្តបែន ពណ៌ស បានបើកគេចខ្លួនបាត់តែម្ដង ។
បន្ទាប់ពីសមត្ថកិច្ច ចុះពិនិត្យនិងវាស់វែង ទីកន្លែងកើតហេតុរួច បានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តបែន ពណ៌ខៀវ ត្រូវបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី ឲ្យឃាត់ខ្លួន និងដាក់ឲ្យព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកស្អាង ជាបណ្ដោះអាសន្នសិន ។
ករណីនេះ សមត្ថកិច្ចជំនាញ បាននិងកំពុង ស្រាវជ្រាវរករថយន្តបង្ក ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ