សៀមរាប ៖ មានករណី ប្លន់អ្នករត់ហាត់ប្រាណដោយមិនបានសម្រេច នៅត្រង់ចំណុច សាលាឆទានថ្ម ពាក់កណ្តាលភ្នំ តាមផ្លូវឡើងលើខ្នងភ្នំក្រោម កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅវេលាម៉ោង ៧ ព្រឹក ។ បន្ទាប់ពីធ្វើសកម្មភាពមិនបានសម្រេច ជនសង្ស័យម្នាក់ ប្រដាប់ដោយកាំបិតប៉័ងតោមួយ នៅក្នុងដៃ ត្រូវសមត្ថកិច្ច ចាប់ខ្លួនបាន។
តាមការបញ្ជាក់របស់លោក វរសេនីយ៍ឯក សេង វាសនា ប្រធានការិយាល័យនគរបាលការពារបេតិកភណ្ឌ បានអោយដឹងថា ៖ ជនរងគ្រោះមានឈ្មោះ សុខ ខៀន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅ ភូមិពោធិ៍ក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាបបានរត់ហាត់ប្រាណជាប្រចាំនៅលើខ្នងភ្នំក្រោម រីឯជនសង្ស័យមានឈ្មោះ នុត សំ ហៅ ឃ្លោក អាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទី០៣ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប មានម្ដាយឈ្មោះ ឡម លៀង និងឪពុក ឈ្មោះ នុត សុំ ទីលំនៅបច្ចុប្បន្ន ភូមិទី៣ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។ នៅពេលជនរងគ្រោះរត់ហាត់ប្រាណ មកដល់ចំណុចខាងលើ ជនសង្ស័យបានធ្វើសកម្មភាព យកកាំបិតប៉័ងតោ មកគំរាម សំឡុតយកប្រាក់ និងខ្សែដៃ ហើយមានការប្រតាយប្រតប់គ្នា បណ្តាលឲ្យជនរងគ្រោះរបួសដៃទាំងពីរ។ ជនរងគ្រោះ បានរត់ចុះមកក្រោម ដើម្បីប្តឹងសមត្តិកិច្ច ដែលនៅប្រចាំការនៅគោលដៅនោះ ។ ក្រោយពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះ កម្លាំងនគរបាលការពារបេតិកភណ្ឌ ដែលប្រចាំការនៅតំបន់នោះ បានសហការជាមួយប្រជាការពារ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏បានឡើងល្បាតតាម ទៅលើភ្នំ តែមិនឃើញ ប៉ុន្តែដោយជនរងគ្រោះ ធ្លាប់ឲ្យប្រាក់ និងបានស្គាល់ជនសង្ស័យច្បាស់ ទើបបានឈានទៅការចាប់ជនសង្ស័យបាន នៅផ្ទះរបស់ខ្លួនផ្ទាល់ ។
ហើយជនសង្ស័យ បានយកកាំបិតទៅលាក់ទុកនៅ ចំណុចខាងលិចជ្រុងខាងជើងខឿនប្រាសាទ លើខ្នងភ្នំក្រោម ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ក៏បានបញ្ជូនជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប យកទៅសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ ៖ កូឡាប