មន្ទីរពេទ្យ Yahee នៅក្នុងទីក្រុងបាងកក (ថៃ) បានធ្វើការ «ជួសជុល» កន្លែងរបួសរបស់យុវតីវ័យ ១៧ ឆ្នាំ ម្នាក់ ដោយជោគជ័យ បន្ទាប់ពីគ្រូបង្រៀនរបស់នាងត្រូវបានចោទប្រកាន់គប់ពែងតែដាក់នាង បណ្តាលឲ្យទ្រង់ទ្រាយមាត់របស់នាងដ៏គួរឲ្យអាសូរ ។
ប្អូនស្រីឈ្មោះ Narudee Jodsanthia ជាសិស្សរៀននៅសាលា Chokchai Samakkee នៅក្នុង Nakhon Ratchasima បានទទួលការព្យាបាលពីមន្ទីរពេទ្យ Yanhee ដែលមានឯកទេសក្នុងការវះកាត់កែសម្ផស្សដ៏ជំនាញបំផុត ។
Sanook បាយរាយការណ៍ថា នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធ ក្រុមវេជ្ជបណ្ឌិតបាននិយាយថា ពួកគេបានចេញវេជ្ជបញ្ជាព្យាបាលដោយការហាត់ប្រាណ, វិធីចាក់ម្ជុលព្យាបាល និងប្រើប្រាស់ថ្នាំដ៏ទំនើប ដល់ Narudee ហើយបន្ទាប់រយៈពេល ៥ ខែ ផ្ទៃមុខរបស់នាងបានវិលត្រឡប់មកស្ថានភាពធម្មតាវិញ ។
កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ គ្រូបង្រៀនរបស់នាងឈ្មោះ Paithoon Klaengkrathok ត្រូវបានចោទប្រកាន់ថាបានគប់ពែង១ដាក់នាង ក្នុងអំឡុងពេលបង្រៀន បន្ទាប់ពីនាងបានបដិសេធអង្គុយនៅលើដី នៅឯសាលារៀនរបស់នាង ព្រោះតែវាក្តៅពេក ។
ពែងតែនោះបានវាយប្រហារទៅលើផ្នែកខាងឆ្វេងនៃថ្ងាសរបស់នាង ហើយបន្ទាប់ភ្លាមៗនោះ នាងក៏ចាប់ផ្តើមមានការលំបាកក្នុងការបិទមាត់ និងភ្នែកឆ្វេង ។ ទីបំផុត មាត់របស់នាងបានទាញខើចទៅម្ខាងដ៏អាក្រក់តែម្តង ។
ម្តាយរបស់ Narudee បានរាយការណ៍រឿងរ៉ាវនេះទៅកាន់ប្រព័ន្ធផ្សាយ បន្ទាប់ពីសាលារៀនបដិសេធបង់សម្រាប់ថ្លៃចំណាយការព្យាបាលរបស់នាងចំនួន ៣ សែនបាត ។
បន្ទាប់ពីរឿងរ៉ាវនេះបានផ្ទុះឡើង គ្រូបង្រៀននោះត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមធ្ងន់ធ្ងរ ។ ទោះយ៉ាងណា Paithoon បានអះបដិសេធចំពោះការចោទប្រកាន់នេះ និងអះអាងថា គាត់ពុំមានបំណងវាយប្រហារលើផ្ទៃរបស់កូនសិស្សម្នាក់នេះទេ ហើយគ្រាន់តែគប់ថូផ្កាទៅកាន់បង្អួចប៉ុណ្ណោះ ។ គាត់បាននិយាយថា ពែងតែនោះបានរ៉េចេញ និងវាយប្រហារ Narudee តែម្តងទៅ ។
Paitoon គ្រោងតតាំងនឹងការចោទប្រកាន់នេះនៅតុលាការ ។ គាត់នឹងប្រឈមមុខការកាត់ទោសជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងក៏អាចពិន័យជាប្រាក់ ២ ម៉ឺនបាតផងដែរ ប្រសិនបើគាត់ត្រូវបានរកឃើញថាមានទោសនោះ ៕
ដោយ៖ ចន្ទី
ប្រភព៖ pattayaone.news