Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា និង​បទ​ផលិត ឬ​ចរាចរណ៍​អាវុធ​សម្រាប់​ប្រហារ​ផ្សេងៗ

បន្ទាយមានជ័យ​៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ហិង្សា​ដោយ​ចេតនា និង​បទ​ផលិត ឬ​ចរាចរណ៍​អាវុធ សម្រាប់​ប្រហារ​ផ្សេងៗ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣​នាក់ នៅ​ចំណុច​បរ​វេណ​កាស៊ីណូ​ផ្កាយ​ប្រាំ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ២ និង ៣០​នាទី ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានអោយដឹងថា ៖ ដោយ​ទទួលបាន​ព័ត៌មាន អំពី​ករណី​ក្មេង​ទំនើង បង្ក​ការអុកឡុក​នៅ​ចំណុច​បរ​វេណ​កាស៊ីណូ​ផ្កាយ​ប្រាំ លោក​បាន​ធ្វើ​សេចក្តីរាយការណ៍​ទៅ លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សុំ​វិធានការ​អនុវត្តន៍ និង​ដោយ​ទទួល បាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង ចុះ​ប្រតិបត្តិការ​បង្ក្រាប រហូត​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ៣​នាក់ ១-​ឈ្មោះ មាស សុភ័ក្ត្រ (​ហៅ ចិន​) ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​បណ្តោះអាសន្ន ក្នុង​ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ២-​ឈ្មោះ ចិន ស័​ក្ត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ៣-​ឈ្មោះ ញ៉ ឆា​រ៉ា​ន់ ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​រឹបអូស​វត្ថុតាង​រួមមាន ៖ -​កាំភ្លើងខ្លី​ប្រើ​ហ្គាស ១​ដើម -​កាំបិតផ្គាក់​ដង​ឈើ ១​ដើម -​អង្រែបុកគ្រឿង ១​ដើម -​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ២​កូន​ថង់​តូច ។ បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន និង​ទទួលបាន​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ខាងលើ លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បាន​ចាត់តាំង​មន្ត្រី​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​
​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់​ថា ៖ បន្ទាប់​ពី​កម្លាំង​ជំនាញ​ធ្វើ​ការសាកសួរ ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា ៖ នៅវេលា​ម៉ោង​ប្រមាណ ២ ក្រុម​ខ្លួន​មាន​គ្នា​ប្រមាណ ៤​នាក់ បាន​នាំគ្នា​ដើរ​លេង លុះ​ទៅដល់​ចំណុច​ផ្សារ​រ៉ា ស្រាប់តែ​មាន​ក្មេង ០១​ក្រុម​ផ្សេង​ទៀត​មក​សំឡុត និង​ដេញ​វ៉ៃ​ក្រុម​ខ្លួន ហើយ​ក្រុម​ខ្លួន​មាន​កំហឹង ជាខ្លាំង​បាននាំគ្នា​ទៅផ្ទះ និង​យក​អាវុធ​រៀងៗ​ខ្លួន ដើម្បី​មក​សងសឹក ជាមួយ​ពួកក្មេង​ដែល​ដេញ​វ៉ៃ​ពួកខ្លួន​នោះ ។ លុះ​មកដល់​ចំណុច​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ ក៏​បាន​ជួប​ក្រុម​ក្មេង​ដែល​ដេញ​វ៉ៃ​ក្រុម​ខ្លួន ហើយ​ក្រុម​ខ្លួន​ក៏​បាន​ដក​កាំភ្លើង​ផ្ជង់ និយក​កាំបិត​ដេញ​កាប់​ក្មេង​ទាំងនោះ តែ​មិន​បាន​បង្ក​ឲ្យ មាន​របួស​ស្នាម​ឡើយ ពេល​កំពុង​ដេញ​កាប់​គ្នា ស្រាប់តែ​មាន​កម្លាំង​កង​រាជ​អាវុធហត្ថ មក​ចាប់​ឃាត់ខ្លួន​តែម្តង ចំណែក​គ្រឿងញៀន គឺ​ក្រុម​ខ្លួន​បាន​ទិញ​ពី​ជន​មិន​ស្គាល់ឈ្មោះ ដើម្បី​យកមក​ប្រើប្រាស់ ។

ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ និង​យោងតាម​របាយការណ៍ របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទ ហិង្សា​ដោយ​ចេតនា និង​បទ​ផលិត ឬ​ចរាចរណ៍​អាវុធ​សម្រាប់​ប្រហារ​ផ្សេងៗ បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕​ ​ដោយ​៖​កូឡាប​