Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ស្មៀនឃុំ​សំបូរ និង​បងប្រុស​រង​ការ​ចោទថា បាន​លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ​ទៅ​ឈរ​ឈ្មោះ​បេក្ខជន​តំណាងរាស្ដ្រ​អាណត្តិ​ទី​៦

​ខេត្ត​កំពង់ធំ​ ៖ ប្រភព​ព័ត៌មាន​មួយ​បាន​អះអាង​ថា ស្មៀន​ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ មានឈ្មោះ លោក ហួ​ង ធាន​មុយ ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត របស់លោក ហួ​ង ធាន​ទៀង អនុប្រធាន​ទី​១ នៃ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ដឹកនាំ​ដោយ លោក លន់ ឬ​ទ្ធិ ពិតជា​ថ្លើមធំ​មែន​។ ថ្លើមធំ​ក៏​ដោយសារ​តែ​នៅក្នុង​ព្រឹត្តិ​ការណ៍បោះឆ្នោត​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ លោក​ស្មៀនឃុំ​រូបនេះ​បាន​លួច​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​លេខ​រឿង​ទី​១ អោយ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ប្រចាំ​មណ្ឌល​កំពង់ចាម ដោយ​មិន​បាន​ដាក់​ពាក្ស​សុំ​ច្បាប់​ឈប់សម្រាក់​ពិសេ​សដូច លោក ប៉ុល សារឿ​ន លោក គន់ គីម និង​លោក មាស សុភា នោះឡើយ​។​

ប្រភព​ព័ត៌មាន​ដដែល ក៏​បាន​ចោទ​ថា លោក​ស្មៀន ហួ​ង ធាន​មុយ បាន​ឃុបឃិត​ជាមួយ​បងប្រុស​ឈ្មោះ ហួ​ង ធាន​ទៀង ដែល​ជា​អនុប្រធាន​ទី​១ នៃ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ បាន​រួមដៃគ្នា​ក្លែងបន្លំ​ឯកសារ​សាធារណៈ លួច​យក​ឈ្មោះ​មន្ត្រី​កិច្ចសន្យា​ឃុំ​សំបូរ​ម្នាក់ គឺ លោកស្រី ហុឹម ឈុន​ហុង ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ​លេខ​រឿង​ទី​៨ អោយ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ប្រចាំ​មណ្ឌល​កំពង់ចាម​ជាមួយ​ខ្លួន ដោយ​ម្ចាស់​ខ្លួនគេ​មិន​បានដឹង​អ្វី​បន្តិច​ទាល់តែសោះ​។ ប្រភព​អះអាង​ថា រឿង​ខាងលើ​នេះ ទើប​បាន​បែកធ្លាយ​នៅពេល​អាជ្ញាធរ​ស្រុក​ប្រាសាទ​សំបូរ បាន​ចុះ​ស្រាវជ្រាវ ទើប​លោកស្រី ហុឹម ឈុន​ហុង បានដឹង​រឿង​នេះ និង បាន​ធ្វើ​លិខិត​បដិសេដ​ផងដែរ​។​

​តាម​ប្រភព​បាន​អោយដឹងទៀតថា ស្មៀន​ឃុំ​សំបូរ លោក ហួ​ង ធាន​មុយ ជា​សមាជិក​សំខាន់​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​សំបូរ ប៉ុន្តែ​មួយ​រយះពេល ចាប់តាំងពី​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោះ​មក ស្មៀន​រូប​នេះ ដូចជា​ប្លែក​ខុស​ពេលមុន ដោយ​រូបលោក​មិនសូវ​បាន​ទៅ​បំពេញ​ការងារ​ខ្លួន​ទេ ដោយ​រូបគេ​នៅ​ប្រឹង​ជួយ​រក​កម្លាំង​គាំទ្រ​អោយ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ទៅវិញ ដែល​សកម្ម​ភាព​​នេះ​ជា​អំពើ​ក្បត់បក្ស​ឯង លួច​ចូលបក្ស​គេ ឬ​ហៅ​ថា​ជន​ក្បត់​បក្ស​..​.។​

​ប្រភព​ដដែល​បានឲ្យដឹងថា ស្មៀន​ឃុំ​សំបូរ គឺ​លោក ហួ​ង ធាន​មុយ និង​លោក ហួ​ង ធាន​ទៀង ដែល​ត្រូវ​ជា​បង បាន​យកឈ្មោះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់​ក្រ​សៅ ដែល​ជា​ស្រុកកំណើត​ខ្លួន និង​ឈ្មោះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​សំបូរ សរុប​ចំនួន​៨​នាក់ ទាំង​លោកស្រី ហុឹម ឈុន​ហុង ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ អោយ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ប្រចាំ​មណ្ឌល​កំពង់ចាម​ជាមួយ​ខ្លួន ដែល​លេខ​រៀង​ទី​២ ដល់ លេខ​រៀង​ទី​៩ នៃ​បញ្ជីរ​បេក្ខជន​តំណាងរាស្ត្រ​។​

​តាម​ប្រភព​ពី​អតីត​អ្នក​ធ្លាប់​គាំទ្រ គណបក្ស​ខ្មែរ​សាធារណរដ្ឋ បានអោយដឹងថា លោក ហួ​ង ធាន​មុយ និង​លោក ហួ​ង ធាន​ទៀង ជា​មនុស្ស​មាន​អំណាច​ខ្លាំង​នៅក្នុង​បក្ស​មួយ​នេះ ដោយសារ​ពួកគេ​សម្បូរ​លុយ ហើយ​លោក​ប្រធាន លន់ ឬ​ទ្ធិ ក៏​ពេញចិត្ត​ពួក​ទាំងពីរ​នេះ​ជាង​មន្ត្រី​បក្ស​ជាច្រើន​ទៀត​។​

សូម​រំលឹក​ថា ក្នុងចំណោម​គណបក្ស​១៦ គឺ​គណបក្ស​១៥ គេ​បាន​ចូលរួម​នៅក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ និង​ត្រូវបាន​ព្រះមហា​ក្សត​ចេញ​ព្រះរាជ​ក្រិត​តែង​មុខតំណែង​រួចហើយ នៅឡើយ​តែ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​មួយ​ប៉ុណ្ណោះ​។

ប្រភព​ព័ត៌មាន​បាន​អោយ​ដឹង​ទៀត​ថា នៅមុន លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ប្ដូរ​ទីកន្លែង​ឃុំឃាំង ពី​ត្រពាំងផ្លុង​មក​ឃុំខ្លួន នៅក្នុង​ផ្ទះ​នា​រាជធានី​ភ្នំពេញ​វិញ​នោះ លោក លន់ ឬ​ទ្ធិ ដែល​ជា​ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ក៏​បាន​ទូរស័ព្ទ​ទៅ​សម្ដេច សាយ ឈុំ ដើម្បី​រក​លេខ​ទូរស័ព្ទ​ឯក​ឳ​ត្ត​ម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ហើយ​ត្រូវ​សម្ដេច សាយ ឈុំ ឆ្លើយ​ថា​ជាប់​ជិះ​កា​រណូត ទូរស័ព្ទ​ម្ដង់ទៀត សម្ដេច សាយ ឈុំ ឆ្លើយថា ជាប់​ជិះ​កា​រណូត​ដដែល ពេលនោះ លោក លន់ ឬ​ទ្ធិ បាន​និយាយ​ទៅ សម្ដេច សាយ ឈុំ ថា សូម​លោក​ជួយ​ប្រាប់​អោយ លោក ប៊ិន ឈិន ទូរស័ព្ទ​មក​គាត់ (​លន់ ឬ​ទ្ធី​)​ផង ដោយ លោក លន់ ឬ​ទ្ធិ មិនបាន​ប្រើ​ពាក្យ​សម្ដេច ឬ​ឯកឧត្តម​នោះទេ នាពេលនោះ​។

ប្រភព​ឲ្យដឹង​ទៀតថា បន្ត​មក​ទៀត គឺ​នៅ​ក្រោយ​ប៉ុន្មាន​នាទី លោក លន់ ឬ​ទ្ធិ ក៏​រក​លេខ​ទូរស័ព្ទ​ឯកឧត្តម ប៊ិន ឈិន បាន​ពី​អ្នក​រាប់អាន​ម្នាក់ ហើយ​ពេលនោះ លោក លន់ ឬ​ទ្ធិ ក៏​បាន​ទូរស័ព្ទ​ជួប​ឯកឧត្តម ប៊ិន ឈិន ហើយ​លោក លន់ ឬ​ទ្ធិ បាន​សួរថា លោក ប៊ិន ឈិន មែន​ទេ ខ្ញុំ​លន់ ឬ​ទ្ធិ ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដោយសារ​ពាក្ស​និយាយ​ខ្វះ​ការគួរសម ធ្វើអោយ​ឯកឧត្តម ប៊ិន ឈិន ឆ្លើយថា​មិន​មែន​ទេ ប៉ុន្តែ​អាច​បញ្ជាក់បាន​ថា គឺ​ឯកឧត្តម ប៊ិន ឈិន ត្រង់​គាត់​ឆ្លើយតប​ថា មានការ​អី​ទាក់ទង​ទៅ ផល​វរុណ (​ឯកឧត្តម ឈឹម ផល​វរុណ​) បាន​ហើយ រួច​គាត់​ក៏​បិទ​ទូរស័ព្ទ​តែម្ដង​។​

​ចំណែក​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ដែល​ជា​ថ្ងៃ លោក កឹម សុខា ត្រូវ​ប្ដូ​ពីការ​ឃុំឃាំង​ពី​ត្រពាំងផ្លុង​មក​ឃុំខ្លួន នៅក្នុង​ផ្ទះ​នា​រាជធានី​ភ្នំពេញ​នោះ លោក លន់ ឬ​ទ្ធិ ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ក៏​បាន​បញ្ជូន​បញ្ជីរ​ថ្នាក់ដឹកនាំ​គណបក្ស​ខ្លួន​បី​រូប ឲ្យចូល​រួមនៅក្នុង​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់ ដោយ​អោយ​អ្នករត់​ម៉ូតូឌុប​ឈ្មោះ អាង ផានិត ដែល​ជា​មនុស្ស​ជំនិត​ខ្លួន និង​ជា​អ្នក​ស​សេរ ព្រមទាំង​អាន​លិខិតស្នាម​នានា​ជូន​គាត់​(​លន់ ឬ​ទ្ធី​) គ្រប់​ពេល​នោះ​ដោយ លោក លន់ ឬ​ទ្ធិ មិនចេះ​អក្ស​ខ្មែរ កាន់​យក​លិខិត​នោះ ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​ប្រគល់​ជូន​ឯកឧត្តម ឈឹម ផល​វរុណ សម្រាប់​ដាក់​ជូន​សម្ដេច​តេជោ ហ៊ុន សែន ធ្វើ​លិខិត​ថ្វាយ​ព្រះមហា​ក្សត​ចេញ​ព្រះរាជក្រិត្យ​តែងតាំង ប៉ុន្តែ​ដោយ​លោក លន់ ឬ​ទ្ធិ បានលឺ​ព័ត៌មាន​ថា លោក កឹម សុខា ត្រូវ​ដោះលែង លោក លន់ ឬ​ទ្ធិ បាន​បញ្ជា​អោយ​ដោយ​អោយ​អ្នករត់​ម៉ូតូឌុប​ឈ្មោះ អាង ផានិត ដែល​ជា​មនុស្ស​ជំនិត​ខ្លួន​កាន់​យក​លិខិត​នោះ​មក​វិញ​ទៅ រួច​លោក លន់ ឬ​ទ្ធិ ក៏​ទូ​រស័​ព្ទ​ទៅ​ឯកឧត្តម ឈឹម ផល​ភិរុណ នៅវេលា​ម៉ោង​ខ្ទង់ ១១​ព្រឹក​ក្នុង​ថ្ងៃ​ដដែល ដោយ​ថា​គាត់​អាច​ពន្យា​ពេល​ដាក់​បញ្ជីរ​ឈ្មោះ​បាន​ទេ ហើយ​ពេលនោះ​ត្រូវ​ឯកឧត្តម ឈឹម ផល​វរុណ ឆ្លើយ​ថា​ពេល​ណា​ក៏​បាន​ដែរ អោយ​តែ​គណបក្ស ដែល​បាន​ចូលរួម​ជួប​សម្ដេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ដំបូង​។ ចំពោះ​មូលហេតុ​ដែល លោក លន់ ឬ​ទ្ធិ ឈប់​បញ្ជូន​បញ្ជីរ​ឈ្មោះ​ទៅ​ចូលរួម​នៅក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ក្នុង​ថ្ងៃ​លោក កឹម សុខា មក​ពី​ត្រពាំងផ្លុង​នោះ​ទំនងជា លោក លន់ ឬ​ទ្ធិ គិត​ថា​នយោបាយ​អាច និង​ប្រែប្រួល និង​ដោយសា​គាត់​ជា​មនុស្ស​គាំទ្រ​អាមេរិក​ល្អ​គ្រប់ពេល​ផង​ក៏​ផ្អាក់​សិន​ទៅ​។​

ករណី​នេះ​ប្រភព​ព័ត៌មាន ក៏​បាន​ស្នើរ​ឲ្យ លោក​អភិបាលស្រុក​សំបូរ និង​លោក​អភិបាល​ខេត្ត​កំពង់ធំ អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួង​មហាផ្ទៃ ព្រមទាំង​ស្ថាបន​តុលាការ​ជាដើម គួរ​បើក​ការស្រាវជ្រាវ​រឿង​នេះ​ជា​បន្ទាន់ ដើម្បី​នាំ​ខ្លួន​ជនខិលខូច​មក​ផ្ដន្ទាទោស​តាមច្បាប់​។​

​ទោះជា​បែប​នេះ​ក្តី គេហទំព័រ​” www.cen.com.kh” មិនទាន់​មាន​ប្រភព​ទាក់ទង លោក ហួ​ង ធាន​មុយ និង លោក ហួ​ង ធាន​ទៀង ដើម្បី​បំភ្លឺ​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ​បាន នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ​៕ ដោយ ៖ ដែនសីមា

 

spot_img
×