Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​IPU អបអរសាទរ​សមិទ្ធ​ផល និង​ការបោះឆ្នោត​នៅ​កម្ពុជា​

​ក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​ ៖ នៅពេល​អញ្ជើញ​ចូលរួម​មហាសន្និបាត​លើក​ទី​១៣៩ នៃ​សហភាព​អន្តរ​សភា​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស លោកស្រី ឃួន សុ​ដា​រី អនុប្រធាន ទី​២​រដ្ឋសភា និង​ជា​ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី Gabriela Cueva Barron ប្រធាន​សហភាព អន្តរ​សភា​(IPU) នៅ​ល្ងាច​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​។​

​នា​ឱកាស​នោះ លោកស្រី ឃួន សុ​ដា​រី បាន​ពាំនាំ​សារ​អបអរសាទរ​ពី សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូន​ចំពោះ​លោកជំទាវ ប្រធាន​សហភាព​អន្តរ​សភា ដែល​ខិតខំ​ប្រឹងប្រែង ក្នុងឋានៈ​លោកជំទាវ​ជា​ប្រធាន​សហភាព​អន្តរ​សភា ដែល​មាន​សមាជិក​ដល់​ទៅ​១៧៨​ប្រទេស​នៅ ទូទាំង​ពិភពលោក​ឆ្ពោះទៅរក​ភាព​ជោគជ័យ​។​

​ជាមួយគ្នានេះ ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា បាន​ជម្រាប លោកស្រី Gabriela Cueva Barron ពី​ការបោះឆ្នោត​ជា​សកល​នៅ​កម្ពុជា កាលពី ខែកក្កដា ឆ្នាំ​២០១៨ ដែលមាន គណបក្សនយោបាយ ចំនួន​២០ បាន​ប្រកួតប្រជែង ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់ ពី​គោលការណ៍​សេរី ពហុ​គណបក្ស​។​

​លោកស្រី​បាន​គូសបញ្ជាក់ថា ការបោះឆ្នោត​បាន​ឆ្លុះបញ្ចាំង​នូវ​ភាពយុត្តិធម៌ ត្រឹមត្រូវ ដោយមាន​អ្នកសង្កេតការណ៍​មួយចំនួន​ហៅថា ដំណើរការ ប្រជាធិបតេយ្យ​ដ៏​ត្រឹមត្រូវ និង​ស្ថេរភាព​ជាទូទៅ​នៅ​កម្ពុជា​។ មាន​អ្នកចូលរួម​បោះឆ្នោត​ជិត​៧​លាន​នាក់ បើ​គិត​ជា​ភាគរយ​៨៣.០២% នៃ​អ្នក​ចុះឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​សរុប​។ អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន​៥៣៩​នាក់ មកពី​ប្រទេស​ជាង​៥០​ប្រទេស ក្នុងចំណោម​នោះ​មក​ពី​ស្ថាប័ន​អន្តរជាតិ រួមមាន គណបក្ស​នយោបាយ​អាស៊ាន សភា​អាស៊ី អន្តរ​សភា​អាស៊ាន និង​ក្រុមប្រឹក្សា​សហគមន៍​អឺរ៉ុប ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ដើម្បី​ជា​សាក្សី តាមដាន​ពិនិត្យ មើល​លើ​ការអនុវត្ត លទ្ធិប្រជាធិបតេយ្យ​ពោរពេញ​ដោយ​សន្តិវិធី​ដែល​ជា​ឱកាស​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។​

​លោកស្រី​ឃួន សុ​ដា​រី បាន​ពន្យល់​បន្ថែម​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ជា​ការ​ពិត​របស់​កម្ពុជា ដែល​មជ្ឈដ្ឋាន​ខាងក្រៅ និង​ពួក​អគតិ មួយ​ក្តាប់​តូច នាំគ្នា​ដើរ​បំភ្លៃ​ការពិត បោកប្រាស់​អន្តរជាតិ ក្នុង​ចេតនា​យង់ឃ្នង ក្នុង​ការបំផ្លិចបំផ្លាញ​ជាតិ​កម្ពុជា ដែល​កំពុង​តែ​រីកចម្រើន​ឥតឈប់ឈរ ក្នុង​កំណើន​សេដ្ឋកិច្ច​៧%​ជា​ប្រចាំ​ឆ្នាំ​។​

​លោកស្រី ឃួន សុ​ដា​រី ក៏​បាន​អញ្ជើញ​លោក​ជំទាវ​ប្រធាន​សហភាព​អន្តរ​សភា ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​២៧​របស់​វេទិកាសភា​អាស៊ី​-​ប៉ា​សុ​ី​ហ្វិក ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ ក្នុងឋានៈ​ជា​ភ្ញៀវកិត្តិយស និង​ស្នើ​លោកជំទាវ​ពិនិត្យ​អំពី​ស្ថានភាព របស់​កម្ពុជា​ផង​ដែរ​។​

​លោកស្រី Gabriela Cueva Barron បាន​ឯកភាព​ការលើកឡើង​របស់ លោកស្រី ឃួន សុ​ដា​រី និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​កម្ពុជា សម្រេចបាន ជាពិសេស​លទ្ធផល​ដ៏​ជោគជ័យ​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៨ បាន​បង្ហាញ​អំពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ពិតប្រាកដ​នៅ​កម្ពុជា​៕ ដោយ​៖​កូឡាប​

×