ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យលើឯកសារទស្សនទាន សម្រាប់ធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រសមាហរណកម្មកម្ពុជា (Cambodia Trade Integration Strategy – CTIS) ២០១៩-២០២៣ សម្រាប់អាណត្តិថ្មីនៃរដ្ឋាភិបាល។
ថ្លែងនៅក្នុងសុន្ទរកថាបើកអង្គប្រជុំ លោក រដ្ឋមន្ត្រី បានជម្រាបថា យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម គឺជាឯកសារយុទ្ធសាស្ត្ររបស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជំរុញការធ្វើសមាហរណកម្មពាណិជ្ជកម្ម ពិពិធកម្មទីផ្សារ និងផលិតផលសម្រាប់នាំចេញ។ ឯកសារយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០០១ ដោយផ្ដោតជាចំបងលើការធ្វើសមាហរណកម្មរបស់កម្ពុជា ចូលក្នុងទីផ្សារពិភពលោក និងជំរុញការចូលរបស់កម្ពុជានៅ ក្នុងអង្គការពាណិជ្ជកម្មពិភពលោក ក្នុងឆ្នាំ២០០៣ ហើយបានធ្វើបច្ចុប្បន្នភាពលើកទី១ នៅក្នុងឆ្នាំ២០០៧ ដែលបានបង្កើតជាសរសរស្ដម្ភចំនួនបី នៅក្នុងយន្តការជំរុញការអភិវឌ្ឍពាណិជ្ជកម្មមួយ ដែលហៅថា អភិក្រមគ្របដណ្ដប់លើវិស័យពាណិជ្ជកម្ម (Trade SWAp)។ ក្រសួងពាណិជ្ជកម្ម បានបន្តសម្រិតសម្រាំងយុទ្ធសាស្ត្រ CTIS នេះជាបន្ដបន្ទាប់ ដោយបានធ្វើបច្ចុប្បន្នភាពលើកទីពីរនៅឆ្នាំ២០១៤ ទាន់ពេលវេលាជាមួយនឹងការចាប់ផ្ដើម ASEAN Economic Community នៅខែធ្នូ ឆ្នាំ២០១៥។ ប្រធានបទរបស់ CTIS 2014-2018 គឺសង្កត់ធ្ងន់លើកាលានុវត្តភាព និងបញ្ហាប្រឈមរបស់កម្ពុជា ក្នុងការពង្រីក និងធ្វើពិពិធកម្មការនាំចេញ ព្រមទាំងសិក្សាយ៉ាងលម្អិត លើការធ្វើសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ និងទីផ្សារដទៃទៀត។
នៅក្នុងឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្ម បានសម្រេចរៀបចំសារជាថ្មី ការធ្វើបច្ចុប្បន្នភាពលើកទីបីលើឯកសារយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា CTIS 2019-2023 ក្រោមការគាំទ្រហិរញ្ញវត្ថុពីអង្គការ Enhanced Integrated Framework (EIF) ក្នុងគោលបំណងសម្រិតសម្រាំង និងបង្កើតជាយុទ្ធសាស្ត្រមួយ ដែលឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន ក៏ដូចជាបង្កើតជាសកម្មភាពអាទិភាព សម្រាប់អនុវត្តគោលនយោបាយទាក់ទង នឹងពាណិជ្ជកម្ម ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងចក្ខុវិស័យ ២០៣០ របស់រាជរដ្ឋាភិបាល។ ប្រធានបទចម្បងសម្រាប់ការធ្វើបច្ចុប្បន្នភាពលើកនេះគឺ ១) ពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីគាំទ្រដល់ការវិវត្តចេញពីប្រទេស LDC និង ២) ទាញយកផលប្រយោជន៍ពីប្រភពកំណើនថ្មី ជាពិសេសសេវាកម្ម និងបដិវត្តឧស្សាហកម្មទី៤ (Industrial Revolution 4.0)។
នៅក្នុងកិច្ចពិភាក្សានាឱកាសនោះ តំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធក៏បានចូលរួមយោបល់មួយចំនួន ដើម្បីជាមតិ និងធាតុចូលបន្ថែមលើឯកសារទស្សនទាន ដែលជាឯកសារគោលសម្រាប់ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រមួយ ដែលមានបរិយាប័ន្ន និងគ្របដណ្ដប់គ្រប់ជ្រុងជ្រោយ លើវិស័យទាក់ទងនឹងពាណិជ្ជកម្មទាំងអស់។ ការរៀបចំធ្វើបច្ចុប្បន្នភាពនេះ នឹងសង្ឃឹមថា រៀបចំឲ្យរួចរាល់ជាស្ថាពរ និងសម្ពោធនៅខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ៕ ដោយ ៖ បញ្ញាស័ក្តិ