ខេត្តព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី១៧ ខែតុលាឆ្នាំ ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបូកសរុបការងារ៩ខែ ឆ្នាំ២០១៨ និងលេីកទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំខាងមុខ។
ពិធីនោះ ក៏មានប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិចំនួន១៣៥នាក់ ក្នុងនោះក៏មានការតែងតាំងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់៣ថ្មី គឺលោកអនុសេនីយ៍ឯក អ៊ុក ផាន់រ៉េត ជំនួសលោកអនុសេនីយ៍ឯក ខៀវ វន្ថា នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ពីមុន ដែលត្រូវចូលនិវត្តន៍ផងដែរ។
តាមរបាយការណ៍បូកសរុបការងារ៩ខែ ឆ្នាំ២០១៨ ដែលអានដោយលោកឧត្តមសេនីយ៍ត្រី អុឹម វលក្ខណ៍ ស្នងការរង និងជាប្រធានសេនាធិការ កត់សំគាល់បង្ហាញថា៖ បទល្មើសព្រហ្មទណ្ឌកេីតឡេីងចំនួន ៦៦លេីក ក្នុងនោះបទល្មើសឧក្រិដ្ឋ១៨ លេីក/១១លេីក បទល្មើសមជ្ឈិម៤៨ លេីក/៤៤លេីក បទល្មើសខាងលើ បណ្ដាលឲ្យស្លាប់មនុស្ស៤នាក់ រងរបួស ១៣នាក់ និងបាត់បង់សម្ភារៈមួយចំនួន។
របាយការណ៍ដដែលក៏បានបង្ហាញថា លទ្ធផលនៃកិច្ចប្រតិបត្តិការ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន៦៦ករណី ស្មេីនឹង១០០% ឃាត់ខ្លួនជនសង្ស័យចំនួន១៣៧នាក់ បទល្មើសឧក្រិដ្ឋ១៨ ករណីឃាត់ខ្លួន៣២នាក់ បទល្មើសមជ្ឈឹម៤៨ករណី ឃាត់ខ្លួនមួយចំនួន។
ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ បានកេីតឡេីងចំនួន១៥៧លេីក/១៥៨លេីក បណ្ដាលឲ្យស្លាប់មនុស្ស៩៧នាក់/៤៨នាក់ ប្រៀបធៀបទៅនឹងរយៈពេល៩ខែ ឆ្នាំ២០១៧ មានការកេីនឡើង៤៩នាក់ រងរបួស ២៥៩នាក់ ខូចខាតរថយន្តចំនួន១៣៨គ្រឿង និង ម៉ូតូ១២៨គ្រឿង។
ចំណែកគ្រោះថ្នាក់អគ្គីភ័យ កើតឡេីង១៥លេីក/១៦ លេីក មានការថយចុះ១លេីក បណ្ដាលឲ្យឆេះផ្ទះ១២ខ្នង បន្ទប់ផ្ទះសំណាក់៤បន្ទប់ តូបកាត់សក់១ រថយន្ដ៤គ្រឿង រោងសិប្បកម្មផលិតទឹកកក១ ស៊ីទែនប្រេង១ ម៉ាស៊ីនភ្លើង១ ទូរ ATM១ និងស្លាប់មនុស្សម្នាក់។
កិច្ចប្រជុំដដែលនោះ ក៏បានធ្វេីពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិចំនួន១៣៥ នាក់ ក្នុងនោះថ្នាក់វរសេនីយ៍ត្រី៤០នាក់ ថ្នាក់អនុសេនីយ៍ឯក៤៨នាក់ ថ្នាក់អនុសេនីយ៍ទោ៣៥នាក់ ថ្នាក់អនុសេនីយ៍ត្រី១១នាក់ និង ថ្នាក់ព្រិន្ទបាលឯក១នាក់។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍អគុណ ចំពោះកងកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាសំរេចបានការងារជោគជ័យកន្លងមក។
ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើរឲ្យកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់គោរពវិន័យ ឲ្យមានស្មារតី សាមគ្គីភាព ពេលបំពេញការងារត្រូវ មានឆន្ទៈ ប្រកបដោយសីលធម៌ល្អ ។
ក្នុងនោះដែរ លោកស្នងការ បានថ្លែងកោតសរសើរ ចំពោះមុខលោកអនុសេនីយ៍ឯក ខៀវ វន្ថា នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ដែលត្រូវចូលនិវត្តន៍ នាពេលកន្លងមកនេះ លោកខៀវ វន្ថា មានស្នាដៃល្អ ក្នុងការដឹកនាំការងារ កិច្ចប្រតិបត្តិការ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមបានល្អ។
ក្នុងនោះដែរ លោកស្នងការ ជួន ណារិន្ទ ក៏បានជួយឧបត្ថម្ភថវិកា ជូនលោក ខៀវ វន្ថា ចំនួន២លានរៀលឧបត្ថម្ភគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាល ២៩ប៉ុស្តិ៍ ក្នុង១ប៉ុស្តិ៍ទទួលបានមី១កេសធំ និងភេសជ្ជៈមួយចំនួន។ រីឯអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ទទួលបាន មី៤កេសធំ និងភេសជ្ជៈ ។ ចំណែកស្រុកកំពង់សិលា និងស្ទឹងហាវ ទទួលបានមី២កេសធំ និងភេសជ្ជៈ ព្រមទាំងត្រីខ ទឹកស៊ីអ៊ីវមួយចំនួនផងដែរ៕ ដោយ ៖ ដែនសីមា