នេះគឺជាពេលវេលាដ៏រន្ធត់មួយ នៅពេលស្ត្រីម្នាក់បានធ្លាក់ចូលក្នុងអាងត្រីឆ្លាម ក្នុងកំឡុងពេលម៉ោងដាក់ចំណី នៅផ្សារទំនើបមួយក្នុងប្រទេសចិន។
តែជាសំណាងល្អ ស្ត្រីដែលមិនប្រយ័ត្ននោះ បានរួចផុតជីវិត ហើយគាត់ត្រូវត្រីឆ្លាមហែលក្រវែលចុះឡើងអស់រយៈពេល ២នាទី ពេលគាត់ធ្លាក់ចូល។
នៅពេលធ្លាក់ចូល ក៏មានសន្តិសុខ ២នាក់ប្រញ៉ាប់ប្រញាល់រត់មកជួយ ចុះលើកស្ត្រីនោះចេញពីអាង ដោយមិនមានរបួសអ្វីឡើយ។
ហេតុការណ៍ដ៏រន្ធត់នោះ បានកើតឡើងនៅផ្សារទំនើប Wuyue Plaza ស្ថិតក្នុងទីក្រុង Jiaxing នៃខេត្ត Zhejiang ប្រទេសចិន។
បើតាមវីដេអូដែលថតបាន ស្ត្រីនោះបានធ្លាក់ចូលប្រឡោះសម្រាប់ដាក់ចំណី ដែលគេបើកទុក ព្រោះវាជាម៉ោងដក់ចំណីដល់ពួកវា។ នៅក្នុងអាងនោះ មានកូនត្រីឆ្លាម ៣ ទៅ៤ក្បាល ដែលប្រភេទត្រីឆ្លាមនោះអាចរីកលូតលាស់បានរហូតដល់ ៣,៤ម៉ែត្រឯណោះ។
បើតាមអ្នកនាំពាក្យរបស់ផ្សារទំនើបបានឲ្យដឹងថា ស្ត្រីនោះជាបុគ្គលិករបស់ផ្សារទំនើប។ នាងទំនងទៅប្រជុំយឺត ដូច្នេះនាងបានរត់ផ្លូវកាត់យ៉ាងប្រញ៉ាប់ ហើយក៏បានធ្លាក់ចូលអាងតែម្តង៕ សុភ័ក្ត្រ
ប្រភព៖ upi