Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពានឈើ​ប្រវែង​១៨៣​ម៉ែត្រ ក្នុង​ប្រវែង​សរុប​ ២៦៣ ​ម៉ែត្រ នៅ​ប្រាសាទបេង​មា​លា ត្រូវបាន​​ជួសជុល​ស្ពានឈើ​ឡើងវិញ ខណៈ​ស្ពាន​ចាស់​មាន​ភាព​ពុកផុយ​ដោយ​អន្លើ​

​សៀមរាប​៖ ប្រាសាទបេង​មាលា បើ​ទោះបី​ស្ថិតនៅ​ឆ្ងាយ​ពី​តំបន់​អង្គរ ហើយ​មាន​ការបែកបាក់​ច្រើន ក៏ប៉ុន្តែ​នូវ​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​លើ​ស្ថាបត្យកម្ម​សំណង់ ទេសភាព ពិសេស​ស្ពានឈើ​សម្រាប់​ដើរ​ទស្សនា​ប្រាសាទ​។​

​ប៉ុន្តែ​ដោយសារ​កត្តា​អាយុកាល អាកាសធាតុ បានធ្វើឱ្យ​ស្ពានឈើ​ដែល​សង់​ឡើង​កាលពី​ឆ្នាំ​២០០២ រង​នូវ​ការពុក​ផុយ​ដោយ​អន្លើរ​អាច​បង្ក​ឱ្យ​គ្រោះថ្នាក់ ហើយ​ស្ថានភាព​ស្ពាន​តូច​ចង្អៀត ពិបាក​ទេសចរ​ធ្វើ​ដំណើរ​និង​ដើរ​ជៀស​គ្នា​ផង​នោះ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ក្រុមហ៊ុន ខាំ សា​មេ​ត បាន​រុះ​ស្ពាន​ចាស់​ធ្វើ​ស្ពាន​ថ្មី​ទាំង​ស្រុង មាន​ទទឹង​មួយ​ម៉ែត្រ​កន្លះ ប្រវែង​១៨៣​ម៉ែត្រ ក្នុង​ប្រវែង​ស្ពាន​សរុប​២៦៣​ម៉ែត្រ​។​

​លោក​បណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ដំណើរការ​សាងសង់​ស្ពាន​ឈើ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នកទទួលខុសត្រូវ​លើ​បច្ចេកទេស​សាងសង់ រី​ឯ​ក្រុមហ៊ុន ខាំ សា​មេ​ត ជា​អ្នក​ផ្តល់​ថវិកា​ក្នុង​ការសាងសង់​។ សំណង់​ស្ពាន​ថ្មី​នេះ​ប្រើ​ឈើ​អស់​ចំនួន​ជាង​៨០​ម៉ែត្រគូប មាន​ឈើ​បី​ប្រភេទ គឺ​ផ្ចឹក គគីរ និង​រាំង ដែល​ធន់​នឹង​អាកាសធាតុ ហើយ​ធានា​គុណភាព​បាន​យូរ​ឆ្នាំ​។​

​លោក​បណ្ឌិត រដ្ឋា បន្តទៀតថា ការសង់​ស្ពាន​ថ្មី​នេះ​ធ្វើឡើង​ក្នុង​បំណង​ការពារ​សុវត្ថិភាព​អ្នកទស្សនា​ដែល​កើនឡើង​ជា​លំដាប់ ការពារ​មិន​ឱ្យ​ទេសចរ​ចុះ​ជាន់​លើ​ថ្ម​នាំ​ឱ្យ​រអិល​ឬ​ធ្លាក់​នាំ​គ្រោះថ្នាក់​ដល់​ខ្លួន ហើយ​ប៉ះពាល់​ដល់​ថ្ម​ប្រាសាទ និង​សម្រួល​ដល់​ការធ្វើដំណើរ​ជៀស​គ្នា​ថែមទៀត​។ ចំពោះ​ការសាងសង់​វិញ ក្រុមការងារ​បុរាណ​វិទូ​និង​ស្ថាបត្យករ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​យកចិត្តទុកដាក់​ខ្ពស់​និង​សិក្សា​យ៉ាង​ល្អិតល្អន់ ទាំង​ប្លង់ រួម​ទាំង​បញ្ជៀ​ស​ហានិភ័យ​ផ្សេងៗ​ដល់​ថ្ម​ប្រាសាទ​ដោយ​ការ​មិន​ជីកដី​ដាំ​សសរ បើ​កន្លែង​ប៉ះ​ថ្ម គឺ​ប្រើ​សំបក​កង់ឡាន​ទ្រាប់​ពីលើ​ជៀសវាង​ការ​កកិត​។ ដោយឡែក សម្រាប់​ស្ពាន​ចាស់ ដែល​មាន​ទំហំ​សមល្មម និង​មាន​ភាព​មាំទាំ​នៅឡើយ ក៏​ក្រុម​ការងារ​បន្ត​ការយកចិត្តទុកដាក់​ថែទាំ​ពង្រឹង​បន្ថែមទៀត​ដែរ​។​

​សូមបញ្ជាក់​ថា ស្ពានឈើ​ដែលជា​សោភ័ណភាព​មួយ​នៃ​ប្រាសាទបេង​មាលា​នេះ កើតឡើង​នៅ​ឆ្នាំ​២០០២ ដោយ​ក្រុមហ៊ុន​ភាពយន្ត​ហូលីវូដ​បាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ធ្វើ​ស្ពានឈើ​ចូលទៅក្នុង​ប្រាសាទ​សម្រាប់​ជញ្ជូន​សម្ភារៈ​ក្នុង​ការថត​ភាពយន្ត​និង​ជួយ​ផ្សព្វផ្សាយ​ដល់​ទេសចរ​ឱ្យ​ស្គាល់​ពី​ប្រាសាទបេង​មាលា​ផង​។ ក្រោយមក​ដោយ​កំណើន​ភ្ញៀវទេសចរ​កាន់តែ​កើនឡើង ធ្វើឱ្យ​ភ្ញៀវ​ខ្លះ​ជាន់​ថ្ម​ប្រាសាទ​ពេល​ដើរ​ទស្សនា ហើយ​មើលឃើញ​ពី​ប្រយោជន៍​នៃ​ស្ពានឈើ​នេះ​អាច​សង្គ្រោះ​ដល់​ប្រាសាទ​ផង​នោះ អាជា្ញធរ​​ជាតិ​អប្សរា​ក៏​បាន​បន្ត​ពង្រីក​ធ្វើ​ស្ពានឈើ​នេះ​ជា​បន្ត​ភ្ជាប់​ជាមួយ​ស្ពាន​ចាស់​រហូត​មក​សព្វថ្ងៃ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×