Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ផ្តាំ​ប្រតិភូ​យុវជន​កម្ពុជា ធ្វើការ​ផ្សព្វផ្សាយ​សមិទ្ធ​ផល​វិស័យ​ពាណិជ្ជកម្ម ឱ្យបាន​ច្រើន​

spot_img

​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្តិ បាន​ផ្តាំផ្ញើ​ប្រតិភូ​យុវជន​កម្ពុជា ដែល​នឹង​ទៅ​ចូលរួម​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន (SSEAYP) លើក​ទី​៤៥ ខិតខំ​ផ្សព្វផ្សាយ​ឱ្យបាន​ច្រើន អំពី​យុទ្ធសាស្ត្រ​សមាហរណកម្ម​កម្ពុជា (CTIS), សមិទ្ធផល​ការងារ​ក្រសួង​ពាណិជ្ជកម្ម និង​ផលិតផល​សក្តានុពល​នាំចេញ​សំខាន់ៗ ទៅ​ដល់​យុវជន​មកពី​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ជប៉ុន ដើម្បី​រួមចំណែក​លើក​ស្ទួយ​កិត្តិនាម​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​។​

“​ក្មួយៗ​ត្រូវ​ចេះ​ផ្សព្វផ្សាយ​គោលនយោបាយ​វិនិយោគ​, គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម និង​គោលនយោបាយ​លើក​ទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល ដល់​យុវជន​នៃ​ប្រទេស​ទាំងអស់ ពីព្រោះ​ប្រទេស​កម្ពុជា ត្រូវការ​គម្រោង​វិនិយោគ​ធំៗ​ជាច្រើន​ថែមទៀត ដើម្បី​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ និង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រទេសជាតិ​” លោក​ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​បណ្តាំ​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ប្រតិភូ​យុវជន​កម្ពុជា​ចំនួន ២៩​នាក់ ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ទាក់ទង​កិច្ចការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​របស់​រាជដ្ឋាភិបាល​កម្ពុជា នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១៨ ខែតុលា ឆ្នាំ​២០១៨​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​រម្លឹក​ប្រាប់​ប្រតិភូ​យុវជន អំពី​ដំណាក់កាល​សំខាន់ៗ​នៃ​ការកសាង និង​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធ​សាស្ត្រ CTIS ជំនាន់​ទី​១ ឆ្នាំ​២០០១ និង​ជំ​ទាន់​ទី​២ ឆ្នាំ​២០០៧ ដើម្បី​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​តំបន់ និង​ពិភពលោក​, ការបង្កើត​អភិក្រម​គ្របដណ្តប់​លើ​វិស័យ​ពាណិជ្ជកម្ម (Trade SWAp) ឆ្នាំ​២០០៨ ដើម្បី​កៀងគរ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​, ការអនុវត្ត​គោលនយោបាយ និង​កំណែទម្រង់ ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ និង​ការរៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ ដើម្បី​ការពារ​អត្ថប្រយោជន៍​វិស័យ​ឯកជន និង​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លើសពីនេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏​បាន​ស្នើ​ប្រតិភូ​យុវជន​កម្ពុជា ប្រកាន់ខ្ជាប់​នូវ​អត្តសញ្ញាណ និង​វប្បធម៌ ប្រពៃណី សីលធម៌ និង​​អត្ត​ចរិក​ថ្លៃថ្នូរ ដើម្បី​ស័ក្តិសម​ជា​យុវជន​តំណាងឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហ​ការ​​ល្អ​ជាមួយ​យុវជន​នៃ​ប្រទេស​ចូលរួម​ទាំងអស់​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ប្រតិភូ​យុវជន​កម្ពុជា​ទាំងអស់ ធ្វើ​ការតាមដាន​គេហទំព័រ និង​កម្មវិធី​បណ្តាញ​សង្គម Facebook និង YouTube របស់​ក្រសួង​ពាណិជ្ជកម្ម ឬ​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​អង្គភាព​សាធារណៈ​នៃ​ខុទ្ទកាល័យ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ ស្តីពី​សកម្មភាព​ការងារ​របស់​ថ្នាក់ដឹកនាំ និង​សមិទ្ធផល​ទាក់ទង​វិស័យ​ពាណិជ្ជកម្ម​របស់​រាជរដ្ឋាភិបាល​។​

​សូមជម្រាបថា កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន (SSEAYP) ត្រូវបាន​បង្កើតឡើង​ដំបូង​នៅក្នុង​ឆ្នាំ​១៩៧៤ ដោយ​រាជរដ្ឋាភិ​បាល​ជប៉ុន និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន បាន​ចូលរួម​ក្នុង​សកម្មភាព​ទំនាក់ទំនង​អន្តរ​ជាតិ ការរៀន​ធ្វើការ​ជា​ក្រុម និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​ការចែករំលែក​ចំណេះដឹង​ផ្សេងៗ​។ សម្រាប់​ឆ្នាំ​២០១៨​នេះ កម្មវិធី SSEAYP នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៣ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ ដែល​មាន​រយៈពេល ៥២​ថ្ងៃ ហើយ​ប្រតិភូ​យុវជន​ចូលរួម​ទាំងអស់ នឹង​ត្រូវ​ជួបជុំគ្នា​នៅក្នុង​ទីក្រុង​តូ​ក្យូ នៃ​ប្រទេស​ជប៉ុន មុន​នឹង​បន្តដំណើរ​តាម​ផ្លូវទឹក ទៅកាន់​ប្រទេស​ប្រ៊ុយណេ ហ្វីលីពីន កម្ពុជា ថៃឡង់​ដ៍ និង​វៀតណាម​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×