នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ហ្វែដឺរីកា មូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ ដែលជំនួបនេះបានធ្វើឡើងនៅទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក។
ក្នុងជំនួបនោះ លោកស្រី ហ្វែដឺរីកា បានធ្វើការផ្លាស់ប្តូរមតិ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យរវាងកម្ពុជា និងសហភាពអឺរ៉ុប។ សម្តេចតេជោបានគត់សំគាល់នូវការពេញចិត្តអំពីវឌ្ឃនភាពដែលកម្ពុជា និងសហភាពអឺរ៉ុប សម្រេចបានក្នុងរយ:ពេលកន្លងមក បើទោះបីជាមានបញ្ហាកើតឡើងក្នុងពេលថ្មីៗនេះក៏ពិតមែន។
ជាមួយគ្នានេះភាគីទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញឲ្យក្រុមការងារ នៃភាគីទាំងពីរបន្តធ្វើការជាមួយគ្នា ក្នុងលក្ខណៈជាដៃគូ នៃកិច្ចសហប្រតិបត្តិការដែលបានអនុវត្តនាពេលកន្លងមក។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានលើកឡើងរួមគ្នា ក្នុងការបន្តដោះស្រាយនូវរាល់បញ្ហាប្រឈមមួយចំនួន ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងគណ:កម្មការសហភាពអឺរ៉ុបឲ្យកាន់តែទទួលបានលទ្ធផលខ្ពង់ខ្ពស់ថែមទៀត៕ ដោយ ៖ បញ្ញាស័ក្តិ