Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ហ៊ុន សែន ៖​ភារកិច្ច​ចម្បង​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី គឺ​ត្រូវ​រក្សា​បាន​នូវ​ស្ថេរភាព​នយោបាយ និង​សន្តិភាព ដើម្បី​ឈាន​ទៅ​សម្រេច​កំណើនសេដ្ឋកិច្ច ៧,២%​យូរអង្វែង​

​ប្រទេស​តួ​គី ​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ សំណេះសំណាល​ជាមួយ​កូម​ក្មួយ​យុវជន សិស្ស និង​និស្សិត​ប្រមាណ​ជាង ៦០ នាក់ ដែល​កំពុង​រស់​នៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​តួ​គី​។​

​កាលពី​ឆ្នាំ ១៩៩៥ តួ​គី​បានផ្តល់​អាហារូបករណ៍​ដំបូង​ឲ្យ​កម្ពុជា​សម្រាប់​និស្សិត​៤ រូប​។ នៅ​ឆ្នាំ ១៩៩៧ មាន​ចំនួន ៤ រូប​ទៀត ហើយ​នៅ​ថ្ងៃទី ០៤ ខែ​មេសា ឆ្នាំ​២០១៨ សមាគមនិស្សិត​កម្ពុជា​-​តួ​គី​ក៏​បាន​បង្កើត ឡើង​ដោយ​មាន​សមាជិក​ចំនួន​៦៨ នាក់ ដែល​ក្នុងនោះ​មាន​ថ្នាក់បណ្ឌិត​២​នាក់​, បរិញ្ញាបត្រ​ជាន់ខ្ពស់​៧​នាក់​, បរិញ្ញាបត្រ​១៨​នាក់​, សាសនា​អ៊ីស្លាម​៣០​នាក់ និង​វិទ្យាល័យ​១១ នាក់​។ ក្នុងចំណោម​នេះ​សិស្ស និស្សិត​អាហា​រូប​ក​រណ៏រដ្ឋាភិបាល​មានចំនួន​៣៥ នាក់​, អាហារូបករណ៍​អង្គការក្រៅរដ្ឋាភិបាល​ចំនួន ៣០​នាក់ និង​បង់ថ្លៃ​៣​នាក់​។ និស្សិត​ដែល​បាន​សិក្សា​នៅ​ប្រទេស​តួ​គី​មាន​ជំនាញ​ដូចជា វិស្វកម្ម​កុំព្យូទ័រ​, រដ្ឋបាល​អប់រំ​, ទំនាក់ទំនង​ការបរទេស​, សំណង់​ស៊ីវិល​, គ្រប់គ្រង​បុគ្គលិក​, ច្បាប់​, សេដ្ឋកិច្ច​, ទេសចរណ៍​, ពេទ្យ​, ឱសថ​, វិទ្យាសាស្ត្រ​នយោបាយ​, ពាណិជ្ជកម្ម​អន្តរជាតិ​, សុខភាព​សាធារណៈ និង​សាសនា​អ៊ីស្លាម​។​

​សម្តេច​តេជោ ហ៊ុន សែន រីករាយ​ជា​អនេក​ដែល​បាន​មក​ជួប​កូនក្មួយ​យុវជន សិស្ស និង​និស្សិត​ខ្មែរ​ដែល​បាន​មក បន្ត​ការសិក្សា​នៅ​តួ​គី​ថ្ងៃនេះ ព្រោះ​ថា​ពេល​នេះ​កម្ពុជា និង​តួ​គី​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ទៅ លើ​ការជំរុញ​ទំនាក់ទំនង​លើ​វិស័យ​ការទូត ការផ្លាស់ប្តូរ​យោបល់​ទៅ​លើ​ការជំរុញ ទំនាក់ទំនង​ពាណិជ្ជកម្ម វិនិយោគ​ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត ក្នុងនោះ​រួម​ទាំង​ការជំរុញ​ឲ្យមាន​ការ​ហោះហើរ​ត្រង់​ពី​តួ​ក​គី មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍ ពាណិជ្ជកម្ម និង​វិនិយោគ​។​

​សម្តេច​តេជោ បាន​ជម្រាបជូន​ក្មួយៗ​អោយបាន​ដឹង​ផង​ដែរ​ថា កម្ពុជា​មាន​កិត្តិយស​ដែល​ត្រូវ ទទួលបាន​សិទ្ធិ​ក្នុង​ការរៀបចំ ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១៣ នៅ​ឆ្នាំ​២០២០ ដែល​នេះ​ជា​មោទភាព​មួយដ៏​ធំ​បំផុត ព្រោះ​កិច្ចប្រជុំ​កំពូល​នេះ នឹង​មាន​ជាង​៥៣​ប្រទេស ដែល​នឹង​ត្រូវ​មក​ចូលរួម​នៅ​កម្ពុជា​។ កន្លងមក​កម្ពុជា​ក៏​ធ្លាប់បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​អាស៊ាន​២​ដង​រួច ទៅហើយ​គឺ​នៅ​ឆ្នាំ ២០០២ និង​២០១២​។ សម្តេច​តេជោ​បាន​ថ្លែងថា ភារកិច្ច​ចម្បង​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី គឺ​ត្រូវ​រក្សា​បាន​នូវ​ស្ថេរភាព​នយោបាយ និង​សន្តិភាព ដើម្បី​ឈាន​ទៅ​សម្រេច​កំណើនសេដ្ឋកិច្ច ៧.២%​យូរអង្វែង​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អរគុណ​ដល់​កូនក្មួយ​និស្សិត រស់​ក្រៅប្រទេស​ដែល​បាន​ចូលរួម ដំណើរការ​ប្រជាធិបតេយ្យ ដោយ​បាន​ទៅ​បោះឆ្នោត​ខ្លួនឯង​ផង និង​បាន​អំពាវនាវ​អោយ ក្រុម​គ្រួសារ​ទៅ​បោះឆ្នោត​ផង​ដែរ​។ ការបោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការជ្រើសរើស​ដ៏​ត្រឹមត្រូវ មានន័យ​ថា ជា​ការបោះឆ្នោត​ជ្រើសរើស យក​នូវ​សុខសន្តិភាព ការអភិវឌ្ឍ និង​បន្ត​រក្សា​នូវ​កិច្ចខិតខំ​ប្រឹងប្រែង របស់​ជីដូន​ជីតា​របស់ខ្លួន យើង​ម្នាក់ៗ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​សិស្ស​និស្សិត​ទាំងអស់ ដែល​បាន​ទទួល​អាហារូបករណ៍ មក​សិក្សា​នៅ​ប្រទេស​តួ​គី​នេះ គោរព​ច្បាប់​ប្រទេស​គេ ហើយ​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ជាពិសេស​ខិតខំ​ប្រឹងប្រែង រៀនសូត្រ​មុខជំនាញ និង​ភាសាបរទេស ឲ្យបាន​ច្រើនភាសា ជាពិសេស​ភាសា​អង់គ្លេស ដែល​ងាយស្រួល​ក្នុង​ការស្វែងរក ការងារ​ធ្វើ​ដើម្បី​អនាគត​របស់​ខ្លួនឯង គ្រួសារ និង​ប្រទេសជាតិ​។​

​នៅក្នុង​ឱកាស​នេះ​ដែរ ដើម្បី​ជា​ការលើកទឹកចិត្ត​សម្រាប់​កូន ក្មួយ​យុវជន​សិស្ស និស្សិត​ទាំងអស់​ដែល​កំពុង​រស់ នៅ​សិក្សា​រៀនសូត្រ​នៅ​ក្នុង​ប្រទេស​តួ​គី សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន ផ្ដល់​នូវ​ថវិកា​ឧបត្ថម្ភ​ដល់​និស្សិត​ទាំង 68 នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន ថវិកា​ចំនួន​500​ដុល្លារ​។ សម្តេច​តេជោ បាន​ជូនពរ​ដល់​កូនក្មួយ ចៅៗ សិស្ស និស្សិត​ទាំងអស់​ដែល កំពុង​សិក្សា​នៅទីនេះ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕ ​ដោយ ​៖​ កូឡាប​

  

×