ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀងនាព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងការរៀបចំវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្តស្វាយរៀង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់អស់លោក លោកស្រីជា ប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង-ស្រុក នៃខេត្តស្វាយរៀង និងសរុប ១៣៧រូប ។
ក្នុងឱកាសនោះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង បានរាយការណ៍អំពីលទ្ធផលការងារសំខាន់ៗដែលក្រុមការងារសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០១៨ ក្នុងនោះ ក្រុមការងារបានចុះធ្វើវេទិកាសាធារណៈ ៧៧លើក កើនឡើង ៤៧លើក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ទទួលបានសំណើ សំណូមពរ ចំនួន ១២៥ ដោយបានដោះស្រាយរួច ៥៩ កំពុងដោះស្រាយ ៣១ និងមិនទាន់ដោះស្រាយ ៣៥ ។
ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា អាស្រ័យដោយមានការគាំទ្រពីក្រសួង-ស្ថាប័នថ្នាក់ជាតិ ការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង-ស្រុកទាំងអស់ តាមរយៈការជួយឧបត្ថម្ភទាំងថវិកាផ្ទាល់ខ្លួន និងកៀងគរថវិកាពីសប្បុរសជន ព្រមទាំងការអនុវត្តនូវមូលនិធិនៅថ្នាក់ក្រោមជាតិ នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង បានដោះស្រាយបញ្ហាជាច្រើន ឆ្លើយតបទៅនឹងសំណើសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅក្នុងអង្គវេទិកាសាធារណៈទាំងសេវាសំណូមពរ និងសេវាតម្រូវការ រួមមានការជួសជុល និងស្ថាបនាផ្លូវ ទាំងផ្លូវក្រាលខ្សាច់ភ្នំ ដីស គ្រួសក្រហម ក្រាលថ្មមិច បេតុង និងក្រាលកៅស៊ូ បានជួយស្ថាបនាលូទឹក ស្ដារប្រឡាយទឹក ទំនប់បង្ហៀរទឹក ស្ពាន និងបានកៀរគរសប្បុរសជនជួយកសាងអគារសិក្សា ពុទ្ធិកបឋមសិក្សា ឧបដ្ឋានសាលា ព្រះវិហារ កុដិ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក អគារសាលាឃុំ ហើយក្រៅពីនេះ បានធ្វើការឆ្លើយបំភ្លឺ និងទទួលយកនូវសំណូមពរផ្សេងៗទៀតទៅធ្វើការដោះស្រាយ តាមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ។
ក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតប្រធានក្រុមការងារ ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ថា ដើម្បីពង្រឹងការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងសម្រេចឲ្យបានជោគជ័យយើងត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗមួយចំនួនដូចតទៅ ៖ ១.ត្រូវខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ២.ត្រូវមានកិរិយាមាយាទសុភាពរាបសារ ទន់ភ្លន់ ដោះស្រាយបញ្ហាដោយសាមគ្គីភាព និងស្មរតីសហការខ្ពស់ ៣. ត្រូវបន្តជំរុញឲ្យជោគជ័យកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ៤.ត្រូវតាមដានស្តាប់រាល់ប្រសាសន៍ និងសុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង ៥.បន្តផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក និងបន្តជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយគាំពារសង្គម ដើម្បីលើកកម្ពស់ជីវភាព សុខមាលភាពនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និង ៦.ត្រូវជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ ឬសគល់នៃបញ្ហា ការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយជួយសម្រួល និងដោះស្រាយឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ៕ ដោយ ៖ វ៉ៃកូ