ខេត្តបាត់ដំបង ៖ ក្មេងស្រីម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណ៣នាក់ ចូលទៅក្រៀកនាងក្នុងផ្ទះ ហើយបានយកខ្សែលីឡុងមកចាប់ចងដៃចងជើង និងយកអាវយឺតមកចងមាត់កុំឱ្យស្រែក ហើយនាំនាងចងផ្អឹបនឹងសសរផ្ទះ ទើបពួកគេរើកកាយពេញក្នុងផ្ទះដោយយកបានទ្រព្យអស់មួយចំនួនហើយគេចខ្លួនបាត់ដោយសុវត្ថិភាព នៅម៉ោង៧ព្រឹកថ្ងៃទី២២ តុលា ស្ថិតក្នុងផ្ទះក្មេងស្រីរងគ្រោះ ភូមិបវេល២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះរូ រ៉ូស្សា អាយុ១៥ឆ្នាំ មានទីលំនៅក្នុងចំណុចកើតហេតុ ។ រីឯក្រុមជនសង្ស័យ មិនត្រូវបានស្គាល់នោះទេ ខណៈពេលសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។ តែបើតាមសម្តីក្មេងស្រីរងគ្រោះថា ក្រុមចោរទាំង៣នាក់នេះ ហាក់បានសម្ងំនៅក្បែរៗផ្ទះនាងជាយូរដែរហើយ ប៉ុន្តែនាងមិនបានចាប់អារម្មណ៍អ្វីទៅលើពួកគេនោះទេ ។ ជនទាំងនោះបានរើកកាយពេញក្នុងផ្ទះ និងបានយកកូនជ្រូកដីទៅបោកប្រមូលយកប្រាក់សន្សំក្នុងកូនជ្រូកដីនោះចំនួន២ម៉ឺន៥ពាន់រៀល និងយកបានចិញ្ចៀន៣វង់ ស្មើនឹង៥ជី ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរក្មេងស្រីរងគ្រោះ ដើម្បីស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាចាប់ចោរទាំង៣នាក់នោះ ៕ ដោយ៖បញ្ញាស័ក្តិ