ភ្នំពេញ ៖ ស្ត្រីម្នាក់ក្រោយ មានជំលោះជាមួយប្តី បានប្រមាណ៥ថ្ងៃ ហ៊ាននាំប្រុសសហាយមកដេកក្នុងបន្ទប់របស់ប្តី ខណៈនោះប្ដីមកទាន់ហើយពេលសួរនាំ ប្រពន្ធឆ្លើយថាទើបបាន២ដង ហើយប្តីបានយកសោមកចាក់ជាប់ ហើយទៅប្ដឹងសមត្ថកិច្ចចាប់ខ្លួន បានទាំង២នាក់ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង១០យប់ ថ្ងៃទី២២ ខែ តុលាឆ្នាំ២០១៨ នៅ បន្ទប់ជាប់តូបលក់បន្លែ ផ្សារជិនជូរី ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចឱ្យដឹងថា៖ ប្តីឈ្មោះ ខាំង ម៉ាប់ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បន្លែជាមួយប្រពន្ធ។ ប្រពន្ធ ឈ្មោះគន្ធី ស្រីមុំ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ នៅផ្សារជិនជូរី មានស្រុកកំណើតនៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ចំណែកប្រុសជា សហាយ ឈ្មោះ សល់ សាល អាយុ២៤ឆ្នាំ មុខរបរដឹកទឹក ស្នាក់នៅភូមិ ត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកស្អាង ខេត្តកណ្ដាល។ នៅមុខសមត្ថកិច្ចបុរសជាប្តី បានរៀបរាប់ឲ្យដឹងថា រូបគាត់នឹងប្រពន្ធរបស់គាត់ បានរៀបការតាមប្រពៃណីត្រឹមត្រូវ ជាង៣ឆ្នាំមកហើយ មានកូនប្រុសម្នាក់ អាយុជាងមួយខួប ហើយនៅមុនពេលកើតហេតុកាលពីមុនពេលភ្ជុំបិណ្ឌ ៦ថ្ងៃ គាត់បានដឹងថា ប្រពន្ធរបស់គាត់ បានទាក់ទងជាមួយបុរសខាងលើ ដោយនិយាយតាមទូរស័ព្ទ ហើយក៏មានជំលោះជាមួយគ្នាតិចតួចបន្ទាប់មក មុនថ្ងៃកើតហេតុខាងលើ ៥ថ្ងៃ ដោយមានការឈ្លោះប្រកែកគ្នាម្តងទៀត ហើយបាននាំគ្នាទៅសង្កាត់ ដើម្បីសុំលែងលះគ្នា ហើយចៅសង្កាត់មិនអនុញ្ញាតឲ្យលែងលះគ្នាភ្លាមៗនោះទេ ដោយអាជ្ញាធរសង្កាត់ឲ្យពួកគាត់ទាំងពីរ បែកគ្នាមួយរយៈសិន ហើយបន្ទាប់មករូបគាត់ បានទៅនៅជាមួយបងប្រុសរបស់គាត់ នៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
លុះនៅម៉ោងកើតហេតុខាងលើ គាត់បានទៅមើលបងស្រីឈឺនៅមន្ទីរពេទ្យកាល់ម៉ែត ហើយគាត់បានឈៀងចូលផ្ទះគាត់ដោយមានការសង្ស័យ រាល់យប់ប្រពន្ធរបស់គាត់ ដេកបើកភ្លើង ហើយនៅពេលយប់នឹង ម្តេចក៏ដេកបិទភ្លើង ។ ដោយមានការសង្ស័យ គាត់បានបើកបង្អួចលួចមើល ស្រាប់តែឃើញ ប្រពន្ធរបស់គាត់កំពុងដេក ជាមួយប្រុសផ្សេង ដោយកូនប្រុសតូច នៅអែបខាងហើយគាត់បានចាក់សោពីក្រៅ រួចហើយទៅប្តឹងសមត្ថកិច្ចភ្លាមៗផងដែរ។
ចំណែកស្ត្រីជាប្រពន្ធ បានសារភាពថា រូបគេមានទំនាក់ទំនងស្នេហាជាមួយ ប្រុសថ្មីរបស់គាត់ ជិត២ខែមកហើយ តែបុរសខាងលើ ទើបទំនាក់ទំនងស៊ីជម្រៅ បាន២លើក មុនថ្ងៃកើតហេតុ ចំនួន៥ថ្ងៃ បានរួមរ័កបានម្តង និងថ្ងៃកើតហេតុមិនទាន់បានរួមរ័កនោះឡើយ ព្រោះគាត់ មិនសូវស្រួលខ្លួន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំនារី នឹងប្រុសសហាយ យកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ និងទទួលបណ្តឹងពីបុរសជាប្តី ចំណែកស្ត្រីផិតប្តីនិងសហាយ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្នសិន រង់ចាំបញ្ជូនបន្តទៅចាត់ការតាមផ្លូវច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ