ពួកអ្នកស្រាវជ្រាវអ៊ីតាលី បានឲ្យដឹងថា តាមរយៈទស្សនាវដ្តីជីវជាតិ បរិភោគស៊ុតច្រើនមិនធ្វើឲ្យកើនកូឡេស្តេរ៉ូល, ជាតិស្ករក្នុងឈាម ឬកម្រិតស្ករនៅអ្នកជំងឺទឹកនោមផ្អែម ។
ក្រុមអ្នកស្រាវជ្រាវបានចែកអ្នកជំងឺទឹកនោមផ្អែម ឬមុនវិវត្តន៍ជាជំងឺទឹកនោមផ្អែមចំនួន ១២៨ នាក់ ជា២ក្រុម៖ ១ក្រុមមានកម្រិតប្រើប្រាស់ស៊ុតខ្ពស់ (១២ គ្រាប់ក្នុង១សប្តាហ៍) និង១ក្រុមទៀត មានកម្រិតប្រើប្រាស់ទាប (ប្រមាណ២គ្រាប់ក្នុង១សប្តាហ៍) ។ ពួកគេតាមដានអ្នកជំងឺទាំងនេះក្នុងរយៈពេល១២ខែ ក្នុងនោះមាន៣ខែ បរិភោគតាមរបបតមតែមិនផ្លាស់ប្តូរបរិមាណស៊ុត ។
លទ្ធផលបង្ហាញថា ពុំមានការខុសប្លែកគ្នាច្រើនរវាងក្រុមអ្នកជំងឺទាំង២នេះ លើសន្ទស្សន៍កូឡេស្តេរ៉ូលអាក្រក់, បរិមាណស្ករក្នុងឈាមនិងសម្ពាធឈាម ។ ជាងនេះទៀត ការប្រើប្រាស់ស៊ុតផ្សេងគ្នា ក៏មិនឥទ្ធិពលដល់ទម្ងន់ខ្លួន ។
ពួកអ្នកស្រាវជ្រាវសង្កត់ធ្ងន់ថា ការស្រាវជ្រាវលើកនេះបានពង្រឹងលទ្ធផលរបស់ការស្រាវជ្រាវមុនៗ ដែលចាត់ទុកថា ស៊ុតមានប្រយោជន៍យ៉ាងច្រើន, ពីប្រភពប្រូតេអ៊ីនរហូតដល់សារជាតិជីវជាតិល្អសម្រាប់ភ្នែក, បេះដូង និងសរសៃឈាម ៕ លីសា