NASA ប្រកាសឲ្យឃើញផ្ទាំងទឹកកករាងចតុកោណកែងថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្ររបស់ស្ថាប័នអាកាសចរណ៍ អវកាស អាមេរិក (NASA) បានរកឃើញផ្ទាំងទឹកកក ១ដុំ រាងចតុកោណកែង នៅសមុទ្រ Weddell ប៉ូលខាងត្បូង ។
តាម BBC ក្រុមអ្នកវិទ្យាសាស្ត្រឲ្យដឹងថា ផ្ទាំងថ្មនេះត្រូវបានរកឃើញនៅកៀកជាមួយផ្ទាំងទឹកកកដ៏ធំសម្បើមមួយទៀត ដែលបានផ្តាច់ចេញពីទំនាបទឹកកក Larsen C កាលពីដើមខែកក្កដា ។
ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលនោះព្រោះតែផ្ទាំងទឹកកកនេះមានរាងចតុកោណកែង… ស្មើហាក់ដូចជាបង្កើតឡើងដោយបាតដៃរបស់មនុស្ស ។
តាមរយៈរូបភាពនៃមុខកាត់របស់វាបញ្ជាក់ថា វាទើប “ផ្តាច់ខ្លួន” ចេញប៉ុណ្ណោះ ។ វាមានបណ្តោយប្រមាណ ១៦.០០០ម៉ែត្រ ។
NASA ក៏បានរកឃើញផ្ទាំងទឹកកក រាងត្រីកោណ១ទៀតដែរ ។
ពេលនេះ NASA កំពុងប្រមូលផ្តុំធ្វើការស្រាវជ្រាវពិសេសដល់បាតុភូតផ្ទាំងទឹកកកធំ ផ្តាច់ខ្លួនចេញពីគ្នា ។ ព្រោះថា វានឹងបង្ហើបឲ្យឃើញនូវប្រព័ន្ធជីវសាស្ត្រចម្រុះនៅពីក្រោមនោះ ដែលរាប់ពាន់ឆ្នាំហើយមនុស្សលោកពុំបានស្រាវជ្រាវ និងមានព័ត៌មានច្បាស់លាស់អ្វីឡើយ ៕ ចន្ទ្រា