ភ្នំពេញ ៖ របាយការណ៍អនុគណៈកម្មការត្រួតពិនិត្យការងារអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល១០ខែនៃឆ្នាំ២០១៧ បានកើតឡើងចំនួន២.៩៥៨លើក បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន១.៤៦៩នាក់ និងរងរបួសចំនួន ៤.៤៥០នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មានការថយចុះតែ១ភាគរយប៉ុណ្ណោះ បើប្រៀបធៀបរយៈពេល១០ដំបូងនៃឆ្នាំ២០១៦ ។
អនុគណៈកម្មការត្រួត ពិនិត្យការងារអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានបង្ហាញក្នុងរបាយការណ៍របស់ខ្លួនថា ចន្លោះពីខែមករា ដល់ខែតុលា គ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន៤៣លើក បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ប៉ុន្តែចំនួនអ្នកស្លាប់កើនឡើង៣ភាគរយ រីឯអ្នករបួសថយចុះ១៨ភាគរយ។
ការបើកបរក្នុងល្បឿនលើសកំណត់ គឺជាមូលហេតុចម្បង បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ពោលគឺមានរហូតដល់ទៅ៣៦ភាគរយ រីឯបញ្ហាផ្សេងទៀត រួមមានការមិនគោរពសិទ្ធិគ្នា១៦ភាគរយ មិនប្រកាន់ស្ដាំ១៣ភាគរយ វ៉ាជែង១១ភាគរយ បត់ឆ្វេង-ស្ដាំ១០ភាគរយ ស្រវឹង១០ភាគរយ កក្តាយានយន្ត ៣ភាគរយ និងងងុយដេក១ភាគរយ។
របាយការណ៍ដែលត្រូវបានផ្សព្វផ្សាយដោយអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ពាក់ព័ន្ធរថយន្តដឹកអ្នកដំណើរ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥៥លើក មានមនុស្សស្លាប់ចំនួន៣៦នាក់ និងរងរបួសចំនួន ១៦៤នាក់ ក្នុងនោះករណីដែលបង្កឡើងដោយក្រុមហ៊ុនដឹកអ្នកដំណើរ មានចំនួន៣៣លើក ស្មើនឹង ៦០ភាគរយ។ ចំពោះករណីពាក់ព័ន្ធរថយន្តដឹកទំនិញ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥0លើក មានមនុស្សស្លាប់ចំនួន ៣១នាក់ និងរបួសចំនួន ៣៥នាក់។ ក្នុងករណីនេះដែរ បង្កឡើងដោយក្រុមហ៊ុនដឹកជញ្ជូនទំនិញចំនួន ២៥លើក ស្មើនឹង ៥០ភាគរយ ហើយគ្រោះថ្នាក់ចរាចរដែលកើតឡើងច្រើនជាងគេ គឺអ្នកប្រើប្រាស់ម៉ូតូនិងមិនមានពាក់មួយសុវត្ថិភាព៕ ដោយ៖បញ្ញាស័ក្តិ