ខេត្តព្រះសីហនុ៖ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កំពុងដុតដៃដុតជើង ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋចំនួន២នាក់ផ្សេងទៀត ដែលពុលត្រីក្រពតសមុទ្រ បន្ទាប់ពីពួកគេស្ទូចបាត្រីប្រភេទនេះយកមកចំអិនធ្វើម្ហូបអាហារ។
គ្រូពេទ្យជំនាញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ថា អ្នកពុលត្រក្រពតទាំង២រូបខាងលើនេះ ជាកម្មករសំណង់ នៅម្តុំឆ្នេរព្រែកត្រែងក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ហើយថា ជនរងគ្រោះមានស្ថានភាពពុលធ្ងន់ធ្ងរ និងកំពុងសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យ។
គ្រូពេទ្យប្រចាំការ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឱ្យដឹងថា ពលរដ្ឋពុលត្រីក្រពតសមុទ្រខាងលើនេះ គឺជារងគ្រោះទី៣ ហើយក្នុងសប្តាហ៍នេះ ដែលមានអ្នកជំងឺពុលត្រីក្រពត ត្រូវបាននាំមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោកគ្រូពេទ្យបង្អែកបញ្ជាក់ថា ៣ថ្ងៃមុន ក៏មានកម្មករសំណង់ម្នាក់ដែរ មកពីសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក៏បានពុលត្រីក្រពតនេះដូចគ្នា និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនេះ។
លោកនេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថា ពលរដ្ឋពុលត្រីក្រពតខាងលើនេះ ជាកម្មករមកពីខេត្តផ្សេង ដែលពួកគាត់ពុំទាន់បានស្វែងយល់ពីប្រភេទមច្ឆាសមុទ្រ ដែលបរិភោគទៅពុល ឬមុនពុល។ ហើយថាបញ្ហានេះ កន្លងមកក៏ធ្លាប់មានពលរដ្ឋពុលត្រីក្រពតសមុទ្រនេះ រហូតដល់ស្លាប់ ក្រោយពុលត្រីក្រពត ឬសត្វប្រឡាំងកាស។
ផ្តើមពីបញ្ហានេះ លោក នេន ចំរើន និងក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យបថ្ធែកខេត្តព្រះសីហនុ បានអំពាវនាវ ដល់ប្រពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ដាច់ខាតកុំបរិភោគសាច់ត្រីក្រពតសមុទ្រឱ្យសោះ ព្រោះជាប្រភេទត្រីពុល។ ប៉ុន្តែបើក្នុងករណីមានពលរដ្ឋណាម្នាក់ រងគ្រោះពុលដោយពុលត្រីក្រពត ត្រូវនាំមករកគ្រូពេទ្យ ដើម្បីជួយសង្គ្រោះឱ្យបានឆាប់ ព្រោះថាអាការៈពុលត្រីក្រពតនេះ មាសភាពសាហាវបំផុត ព្រោះជនរងគ្រោះអាចនឹងត្រូវគាំងបេះដូងស្លាប់ជាក់ជាមិនខាន ប្រសិនបើយឺតយ៉ាវក្នុងការនាំមកសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលានោះទេ៕ ដែនសីមា