ភ្នំពេញ ៖ លោកស្រីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច នៃរដ្ឋគូវ៉ែត មានប្រសាសន៍ស្វាគមន៍ និងការពារ កម្លាំងពលករពីកម្ពុជា ហើយគូវ៉ែត ជាប្រទេសមួយ ដែលគោរពច្បាប់ការងារ និងសិទ្ធិរបស់ពលករ ដោយមិនគិតថា ពលករនោះ ជាពលករបរទេស ឬពលករក្នុងស្រុកទេ។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី ហ៊ីន អាល់ សាប៊ី (Hind Al-Sabeeh) រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច នៃរដ្ឋគូវ៉ែត បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។
ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី មានប្រសាសន៍ថា វត្តមាន លោកស្រី ហ៊ីន អាល់ សាប៊ី រដ្ឋមន្ត្រី និងគណៈប្រតិភូនៃរដ្ឋគូវ៉ែត នៅកម្ពុជានាពេល នេះ បាននាំមកនូវកាលានុវត្តភាពថ្មី នៃការបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-គូវ៉ែត ដែលមាន ជាង២០ឆ្នាំមកនេះ ឲ្យកាន់តែរឹងមាំថែមទៀត ។
លោកស្រី ហ៊ីន អាល់ សាប៊ី បានថ្លែងថា នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ លោកស្រីបានជួបពិភាក្សា ការងារជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបនោះ បានផ្តោតសំខាន់លើការផ្លាស់ប្តូរកម្លាំង ពលកម្មរវាងប្រទេសទាំងពីរ និងវិស័យអប់រំ។ លោកស្រីប្រធានគណៈប្រតិភូ បានមានប្រសាសន៍បន្តថា គូវ៉ែតបានត្រៀមស្វាគមន៍ និងការពារ កម្លាំងពលករពីកម្ពុជា ហើយគូវ៉ែតជាប្រទេសមួយដែលគោរពច្បាប់ការងារ និងសិទ្ធិរបស់ពលករ ដោយមិនគិតថាពលករនោះជាពលករបរទេស ឬពលករក្នុងស្រុកទេ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលប្រទេសទាំងពីរ។
សម្តេចបានលើកឡើងថា កន្លងមករដ្ឋសភាកម្ពុជា ក៏បានអនុម័តច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីវិស័យ ផ្លាស់ប្តូរហត្ថពលកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋគូវ៉ែត ក្នុងការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ព្រោះថារដ្ឋគូវ៉ែតត្រូវការកំលាំង ពលកម្ម ហើយពលករកម្ពុជាក៏ត្រូវការប្រាក់ចំណូលដើម្បីរួមចំណែកអភិវឌ្ឍន៍ទាំងអស់គ្នា។
សម្តេចបានមានប្រសាសន៍បន្តថា ពលករកម្ពុជាដែលធ្វើការក្រៅប្រទេស មានការកើនឡើងជាលំដាប់ រហូតដល់ជាងមួយលាននាក់ និងបាននាំមកនូវ ប្រាក់ចំណូល ដើម្បីលើកកម្ពស់ជីវភាពរស់នៅ សម្រាប់គ្រួសាររបស់ពួកគេ ហើយក៏រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។ “ក្នុងពេលឆាប់ៗ ខាងមុខនេះ កម្ពុជានឹងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីពង្រឹង និងពង្រីកការអនុវត្តកម្មវិធីហ្វឹកហ្វឺន ដល់ពលករឲ្យកាន់តែមានជំនាញការងារ”។ នេះជាការគូសបញ្ជាក់របស់ សម្តេច ហេង សំរិន។
ទាំងសម្តេចប្រធានរដ្ឋសភា និងលោកស្រីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច នៃរដ្ឋគូវ៉ែត បានវាយតម្លៃខ្ពស់ពីទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះបានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ទេ្វភាគី និងអនុស្សរណៈនៃការយោគយល់គ្នាជាច្រើនកន្លងមក។ ភាគីទាំងពីរបានសន្យាថា នឹងខិតខំជំរុញឲ្យប្រទេសទាំងពីរពន្លឿនកិច្ចព្រមព្រៀង ដែលមានស្រាប់ចេញជាផ្លែផ្កា ក្នុងការបម្រើផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។
តាមរយៈលោកស្រីរដ្ឋមន្ត្រី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវដល់ប្រជាពលរដ្ឋគូវ៉ែត និងវិនិយោគិនគូវ៉ែត មកធ្វើទេសចរណ៍ កម្សាន្ត ឬបណ្តាក់ទុន នៅកម្ពុជាឲ្យបានច្រើន ពីព្រោះថាកម្ពុជាមានសក្តានុពលច្រើនវិស័យ។ លោកស្រី ហ៊ីន អាល់ សាប៊ី មានសង្ឃឹមថា នៅឆ្នាំ ២០១៩ខាងកម្ពុជា នឹងបញ្ជូនពលករទៅធ្វើការ នៅប្រទេសគូវ៉ែត និងបានសន្យាថា នៅពេលត្រឡប់ទៅកាន់ប្រទេសវិញ លោកស្រី នឹងបង្កើតក្រុម ការងារមួយ ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហាពលករកម្ពុជានៅគូវ៉ែត ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា៕ ដោយ ៖ បញ្ញាស័ក្តិ