បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ជំពាក់លុយធនាគារ និងជំពាក់បំណុលគេ ផ្សេងទៀត បានប្រើប្រាស់ល្បិច កុហកប្តីចុង ថាមានចោរប្រដាប់អាវុធ២នាក់ មកភ្ជង់គំរាមប្លន់យកមាសប្រាក់អស់ពីផ្ទះ នគរបាល ស្រាវជ្រាវស៊ើបអង្កេតចំណាយពេល ប្រមាណ២០ម៉ោង ទើបដឹងថា ស្ត្រីរូបនោះ យកមាសប្រាក់ ទៅបញ្ចាំគេ យកប្រាក់ទៅសងថ្លៃធនាគារ រឿងរកស៊ី និងជំពាក់បំណុល រៀបការកូនស្រីប្តីដើម ទើបហ៊ាន បំភ្លៃសក្ខីកបង្កើតបទល្មើស បង្កឱ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋពេញនិងខេត្តបន្ទាមានជ័យ អាចនិង ប្រឈមទោសព្រហ្មទណ្ឌ។
លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិ ត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋប្តឹងរាយការណ៍ ថា មានកើតឡើងនូវអំពើប្លន់ប្រដាប់អាវុធ បុរស២នាក់ជិះម៉ូតូមកភ្ជង់ និងយកស្កុតចាប់ចងកូនស្រីគំរាមប្លន់ យកមាសប្រាក់ពីស្ត្រីម្នាក់ ឈ្មោះ បុណ ចន្ថា អាយុ៣៧ឆ្នាំ រួមមានទ្រព្យសម្បត្តិ ដូចជា ខ្សែកមាសទម្ងន់៥ជី ខ្សែដៃមាស ១ខ្សែទម្ងន់១តម្លឹង ចិញ្ចៀនមាស១វង់ ទម្ងន់៥ជី ខ្សែដៃផ្លាទីន១ខ្សែ ទម្ងន់៣ជី ខ្សែកផ្លាទីន១ខ្សែ ទម្ងន់៤ជី៧ហ៊ុន ចិញ្ចៀនផ្លាទីន១វង់ទម្ងន់២ជី ប្រាក់បាតថៃ៦ពាន់បាត ប្រាក់ខ្មែរ៧លានរៀល។
ក្រោយពីទទួលព័ត៌មាន នោះហើយ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរ បាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជានិងចាត់លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង ទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំង នគរបាលការិយាល័យជំនាញ សហការជាមួយនិងកម្លាំងនគរបាលស្រុកថ្មពួកដើម្បីចុះស្រាវជ្រាវជាបន្ទាន់។
លោកអធិការប្រាប់ឱ្យដឹងទៀតថា នៅពេលនោះសមត្ថកិច្ចបានខិតខំ ស៊ើបអង្កេតតាមជំនាញ ចំណាយពេលប្រមាណ២០ម៉ោង ឈានចូលដល់ល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ រកឃើញថា គ្មានករណីប្លន់ប្រដាប់អាវុធនោះទេ នៅពេលស្ត្រីបានឆ្លើយសារភាព ចំពោះមុខថារូបគាត់ជាអ្នករៀបចំគម្រោងនិងប្រាប់កូនស្រីអាយុ១៣ឆ្នាំ ជួយកុហកសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន មានករណីប្លន់ ដើម្បីកុហកប្តីចុងដោយយកគ្រឿងអលង្ការទាំង នោះទៅបញ្ចាំហាងលក់មាសក្នុងផ្សារបឹងត្រកួន បានប្រាក់៣ម៉ឺនបាត យកទៅសងធនាគារ និងសងថ្លៃម្ហូបរៀបការកូនស្រី ប្តីដើមនៅខេត្តព្រៃវែង ដោយពុំហ៊ានប្រាប់ប្តីចុងខ្លាចខឹង ទើបបង្កើតរឿងថា មានករណីប្លន់ប្រដាប់អាវុធបែបនោះតែម្តង។
លោកអធិការប្រាប់ឱ្យដឹងទៀតថា ជុំវិញបញ្ហាដែលស្ត្រីខាងលើបំភ្លៃសក្ខីកម្ម បង្កឱ្យមានការភ្ញាក់ផ្អើលបែបនោះ ដោយយោងតាមការយោគយល់ពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ មាស ច័ន្ទពិសិដ្ឋ និងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត គឺមិនបានកសាងសំណុំរឿងស្តីរូបនោះ ចាត់ការតាមផ្លូវច្បាប់នោះ ឡើយ ដោយសមត្ថកិច្ចធ្វើការព្រមាន និងឱ្យស្ត្រីរូបនោះសុំទោសជាសាធារណៈ៕ ដោយ៖បញ្ញាស័ក្តិ