ខេត្តព្រះសីហនុ ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ប្រសិនបើធាតុអាកាសនាមូលដ្ឋានេះ គ្មានភ្លៀងធ្លាក់មួយរយៈ នឹងអាចបង្កលក្ខណៈងាយស្រួលឱ្យខាង មន្ត្រីជំនាញបច្ចេកទេសជួសជុលផ្លូវមួយចំនួន ដែលខូចដោយជំនន់ទឹកភ្លៀង នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ អាចដំណើរស្ថាបនារួចរាល់បានឆាប់រហ័ស។
ឯកឧត្តមអភិបាលបន្តថា ពេលនេះ ក្រុមអ្នកបច្ចេកទេសស្ថាបនាផ្លូវ បានដំណើរការចាក់អ៊ុតកៅស៊ូ AC នៅផ្លូវមួយចំនួន នាទីប្រជុំជនក្រុងព្រះសីហនុ និងនៅតាមបណ្តាស្រុកមួយចំនួនទៀត។ ជាក់ស្តែងលោកថា ក្រុមការងារបច្ចេកទេស នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ចាប់ផ្តើមជួសជុលផ្លូវ ឯករាជ្យ ត្រង់ចំណុចជិតស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ឯកឧត្តម យន្ត មីន បន្តថា ក្រុមការងារជួសជុលផ្លូវ ដែលខូចនាទីប្រជុំជន ក្នុងក្រុងព្រះសីហនុ នឹងអាចពន្លឿនបញ្ចប់សកម្មភាពជួសជុលឱ្យរួចរាល់បានឆាប់ ប្រសិនបើអាកាសធាតុ អំណោយផល ដល់ការងារចាក់អ៊ុតកៅស៊ូ ដើម្បីស្ថាបនាផ្លូវខូច ហើយពិបាកដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរចម្រុះជាតិសាសន៍៕ ដោយ ៖ ដែនសីមា