ខេត្តព្រះសីហនុ៖ មន្ត្រីមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា យ៉ាងហោចមានមនុស្សចំនួន ១០នាក់ បានបរិភោគត្រីក្រពត សមុទ្រហើយពុល និងបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទូ២៥ ខែតុលាឆ្នាំ២០១៨ មានប្រជាពលរដ្ឋចំនួន១០នាក់ហើយ បានពុលត្រីក្រពត។ ក្នុងនោះមានកុមារីម្នាក់អាយុ៧ឆ្នាំ បានស្លាប់មុនពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោកស្រី លឹម សាមាន សង្កត់ធ្ងន់ថា ជនរងគ្រោះដោយពុលត្រីក្រពត ប្រសិនបើមិនឆាប់ បញ្ជូនឱ្យបសនឆាប់រហ័សមកសង្គ្រោះ ឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ នៅមន្ទីរពេទ្យឱ្យបានទាន់ពេលទេ អ្នកជំងឺនឹងអាចឈានដល់គាំងបេះដូងស្លាប់។
ទាក់ទិនបញ្ហានេះដែរ លោក ឈិន សេងងួន អភិបាលស្តីទីខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីទៅចុះសួរសុខទុក្ខ ប្រជាពលរដ្ឋមានជំងឺ បណ្តាលមកពីពុលត្រីក្រពតសមុទ្រ និងពលរដ្ឋរងគ្រោះដោយពស់ចឹក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ព្រមជាមួយគ្នានេះ លោកឈិន សេងងួន ក៏បានជួយឧបត្ថម្ភថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋរងគ្រោះជាអ្នកជំងឺផងដែរ៕ ដោយ ៖ ដែនសីមា