Friday, June 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាថ៌កំបាំង ​៥ ដែល​គ្រូ​ហុងស៊ុយ​មិន​បង្ហើប​ប្រាប់​អ្នក​ឡើយ​

​មនុស្ស​ម្នាក់ៗ​តែងមាន​វាសនា ទោះ​រស់នៅ​កន្លែង​ដែលមាន​ហុងស៊ុយ​មិនល្អ ក៏​សុទ្ធសឹង​ក្លាយជា​ល្អ​បាន​។​ផ្ទុយទៅវិញ ទោះបី​នៅ​កន្លែង​ល្អ តែ​អ្នក​ពុំបាន​សាង​បុណ្យ នោះ​វា​នឹង​រលាយ​ដោយ​ខ្លួនឯង​។ នេះ​ជា​ប្រការ​ដែល​គ្រូ​ទស្សន៍ទាយ​ជោគជតារាសី​ដាច់ខាត​មិន​និយាយប្រាប់​អ្នក​ឡើយ ព្រោះ​វា​ជា​«​របរ​រកស៊ី​»​របស់​ពួកគេ​។​

​គ្រូ​ខុង​ជឺ ធ្លាប់​និយាយថា ចិត្ត​មិន​ស្អាត ហុងស៊ុយ​គ្មាន​ប្រយោជន៍ ។ អកតញ្ញូ​ចំពោះ​ឳ​ពុក​ម្តាយ ការ​សែនព្រេន​គ្មាន​តម្លៃ​ឡើយ​។​

​ហុងស៊ុយ​ក៏ដូចជា​ច្បាប់​នៃ​ហេតុ​និង​ផល​អ៊ីចឹង​។ ប្រសិនបើ​ចិត្ត​អ្នក​មិន​បរិសុទ្ធ ទោះ​រស់នៅ​កន្លែង​មាន​ហុងស៊ុយ​ល្អ​ប៉ុនណា​ក៏​វា​នឹង​ប្រែ​ក្លាយទៅជា​មិនល្អ​។​ផ្ទុយទៅវិញ បើ​ចិត្ត​អ្នក​បរិសុទ្ធ ទោះ​អ្នក​នៅ​កន្លែង​ហុងស៊ុយ​មិនល្អ យូរ​ទៅ​វា​នឹង​ក្លាយទៅជា​ល្អ​ដោយ​ខ្លួនឯង​។​

​មានន័យថា រឿង​សំខាន់​គឺ​អ្នក​ត្រូវ​សាង​ចិត្ត​ឱ្យ​បរិសុទ្ធ នោះ​ហុងស៊ុយ​វា​នឹង​សម្រប​តាម​។ ប្រការ​ដែល​ធ្វើឱយ​ចិត្ត​បរិសុទ្ធ​គឺ​៖

​ទី​១ ៖ មិន​សម្លាប់សត្វ

​ដែល​ហៅថា​ទីតាំង​មាន​ហុងស៊ុយ​ល្អ គឺជា​កន្លែង​ដែល​សម្បូរ​ភាពរស់រវើក​។ ការសម្លាប់​សត្វ នឹងធ្វើ​ឱ្យ​សភាវៈ​មានជីវិត​ទាំងនោះ​ភ័យខ្លាច រត់​ទៅ​ជ្រកកោណ​កន្លែង​ផ្សេង​។ ដូច្នេះ​ធាតុ​ផ្សំ​ល្អ​នៃ​ហុងស៊ុយ​ក៏ត្រូវ​បាត់បង់​។​

​ទី​២ ៖ មិន​និយាយ​អាក្រក់​ពី​អ្នកដទៃ​

​មិនត្រូវ​និយាយ​អាក្រក់​ពី​អ្នកដទៃ រួមទាំង​សាច់ញាតិ​នៅក្នុង​ផ្ទះ​ផង​។​ពាក្យសម្តី​តែង​នាំមក​ជាមួយ​នូវ​ថាមពល​។​ពេល​អ្នក​និយាយ​អាក្រក់​ពី​គេ នោះ​ថាមពល​អាក្រក់​នឹង​ស្ថិតនៅ​ជុំវិញ​អ្នក វា​តោង​ជាប់​លើ​របស់របរ រុក្ខជាតិ រួមទាំង​ជញ្ជាំង​ផ្ទះ​អ្នក​។​នៅពេលដែល​គំនរ​ថាមពល​អាក្រក់​នេះ​កាន់តែ​ច្រើនឡើង ដល់​កម្រិត​មួយ​ធ្វើឱ្យ​ជះឥទ្ធិពល​អាក្រក់​ចំពោះ​អ្នក ធ្វើឱ្យ​ផ្លូវចិត្ត​មិន​ស្ងប់ សុខភាព​ធ្លាក់ចុះ លែងមាន​ប្រាជ្ញា​ឆ្លាត​វៃ​ទៀត​។​

​ហេតុនេះ គ្រូ​ហុងស៊ុយ​ដែល​ពូកែ​នោះ​គ្រាន់តែ​សម្លឹងមើល​របស់របរ​មនុស្ស​ម្នាក់​ធ្លាប់ប្រើ ក៏​អាច​ទាយ​ដឹងថា​អ្នកនោះ​ជា​មនុស្ស​បែបណា​។​

​ទី​៣ ៖ កតញ្ញូ​ចំពោះ​ឳ​ពុក ម្តាយ​

​ភាព​កតញ្ញូ​ចំពោះ​ឳ​ពុក​ម្តាយ គឺជា​ប្រពៃណី​ល្អ​បំផុត​របស់​មនុស្ស​។ លើសពីនេះ​ទៀត ការ​កតញ្ញូ​ចំពោះ​ឳ​ពុក​ម្តាយ ក៏​ជា​ឱសថ​ជួយ​ប្រែ​ជោគវាសនា​មនុស្ស​បាន​។ ពាក្យពេចន៍​ល្អៗ​មាន​ច្រើនណាស់ ប៉ុន្តែ​ពាក្យ​ថា​កតញ្ញូ​គឺ​ឈរ​នៅ​លំដាប់​ដំបូង វា​ជា​ឫសគល់​នៃ​ភាព​បរិសុទ្ធ​ត្រជាក់ត្រជុំ​។ ប្រសិនបើ​អនុវត្តន៍​ពាក្យ​«​កតញ្ញូ​» បានល្អ​ហើយ​នោះ រឿង​អ្វី​ផ្សេងៗ​ទៀត​ក៏​នឹង​ប្រែប្រួល​បន្តិច​ម្តងៗ​ពី​អាក្រក់​ទៅជា​ល្អ​។​

​ទី​៤ ៖ ត្រូវ​ឱនលំទោន​បន្ទាបខ្លួន​

​មហាសមុទ្រ​ស្ថិតនៅ​កន្លែង​ទាប​បំផុត ទើប​ក្លាយជា​ស្តេច​នៃ​ទន្លេ​រាប់ម៉ឺន​សែន​។ ប្រសិនបើ​យើង​បន្ទាបខ្លួន​ឱ្យទាប នោះ​បញ្ញា ផល​បុណ្យ​នៃ​វត្ថុ​ទាំងឡាយ​នឹង​មក​ប្រមូលផ្តុំ​។ ប្រសិនបើ​អ្នក​ចង់​លើក​របស់​អ្វីមួយ ប្រាកដ​ណាស់​អ្នក​ត្រូវ​បន្ទាបខ្លួន​ឱ្យនៅ​ទាប​ជាង​របស់​នោះ​។

​មិន​ខុស​អ្វី​នឹង​ធូលី​ដែល​វា​ធ្លាក់ចុះ​លើ​ផ្ទៃដី ក្លាយទៅជា​ដី ទ្រ​បាន​វត្ថុ​គ្រប់យ៉ាង​។​ដូច្នេះ​ចំពោះ​កំហុស ការខ្វះខាត​របស់​អ្នកដទៃ ចូរ​គប្បី​អធ្យាស្រ័យ លើកលែង ហើយ​ធ្វើបែបនេះ​បាន នោះ​ខ្លួនឯង អ្នក​នឹងមាន​កម្លាំង​ខ្លាំងក្លា​ជាង​មុន​។​

​ទី​៥ ៖ មារយាទ សីលធម៌ ខ្វះ នឹង​ប្រទះ​នូវ​គ្រោះ​

​ប្រសិនបើ​អ្នក​គោរព​អ្នកណាម្នាក់ នោះគេ​នឹង​ការពារ​អ្នក ជួយ​អ្នក ។​

​ទ្រព្យសម្បត្តិ​អាច​គង់វង្ស​បាន​ដោយសារ​ចរិយា​ធម៌ ផ្ទុយទៅវិញ​វា​នឹង​ក្លាយជា​គ្រោះថ្នាក់​។ ជាអាទិ៍ មនុស្ស​មាន​លុយ​វាល់​លាន​គ្មាន​ភាព​បារម្ភ​ខ្លាច ក្នុងពេលដែល​អ្នកខ្លះ​មាន​ខ្ទង់​ម៉ឺន​សែន​ប៉ុណ្ណោះ បែរជា​រស់ក្នុង​សភាព​ភ័យព្រួយ​ជានិច្ច​។​

​ឫសគល់​របស់​មនុស្ស​គឺ​ការស្មោះត្រង់ ទង្វើ​សុចរិត ការ​អំណត់ មិន​ព្យាបាទ ប្រការ​៣​នេះ​ជួយ​ឱ្យ​មនុស្ស​មាន​ថាមពល​ខ្លាំង ហើយ​កម្ចាត់​ចោល​នូវ​ថាមពល​អាក្រក់​។​ការ​សាង​បំ​ប៉ុន​គុណភាព​ជីវិត​និង​សីលធម៌​សម្រាប់​ខ្លួន គឺជា​វិធី​នាំមក​នូវ​ហុងស៊ុយ​ល្អ​បំផុត ជួយ​ការពារ​ដល់​អ្នក​បាន​គ្រប់ពេល​។​

​ដូច្នេះ​រឿងនេះ​គ្រូ​ហុងស៊ុយ​ប្រាកដជា​មិន​ប្រាប់​អ្នក​ឡើយ​៕​សូ​យ​ន​

×