ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនាការ និងពិភាក្សាការងារជាមួយ លោកស្រី ជុង ធីម៉ាយ (Truong Thi Mai) សមាជិកការិយាល័យនយោបាយលេខាមជ្ឈឹមបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ខណៈដែលលោកជំទាវដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោកស្រី ជុង ធីម៉ាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាអនុញ្ញាតឲ្យ លោកជំទាវ និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម។ លោកស្រីបានអបអរសាទរចំពោះជោគជ័យ ក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ របស់ប្រទេសកម្ពុជា ហើយក្នុងនោះរាជរដ្ឋាភិបាល និងរដ្ឋសភាអាណត្តិថ្មី បានប្រសូត្រឡើងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។
លោកស្រីបានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមគួរឲ្យ កត់សម្គាល់ ដែលនេះបានបង្ហាញឲ្យឃើញ ពីការដឹកនាំដ៏ត្រឹមត្រូវ របស់ស្ថាប័នកំពូលៗកម្ពុជា មានស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
លោកស្រី បានស្នើសុំសម្តេចប្រធានរដ្ឋសភា នៅក្នុងនីតិកាលទី៦នេះ បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភា វៀតណាមបន្ថែមទៀត ទាំងការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្នុងការតាក់តែងច្បាប់ជាដើម ដើម្បីបម្រើផលប្រយោជន៍ ប្រជាជន និងប្រទេសទាំងពីរ។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ លោកស្រីជុង ធីម៉ាយ និងសមាជិកគណៈប្រតិភូទាំងអស់ ដែលបានឆ្លៀតឱកាសមកជួបសម្តែងការគួរសម ជាមួយសម្តេចនាពេលនេះ។ សម្តេច បានវាយតំលៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី និងគណៈប្រតិភូ នាពេលនេះ ថាពិតជាបានរួមចំណែកក្នុងការបន្តពូនជ្រំ នូវចំណងទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសរវាងបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែរឹងមាំខ្លាំងក្លាទ្វេដងថែមទៀត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ រវាងគណៈចលនាមហាជន នៃប្រទេសទាំងពីរ និងបានលើកទឹកចិត្ត ជួយជំរុញ និងលើកកម្ពស់កិច្ចសហការនេះ ឲ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកឲ្យបានកាន់ តែច្រើន ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ។
សូមជម្រាបថា នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោកស្រី ជុង ធីម៉ាយ នឹងជួបពិភាក្សាការងារជាមួយ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងជាប្រធានគណៈចលនាមហាជនកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។
សម្តេចអគ្គមហាពញាចក្រី បានលើកឡើងថា សកម្មភាពចលនាមហាជន របស់ប្រទេសកម្ពុជា និងវៀតណាម បានខិតខំ និងប្រឹងប្រែងយ៉ាងសកម្ម ក្នុងការដឹកនាំចលនាមហាជន ឲ្យទទួលបានលទ្ធផលគួរជាទីមោទនៈ នាពេលកន្លងមក ជាពិសេសកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធរវាងចលនា មហាជននៃប្រទេសទាំងពីរ។
នៅក្នុងជំនួបសវនាការនេះ ទាំងសម្តេចប្រធានរដ្ឋសភា និង លោកជំទាវ ជុង ធីម៉ាយ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាចំណងមិត្តភាព “អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ និងយូរអង្វែង” បានធ្វើឲ្យទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងវៀតណាម ជិតឈានដល់គោលដៅហើយ។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ជុង ធី ម៉ាយ ៕ ដោយ ៖ បញ្ញាស័ក្តិ