Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក​៖ តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ចាំបាច់​ត្រូវមាន​អភិក្រម​គោលនយោបាយ​ថ្មី ដើម្បី​ ​ការរក្សា​ឲ្យបាន​នូវ​ចល័ត​ភាពឈានឡើង​នៃ​សេដ្ឋកិច្ច

​ក្រុង​ហ្សា​កាតា ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧៖ របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​ពិភពលោក​និយាយថា បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិក​ដែល​កំពុង​អភិវឌ្ឍន៍​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទទួល​ជោគជ័យ​ខ្លាំង​នៅលើ​ពិភពលោក​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​ក្នុង​ការកែលម្អ​ស្តង់ដា​ជីវភាព​រស់នៅ​របស់​ប្រជា​ជាន ចាំបាច់​ត្រូវ​ប្តូរ​ទិស​ដៅ​ទៅរក​គំរូ​កំណើន​សេដ្ឋកិច្ច​ថ្មី​មួយទៀត ប្រសិនបើ​គេ​ប្រាថ្នា​ចង់​សម្រេច​ឲ្យបាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយា​ប័ន្ន ទៅ​ថ្ងៃមុខ​។

​របាយការណ៍​ដែល​មាន​ចំណងជើង​ថា Riding the Wave: An East Asian Miracle for the 21st Century (​ផលចំណេញ​ពី​ភាព​ចម្រុងចម្រើន​បច្ចុប្បន្ន​៖ អព្ភូតហេតុ​តំបន់​អាស៊ី​បូព៌ា​សម្រាប់​សតវត្សរ៍​ទី​២១) និយាយថា កំណើន​មាន​លក្ខណៈ​បរិយា​ប័ន្ន គឺ​កំណើន​ដែល​កាត់បន្ថយ​ភាពក្រីក្រ​ហើយ​បង្ក​លក្ខណៈ​ឲ្យមាន​ចល័ត​ភាពឈានឡើង និង​ធានា​ឲ្យមាន​សន្តិសុខ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ជន​គ្រប់​រូប​នឹង​តម្រូវឲ្យ​ប្រទេស​ទាំងអស់​ប្រឹងប្រែង​ឲ្យទៅ​ហួស​ពី​គំរូ “​កំណើន​មាន​វិសម​ធម៌​”​។ ទស្សនៈវិស័យ​សម្រាប់​ចល័តភាព​ឈាន​ឡើង​ត្រូវបាន​គេ​មើលឃើញ​ថា​ហាក់​មាន​ការកើនឡើង​មិន​ទៀត​ទាត់ ដែល​ឆ្លុះបញ្ចាំង​នូវ​អារម្មណ៍​មួយ​ថា ប្រាក់​ចំណូល​និង​ទ្រព្យ​កាន់តែ​មាន​លក្ខណៈ​ប្រមូលផ្តុំ ហើយ​លទ្ធភាព​ទទួលបាន​សេវា​ជា​មូលដ្ឋាន​បន្ត​នៅមានកម្រិត ហើយ​តែងតែ​មាន​គុណភាព​អន់​ទៀតផង​។ ការសម្រេច​ឲ្យបាន​សន្តិ​សុខ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ជន​គ្រប់រូប​ក៏​កាន់តែ​លំបាក​ខ្លាំង​ឡើង​ដែរ ជាពិសេស​សម្រាប់​តំបន់​មួយ​ដែល​កំពុងតែ​ប្រឈម​ជាមួយនឹង​បញ្ហា​ថ្មីៗ​ច្រើន ក្នុងនោះ​មាន ជរាភាព​កាន់តែ​លឿន ទស្សនៈវិស័យ​កំណើន​កាន់តែ​មាន​ភាពមិនប្រាកដ​ប្រជា ហើយ​និង​ការរីកដុះដាល​របស់​ទីប្រជុំជន​កាន់តែ​ធំ​ឡើងៗ​។

​វិសមភាព​គឺ​កំពុងតែ​បង្ក​ឲ្យមាន​ក្តីបារម្មណ៍​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​តំបន់​នេះ​។ ច្រើនជាង ៩០%​នៃ​ប្រជាជន​ក្នុង​ប្រទេស​ចិន និង​ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​ក្នុង​ប្រទេស​ហ្វីលីពីន គិត​ថា​ភាពខុសគ្នា​នៃ​ចំណូល​នៅក្នុង​ប្រទេស​របស់​ពួកគេ​គឺ​ធំធេង​ណាស់​។ សម្រាប់​ប្រទេស​ឥណ្ឌូនេស៊ី ជិត ៩០%​នៃ​ប្រជាជន​របស់​ខ្លួន​គិតថា វា​ពិតជា​មាន​ការ​បន្ទាន់​មួយ​ដើម្បី​ដោះស្រាយ​វិសមភាព​នេះ នៅពេល​ដែល​ប្រជាជន​ក្នុង​ប្រទេស​វៀតណាម ៨​នាក់​ក្នុងចំណោម ១០ នាក់ បារ​ម្មណ៍​អំពី​ភាពខុស​គ្នា​នៃ​ស្តង់ដារ​ជីវភាព​រស់នៅ​។​

​លោកស្រី វិច​តូ​រៀ ក្វា​ក្វា អនុប្រធាន​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិក និយាយថា​៖ «​ការណ៍​ដែល​ប្រជាជន​ជិត​មួយ​ប៊ីលាន​នាក់​នៅក្នុង​តំបន់​អាស៊ី​បូ​ព៌ា បាន​ចាក​ផុត​ពី​ភាពក្រីក្រ​តោកយ៉ាក​ក្នុង​រយៈពេល​មួយ​ជំនាន់​មនុស្ស គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​មួយ​។ ប៉ុន្តែ ដើម្បី​ឲ្យ​តំបន់​នេះ​អាច​រក្សា​កំណើន​ប្រកប​ដោយ​បរិយា​ប័ន្នបាន បណ្តា​ប្រទេស​នៅក្នុង​តំបន់​នេះ​ចាំបាច់​ត្រូវ​លៃលក​ដោះស្រាយ​ភាព​ប្រឈម​ទាំងឡាយ ដោយ​លុបបំបាត់ឲ្យអ​ស់ទាំង​ស្រុង​នូវ​ភាពក្រីក្រ​តោកយ៉ាក ពង្រីក​ទស្សនៈវិស័យ​សម្រាប់​បង្កើន​ចល័តភា​ព​ផ្នែក​សេដ្ឋកិច្ច និង​ធានាឲ្យបាន​នូវ​សន្តិសុខ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ជន​គ្រប់​រូប​»​។

​តំបន់​នេះ​បាន​ប្រែក្លាយ​ពី​តំបន់​មួយ​ដែល​សម្បូរ​ភាគច្រើន​ជា​ប្រទេស​ក្រីក្រ​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ទៅ​ជា​សំណុំ​ប្រទេស​មាន​ចំណូល​មធ្យម ដែល​ក្នុងនោះ​មាន​ទិដ្ឋភាព​វណ្ណៈ​សេដ្ឋកិច្ច​ចម្រុះ​។ គិត​មក​ត្រឹម​ឆ្នាំ​២០១៥ ជិត​ពីរ​ភាគ​បី​នៃ​ប្រជាជន​ក្នុង​តំបន់ គឺជា​អ្នក​រស់​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​មាន​សន្តិសុខ ឬ​ជា​ជន​វណ្ណៈ​កណ្តាល គឺ​កើនឡើង​ពី​២០%​នៅក្នុង​ឆ្នាំ​២០០២​។

​ភាគ​ចំណែក​នៃ​ចំនួន​ជនក្រីក្រ​តោកយ៉ាក ឬ ជនក្រីក្រ​ល្មម បាន​ធ្លាក់ចុះ​យ៉ាង​សន្ធឹកសន្ធាប់ គឺ​ពី​ចំនួន​ជិត​ពាក់កណ្តាល​នៃ​ប្រជាជន​សរុប​ក្នុង​ឆ្នាំ​២០០២ មក​នៅត្រឹម​លើ​មួយ​ភាគ​ប្រាំបី​បន្តិច​ក្នុង​ឆ្នាំ​២០១៥​។ ប៉ុន្តែ ចំនួន​ភាគរយ​នៃ​បុគ្គល​ដែល​ងាយ​រងគ្រោះ​ធ្លាក់​ចូលទៅក្នុង​ភាពក្រីក្រ​វិញ គឺ​អ្នក​ទាំងឡាយ​ដែល​រស់​បាន​ដោយសារ​ចំណូល​ត្រឹម​ពី US$3.10 ទៅ US$5.10 ក្នុង​មួយ​ថ្ងៃ នៅតែ​ដដែល រវាង​ឆ្នាំ​២០០២ និង​ឆ្នាំ​២០១៥ គឺ​ប្រហែល​មួយ​ភាគ​បួន​នៃ​ប្រជាជន​សរុប​។

​គោលនយោបាយ​ដែល​មាន​លក្ខណៈ​ប្លែក​ជាង​បច្ចុប្បន្ន​បន្តិច​សម្រាប់​ធ្វើឲ្យ​មាន​កំណើតសេដ្ឋកិច្ច​ប្រកប​ដោយ​បរិយា​ប័ន្ន អាច​ជួយ​លៃលក​ដោះស្រាយ​ឧបសគ្គ​ដែល​វណ្ណៈ​សេដ្ឋកិច្ច​ផ្សេងៗ​គ្នា​កំពុង​ជួបប្រទះ​។ គោលនយោបាយ​សម្រាប់​ជន​ក្រីក្រ​តោកយ៉ាក​នៅ​សេសសល់ ដែល​កាត់បន្ថយ​របារ​ឧបសគ្គ​ដល់​ឱកាស​សេដ្ឋកិច្ច ក៏​ដូចជា​ការរក្សា​ឲ្យបាន​នូវ​កំណើន​មាន​មូលដ្ឋាន​ទូលំទូលាយ អាច​ជួយ​ពួកគេ​ឲ្យ​ឈាន​ឡើង​កាំជណ្តើរ​ប្រាក់ចំណូល​បាន​ខ្ពស់​ជាង​បច្ចុប្បន្ន​។ ការបង្កើន​លទ្ធភាព​ទ​ទួលបាន​សេវាសាធារណៈ មាន​សេវា​ថែទាំ​សុខភាព​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម ក៏​ដូច​ជា​យន្តការ​នានា​សម្រាប់​គ្រប់គ្រង​ហានិភ័យ​ផងដែរ នឹង​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​។ អ្វី​ជា​អាទិភាព​សម្រាប់​អ្នក​រស់​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​មាន​សន្តិសុខ និង ជន​វណ្ណៈ​កណ្តាល គឺ​ការកែលម្អ​ការផ្តល់សេវា​សាធារណៈ​និង​គុណភាព​របស់​វា ដូចជា​លំនៅដ្ឋាន ទឹក និង​អនាម័យ​។

​សសរស្តម្ភ​សម្រាប់​ទ្រទ្រង់​របៀបវារៈ​នេះ​មាន​បី គឺ ជំរុញ​ចល័តភាព​ផ្នែក​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​រីកចម្រើន គឺ​ទាមទារ​ឲ្យមាន​ការបិត​ផ្ជិត​នៃ​គម្លាត​ក្នុង​ការទទួល​ការងារ​និង​សេវាកម្ម ការបង្កើន​គុណភាព​ការងារ និង​ការលើកកម្ពស់​បរិយា​ប័ន្ន​ផ្នែក​ហិរញ្ញវត្ថុ ។ សសរស្តម្ភ​ទី​២ គឺ​ការផ្តល់​សន្តិសុខ​សេដ្ឋកិច្ច​ឲ្យ​ច្រើន​ជា​មុន ដោយ​រួមទាំង​ការពង្រឹង​ប្រព័ន្ធ​ជំនួយ​ផ្នែក​សង្គម ការពង្រីក​ការធានារ៉ាប់រង​ផ្នែក​សង្គម និង​ការបង្កើន​ភាពរឹងមាំ​ទប់​នឹង​វិបត្តិ​នានា ។ ការពង្រឹង​ស្ថាប័ន​គឺជា​សសរស្តម្ភ​ទី​៣ ដោយ​រួមទាំង​ការធ្វើឲ្យ​ប្រសើរ​នៃ​គោលនយោបាយព​ន្ធ ដើម្បី​ពង្រីក​ធនធាន និង​ការលើកកម្ពស់​ប្រសិទ្ធភាព​កម្មវិធី​ចំណាយ​ប្រកប​ដោយ​បរិយា​ប័ន្ន​។ ការគ្រប់គ្រង​បាន​កាន់តែ​ល្អ​លើ​ជរាភាព​ឆាប់រហ័ស និង លើ​ការរីកដុះដាល​របស់​ទីប្រជុំជន ព្រមទាំង​ការពង្រីក​ភាព​ប្រកួតប្រជែង ក៏​នឹង​ជួយ​ដល់​របៀបវារៈ​នេះដែរ​។

លោក ស៊ុ​ឌៀ សេត​ទី ប្រធាន​សេដ្ឋកិច្ចវិទូ​របស់​ធនា​គារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិក និយាយថា​៖ “​គោលនយោបាយ​សម្រាប់​កំណើន​ប្រកប​ដោយ​បរិយា​ប័ន្ន អាច​ដើរតួ​ជា​កិច្ចសន្យា​សង្គម​ថ្មី​មួយ​សម្រាប់​បណ្តា​រដ្ឋាភិបាល​នៅ​ទូទាំង​តំបន់​នេះ​។ សមាសភាគ​របស់​វា​នឹង​លៃលក​ដោះស្រាយ​ភាពចាំបាច់​របស់​វណ្ណៈ​សេដ្ឋកិច្ច​នីមួយៗ ដោយ​រក្សា​បាន​នូវ​សារពើពន្ធ​មាន​ភាព​ទទួលខុសត្រូវ និង​បង្កើន​ចំណូល​តាម​របៀប​មួយ​ដែល​មាន​ប្រសិទ្ធ​ផល​និង​សមធម៌​”​។

​របាយការណ៍​នេះ​រៀបចំ​ប្រទេស​ជា​ប្រាំ​ក្រុម ហើយ​ផ្តល់​ជា​អនុសាសន៍​គោលនយោបាយ​ដែល​តម្រូវ​ទៅតាម​ក្រុម​នៃ​ប្រទេស​នី​មួយៗ​។ ប្រទេស​ម៉ាឡេស៊ី និង ប្រទេស​ថៃ ក្រុម​ប្រទេស​មាន “​វិបុលភាព​ឈានឡើង​” ‘Progressive Prosperity’ ដែល​មក​ទល់​ពេល​នេះ​បាន​លុបបំបាត់​សឹងតែ​អស់​ទៅហើយ​នូវ​ភាពក្រីក្រ​តោកយ៉ាក ហើយ​ជំរុញ​វណ្ណៈ​កណ្តាល​ឲ្យ​រីកដុះដាល​កាន់តែ​ធំ អាច​ធ្វើ​អាទិភាព​បំពេញ​បំណងប្រាថ្នា​កាន់តែ​ធំ​ឡើង​របស់​វណ្ណៈ​កណ្តាល ហើយ​ស្របពេល​គ្នា​នោះ ធ្វើការ​កៀរគរ​និង​ប្រើប្រាស់​ធនធាន​សម្រាប់​លៃលក​ដោះស្រាយ​ភាព​មិន​ស៊ីគ្នា​ដែល​នៅ​សេសសល់​។ ប្រទេស​ចិន​និង​ប្រទេស​វៀតណាម ក្រុម​ប្រទេស “​ចេញផុត​ពី​ភាពក្រីក្រ​ឈាន​ចូល​វិបុលភាព​” ‘Out-of-poverty-into-prosperity’ ដែល​ក្នុងនោះ​មួយ​ភាគ​ធំ​នៃ​ប្រជាជន​របស់​គេ​ជា​អ្នក​រស់​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​មាន​សន្តិសុខ ឬ​ជា​ជន​វណ្ណៈ​កណ្តាល គប្បី​លៃលក​ដោះស្រាយ​បំណងប្រាថ្នា​កាន់តែ​ធំ​ឡើង​របស់​វណ្ណៈ​កណ្តាល​របស់​គេ និង​របស់​ក្រុម​ពលរដ្ឋ​ងាយ​រងគ្រោះ ហើយ​ព្រម​ពេល​ជាមួយគ្នា​នោះ​ត្រៀម​លក្ខណៈ​សម្រាប់​ស្ថានភាព​ឆាប់​ចាស់ជរា​របស់​ពលរដ្ឋ​។

​ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​ហ្វ៊ីលីពីន និង​ប្រទេស​កម្ពុជា ត្រូវបាន​ចាត់ទុក​ថា​ជា​ក្រុម​ប្រទេស “​ចាក​ផុត​ពី​ភាពក្រីក្រ​តោកយ៉ាក​” ‘Out-of-extreme-poverty’ ដែល​មាន​ភាពក្រីក្រ​តោកយ៉ាក​ក្នុង​កម្រិត​ទាប ប៉ុន្តែ​ជន​វណ្ណៈ​កណ្តាល​ក្នុង​ទំហំ​តូច​នៅឡើយ​។ ប្រទេស​ទាំងនេះ​អាច​ធ្វើ​អាទិភាព​បង្កើន​ចល័តភាព​ផ្នែក​សេដ្ឋកិច្ច និង ការធ្វើសមាហរណកម្ម​កម្មវិធី​កិច្ច​គាំពារ​សង្គម​។ បណ្តា​ប្រទេស​ដែល​នៅ​មិនសូវ​មាន​ការរីកចម្រើន ដូចជា​ប្រទេស​ឡាវ និង ប្រទេស​ប៉ា​ពូ នូ​ហ្គី​ណេ ដែល​ភាពក្រីក្រ​តោកយ៉ាក​ស្ថិតក្នុង​កម្រិត​ខ្ពស់​នៅឡើយ អាច​ប្រឹងប្រែង​កាត់បន្ថយ​ភាពក្រីក្រ​ឲ្យបាន​កាន់តែរ​ហ័សជាង​បច្ចុ​ប្បន្ន​នេះ​ថែម​ទៀត តាមរយៈ​ការវិនិយោគ​ទៅ​ក្នុង​ការអប់រំ​ជា​មូលដ្ឋាន និង ការលើកកម្ពស់​បរិយា​ប័ន្ន​ផ្នែក​ហិរញ្ញវត្ថុ ព្រម​ទាំង​ការពង្រឹង​ជំនួយ​និង​ភាព​ធន់​នឹង​នៃ​សង្គម​ផងដែរ​។ បណ្តា​ប្រទេស​នៅតាម​កោះ​ប៉ា​ស៊ី​ហ្វ៊ិក មាន​លក្ខណៈ​ដោយឡែក ហើយ​ចាំបាច់​ត្រូវផ្តោត​គោលនយោបាយ​របស់​ពួកគេ​ទៅ​លើ​ការទាញយក​ចំណេញ​ពី​ឱកាស​សេដ្ឋកិច្ច​ដែល​កំពុងតែ​មាន​ស្រាប់ ដូចជា​វិស័យ​ទេសចរណ៍ និង នេសាទ តាមរយៈ​ការប្រើ​អានុភាព​ឱកាស​ការធ្វើ​ចំណាកស្រុក​ពលកម្ម និង ការវិនិយោគ​ទៅ​ក្នុង​ការកាត់បន្ថយ​និង​ការ​ទប់ស្កាត់​គ្រោះមហន្តរាយ​។

​តំបន់​អាស៊ី​បូព៌ា​ដែល​កំពុង​អភិវឌ្ឍន៍ បាន​នាំមុខ​គេ​ក្នុង​ការបង្ហាញ​ឲ្យឃើញ​ថា​តើ កំណើន​ឆាប់រហ័ស​និង​ដែល​មាន​ការចែករំលែក​ទូលំទូលាយ អាច​លើក​ប្រជាជន​រាប់លាន​នាក់​ចេញ​ផុត​ពី​ភាពក្រីក្រ​បាន​ដូចម្តេចខ្លះ​។ ជាមួយ​នឹង​គោលនយោបាយ​ទាំងនេះ បណ្តា​ប្រទេស​ក្នុង​តំបន់​អាច​តទល់​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ​នឹង​បញ្ហា​ប្រឈម​នានា​ដែល​ពេល​នេះ​ពួកគេ​ជួបប្រទះ និង ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យបាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយា​ប័ន្ន​៕ ដោយ​៖​កូឡាប​

×