នេះជាខ្សែរឿងជីវិតពិតមួយស្ទើរតែពុំគួរឲ្យជឿ និងអាណិតអាសូរជាពន់ពេក នៅពេលដឹងថាប្អូនស្រីម្នាក់ត្រូវក្លាយខ្លួនជានារីបម្រើផ្លូវភេទ ទាំងនៅវ័យកំពុងសិក្សា បន្ទាប់ពីម្តាយរបស់នាងបង្ខំឲ្យលក់ព្រហ្មចារីយ៍ឲ្យគេដំបូង ក្នុងតម្លៃ 1000$ (១ពាន់ដុល្លារ) ខណៈពេលដែលគ្រួសារពួកគេកំពុងរស់នៅសព្វថ្ងៃស្ទើរតែគ្មានអ្វីទាំងអស់នោះ ។ ប៉ុន្តែ ឥឡូវនេះ មានបងប្រុសម្នាក់ដែលជា CEO របស់ Westline Education Group បានប្រកាសស្វែងរកប្អូនស្រី ដើម្បីផ្តល់ជាការងារ និងការសិក្សាដល់នាងផងដែរ ។
បងប្រុសបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Pech Bolene យ៉ាងដូច្នេះថា៖ «មានអ្នកណាដឹងថាប្អូនស្រីនេះនៅឯណា រៀនឯណា រៀនដល់ណាហើយទេ? ខ្ញុំចង់ផ្តល់ឱកាសសិក្សា និងការងារជូន»។
យោងតាមកំរងឯកសារនៃវីដេអូរបស់ផេក RTDocumentary បានឲ្យដឹងថា ប្អូនស្រីខាងលើនេះមានឈ្មោះ មិច ឃៀង (Mich Khieng) ត្រូវបានម្តាយរបស់នាងបង្ខំឲ្យលក់ព្រហ្មចារីយ៍ ទៅឲ្យអតិថិជនម្នាក់ក្នុងតម្លៃ ១ ពាន់ដុល្លារ ។ ហើយបន្ទាប់ពីអស់ព្រហ្មចារីយ៍ នាងក៏ត្រូវម្តាយបង្ខំឲ្យធ្វើការនៅតាមក្លឹបខារ៉ាអូខេបន្តទៀត ។
ជីវិតធ្វើការបម្រើក្តីសប្បាយសម្រាប់មនុស្សទាំងក្មេងនិងចាស់ នៅក្នុងក្លឹបខារ៉ាអូខេ មិច ឃៀង បានបង្ហើបឲ្យដឹងថា នាងអាចទទួលបានលុយធីបពីភ្ញៀវក្នុងម្នាក់ជាដៃគូ 10$ ទៅ 20$ ដុល្លារ ប៉ុន្តែ ប្រសិនជាចេញទៅដេកខាងក្រៅជាមួយគេ គឺបានច្រើនជាងហ្នឹង ។
ទោះយ៉ាងណា ឥឡូវនេះ លែងចង់ធ្វើការក្នុងរបរដោះដូរផ្លូវភេទនេះទៀតហើយ និងគិតផ្តោតតែទៅលើការសិក្សារបស់នាងជាជាង ៕ ដោយ៖ ចន្ទី