ភ្នំពេញ ៖ លោកសែម បូរ៉ា អគ្គនាយកទូរទ្សន៍អនឡាញ TNM ត្រូវប៉ូលិសចាប់វ៉ៃខ្នោះ រឿងឆបោកលុយជិត៣០ម៉ឺនដុល្លារ។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃ២៦ ខែតុលា ឆ្នាំ២០១៨ នៅក្នុងខេត្តកំពង់ចាម។
បើតាមប្រភពព័ត៌មានមួយចំនួន បានឲ្យដឹងថា ការចាប់ខ្លួនលោកសែម បូរ៉ា អគ្គនាយកទូរទ្សអនឡាញន៍TNM ពាក់ព័ន្ធក្នុងដីធ្លីទីញដីលក់ដីរបស់ប្រជាពលរដ្ឋចំនួន៨គ្រួសារ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម និងរឿងរកស៊ីក្រុមហ៊ុន នៅខេត្តកំពង់ចាម។
បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ឈ្មោះ សែម បូរ៉ា ត្រូវបានសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួន ពីបទ ឆបោកប្រាក់តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម និងបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី។ សេចក្តីដូចបានគោរពជូនខាងលើ សូមលោកនាយកឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មេត្តាទទួលជ្រាប។
ក្នុងរបាយការណ៍របស់ស្នងកការនគរបាលខេត្តកំពង់ចាម បានបន្ថែមថា តាមការបំភ្លឺរបស់ឈ្មោះ សែម បូរ៉ា ៖ ខ្លួនពិតជាបានធ្វើជាអ្នកតំណាងឲ្យប្រជាពលរដ្ឋទាំង៨គ្រួសារ ដើម្បីលក់ដីឲ្យពួកគាត់ដែលមានទំហំ ៧,៩៧ហិកតា នៅចំណុចតំបន់អញ្ចាញ ស្ថិតក្នុងភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម យកទៅលក់ឲ្យឈ្មោះទេព ភារម្យ ពិតមែន ។ ប៉ុន្តែឈ្មោះសែម បូរ៉ា មិនបានយកប្រាក់ទៅឲ្យប្រជាពលរដ្ឋទេ បែរជាប្រាប់ប្រជាពលរដ្ឋទាំង៨គ្រួសារ ប្តឹងសុំផ្តាច់កិច្ចសន្យាលក់ដីពីឈ្មោះ ទេព ភារម្យ ទៅលក់ឲ្យឈ្មោះ ញ៉ាន សំអាត និងឈ្មោះជុន សុខឃៀង ទៅវិញ។
ករណីនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានដាក់បទបញ្ជាដល់កម្លាំងជំនាញ ផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកបាធាយ ចុះធ្វើការស្រាវជ្រាវដល់មូលដ្ឋាន រហូតឈានដល់ការចាប់ខ្លួនឈ្មោះសែម បូរ៉ា ក្នុងករណីឆបោកទិញលក់ដីនេះតែម្តង។
ពាក់ព័ន្ធនឹងករណីនេះ មិនអាចទំនាក់ទំនងលោក សែម បូរ៉ា ដើម្បីសុំការបំភ្លឺបានទេ ប៉ុន្តែបុគ្គលិកម្នាក់ធ្វើការនៅ ទូរទស្សន៍ TNM បាននិយាយថា គឺជាករណីយល់ច្រឡំគ្នាតែប៉ុណ្ណោះ ហើយត្រូវបានដោះស្រាយរួចរាល់ហើយដែរ មិនមានអ្វីធំដុំនោះទេ ៕ ដោយ ៖ រចនា