កាសែត The Korea Time ចុះផ្សាយថ្ងៃទី៣/១២ កងទ័ពកូរ៉េខាងត្បូង បានដាក់ឲ្យប្រតិបត្តិការនូវកងកម្លាំងពិសេសមួយដើម្បីផ្តួលរំលំមេដឹកនាំកូរ៉េខាងជើង Kim Jong-Un ក្នុងករណីសង្គ្រាមផ្ទុះឡើង។
អង្គភាពនេះរួមមានទាហាន ១.០០០នាក់ ត្រូវបានគណបញ្ជាការសង្គ្រាមពិសេស កូរ៉េខាងត្បូង (SWC) បង្កើតឡើងដោយយកគំរូតាមកងកម្លាំង Ranger, Delta Force, SEAL និង Green Berets របស់អាមេរិក។
អង្គភាពនេះពុំទាន់មានឈ្មោះជាផ្លូវការនៅឡើយទេ ។ គោលដៅរបស់វាគឺកម្ចាត់ចោលបុគ្គលសំខាន់របស់រដ្ឋាភិបាលកូរ៉េខាងជើង បំផ្លាញបណ្តាមូលដ្ឋាននុយក្លេអ៊ែរ និងកាំជ្រួច។ តាម The Korea Time កងទ័ពកូរ៉េខាងត្បូងមានគម្រោងដាក់ឲ្យប្រតិបត្តិការកុម្មង់ដូរ “ធ្វើឃាតនេះ” នៅឆ្នាំ២០១៩ ប៉ុន្តែអាស្រ័យដោយស្ថានការណ៍តានតឹងខ្លាំង គេក៏សម្រេចដាក់ពង្រាយកងកម្លាំងនេះតែម្តង។
កូរ៉េខាងត្បូងបង្កើនសកម្មភាពប្រឆាំងកូរ៉េខាងជើង ក្រៅអំពីកងកុម្មង់ដូរធ្វើឃាតនេះ នៅថ្ងៃទី០១/១២ យោធាអាកាសកូរ៉េខាងត្បូងក៏បានប្រកាសពីការដាក់បង្រាយស្ថាប័នចារកម្ម ឃ្លាំមើល និងស៊ើបការណ៍ទ្រង់ទ្រាយធំក្នុងដែនអាកាសផងដែរ។ តាម Yonhap ឲ្យដឹងថា អង្គភាពនេះមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាមេរិក។
នៅថ្ងៃទី០៣/១២ ដដែលនោះ ព្រឹទ្ធសមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ Lindsey Grahamបានអំពាវឲ្យមន្ទីរបញ្ចកោណជម្លៀសក្រុមគ្រួសារពលទាហានអាមេរិកចេញផុតពីកូរ៉េខាងត្បូង ព្រោះតែ “ជម្លោះជាមួយកូរ៉េខាងជើងកាន់តែឈានជិតដល់សង្គ្រាម” ហើយ។
សមាជិកសភា Lindsey Graham លោក Graham ជាសមាជិកគណៈកម្មាធិការកងកម្លាំងយោធានៃព្រឹទ្ធសមាជិកសភាបានប្រាប់ស្ថានីយ CBS ថា ៖ “ជាការឆ្កួតលីលាណាស់ គ្រាដែលប្តី ឬប្រពន្ធ ព្រមទាំងកូនចៅពលទាហាននៅកូរ៉េខាងត្បូង។ ខ្ញុំសំណូមពរឲ្យមន្ទីរបញ្ចកោណបញ្ឈប់សកម្មភាពនេះភ្លាម ហើយវាក៏ដល់ពេលសមល្មមនឹងជម្លៀស ក្រុមគ្រួសារពលទាហានទាំងនោះចេញផុតពីកូរ៉េខាងត្បូង”។
និយាយអំពីកាំជ្រួចអន្តរទ្វីបដែលកូរ៉េខាងជើងទើបបានបាញ់បង្ហោះកាលពីសប្តាហ៍មុន លោក Graham ព្រមានទុកថា “យើងកំពុងឈានជិតដល់ជម្លោះប្រដាប់អាវុធមួយ ហើយពេលវេលាបានអស់ទៅហើយ៕ ចន្ទ្រា