ភ្នំពេញ៖ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (“លីកាដូ”) បានថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ បានចេញផ្សាយរបាយការណ៍ថ្មីមួយស្ដីពី “បើគ្មានការផ្តន្ទាទោសគឺ គ្មានការការពារ ៖ ការឆ្លើយតបចំពោះអំពើហិង្សាក្នុងគ្រួសារនៅកម្ពុជា” ដើម្បីប្រារព្ធយុទ្ធនាការ១៦ថ្ងៃជាសាកល ក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រីភេទ ដែលចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។ របាយការណ៍នេះបង្ហាញពីភាពទន់ខ្សោយនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក្នុងការការពារជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាការផ្ដន្ទាទោសឱ្យបានត្រឹមត្រូវលើជនល្មើសដែលប្រព្រឹត្តអំពើហិង្សា។
របាយការណ៍នេះធ្វើឡើង ដោយផ្អែកលើការពិនិត្យឡើងវិញនៃសំណុំរឿងអំពើហិង្សាក្នុងគ្រួសារដែលត្រូវបានបិទបញ្ចប់ចំនួន ២៣៧ករណី ដែលលីកាដូបានឃ្លាំមើលចាប់ពីដើមឆ្នាំ២០១៤ ដល់ ចុងឆ្នាំ២០១៦។ ជាង៤០ភាគរយនៃករណីទាំងនេះ ត្រូវបានបិទបញ្ចប់ដោយជនរងគ្រោះនៃអំពើហិង្សា ត្រឡប់ទៅរស់នៅជាមួយដៃគូដែលមានចរិតហិង្សាវិញ ហើយមានតែ២០ភាគរយប៉ុណ្ណោះដែលត្រូវបានបិទបញ្ចប់ដោយបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងជនល្មើស។ ករណីក្រៅពីនេះផ្សេងទៀត ត្រូវបានបិទបញ្ចប់ដោយប្ដីប្រពន្ធរស់នៅផ្សេងគ្នា ឬលែងលះគ្នា ប៉ុន្តែមិនមានបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងជនល្មើសទេ។
របាយការណ៍នេះបានបង្ហាញពីមូលហេតុ ដែលករណីជាច្រើនត្រូវបានបិទបញ្ចប់ដោយជនរងគ្រោះ និងជនល្មើសនៅតែបន្តរស់នៅជាមួយគ្នា។ នេះអាចបណ្ដាលមកពីកត្តាផ្សេងៗដូចជា សម្ពាធគ្រួសារ ជំនឿសាសនា ភាពក្រីក្រ ការខ្វះខាតធនធាន និងអំពើពុករលួយនៅក្នុងប្រព័ន្ធយុត្តិធម៌ជាដើម។ របាយការណ៍នេះក៏បានរកឃើញថា តួលេខនៃអាជ្ញាធរជាច្រើនដូចជា មេឃុំ-ចៅសង្កាត់ និងនគរបាល តែងជួយសម្របសម្រួលឱ្យប្ដីប្រពន្ធផ្សះផ្សាគ្នាវិញ។
កញ្ញា ណាប់ សុម៉ាលី មន្ត្រីជាន់ខ្ពស់ផ្នែកឃ្លាំមើលការរំលោភសិទិ្ធស្ត្រី និងកុមារនៃអង្គការ លីកាដូ បានមានប្រសាសន៍ថា “គួរមានវិធានការច្រើនទៀត ដើម្បីការពារស្ត្រីនិងកុមារ នៅក្នុងសង្គមកម្ពុជា។ យើងចង់ឃើញការចាត់វិធានការប្រកបដោយប្រសិទ្ធិភាព ដើម្បីជួយ និងស្ដារនីតិសម្បទាជនរងគ្រោះដូចជា ការផ្ដល់ធនធានសម្រាប់អ្នកធ្វើកិច្ចការសង្គម ក្រុមគ្រូពេទ្យវិជ្ជាជីវៈ និងមណ្ឌលសម្រាប់ជួយស្ត្រីនៅពេលមានបញ្ហាជាដើម”។
ច្រើនជាង២/៣នៃករណីទាំងអស់ដែលជនរងគ្រោះនៃអំពើហិង្សា បានសម្រេចចិត្តត្រឡប់ទៅរស់នៅជាមួយដៃគូរបស់នាងវិញ តួលេខបង្ហាញថា អាជ្ញាធរជាច្រើនបានពាក់ព័ន្ធក្នុងការលើកទឹកចិត្តឱ្យប្ដីប្រពន្ធធ្វើដូច្នេះ។ ជាទូទៅការផ្សះផ្សាទាំងនេះធ្វើឡើង បន្ទាប់ពីភាគីបុរសត្រូវបានស្ដីបន្ដោសដោយសារការប្រើអំពើហិង្សា ហើយភាគីស្ត្រីត្រូវបានស្តីបន្ទោសដោយសារការរអ៊ូរទាំ ឬមិនយកចិត្តទុកដាក់ចំពោះដៃគូឱ្យបានគ្រប់គ្រាន់ ដែលជាហេតុនាំឱ្យ មានអំពើហិង្សាកើតឡើង។ ជាធម្មតាដំណើរការនៃការផ្សះផ្សា ត្រូវបានបិទបញ្ចប់ដោយភាគីទាំងពីរចុះហត្ថលេខាលើកិច្ចសន្យាក្រៅផ្លូរការ ដោយព្រមព្រៀងគ្នាថានឹងកែប្រែឥរិយាបថអវិជ្ជមានរៀងៗខ្លួន។ ក្នុងករណីមួយចំនួន វិធីនេះអាចកាត់បន្ថយអំពើហិង្សាបានរយៈពេលខ្លី ប៉ុន្តែមិនមានប្រសិទ្ធភាពរយៈពេលវែងទេ។ ទោះបីជាយ៉ាងណា លីកាដូបានកត់សម្គាល់ឃើញករណីជាច្រើនដែលប្ដីប្រពន្ធបានចុះហត្ថលេខាលើកិច្ចសន្យាច្រើនដងរួចមកហើយ ប៉ុន្តែនៅតែគ្មានការចាត់វិធានការផ្លូវច្បាប់ផ្សេងទៀត ទៅលើដៃគូដែលប្រើអំពើហិង្សានោះឡើយ។
នេះជាពេលវេលាដែលប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា គួរចាត់វិធានការឱ្យបានម៉ឹងម៉ាត់ចំពោះអំពើហិង្សាក្នុងគ្រួសារ។ កន្លងមក មានករណីអំពើហិង្សាក្នុងគ្រួសារតិចតួចប៉ុណ្ណោះ ដែលត្រូវបានយកទៅជំនុំជម្រះ ហើយនេះគឺជាសញ្ញាណអវិជ្ជមានចំពោះជនល្មើសដែលមិនខ្លាចវិធានការផ្លូវច្បាប់។
របាយការណ៍នេះ ធ្វើការវិភាគលើករណីមួយចំនួនតូច ដែលត្រូវបានផ្ដន្ទាទោសក្នុងសវនាការព្រហ្មទណ្ឌ ដោយរកឃើញថា មានករណីជាច្រើនដែលការផ្ដន្ទាទោសដាក់ពន្ធនាគារ គឺតិចជាងរយៈពេលអប្បបរមាចែងនៅក្នុងច្បាប់។ យោងតាមក្រមព្រហ្មទណ្ឌ អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ។ ទោះបីជាយ៉ាងនេះក្ដី ក្នុងចំណោមករណីដែលលីកាដូបានឃ្លាំមើល ជនល្មើសប្រហែល 1/3 នៃករណីសរុប ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារតិចជាងពីរឆ្នាំប៉ុណ្ណោះ។ ច្រើនជាង១/៤នៃករណី មានផ្នែកខ្លះនៃទោស ត្រូវបានព្យួរ ដូច្នេះការអនុវត្តទោសក្នុងពន្ធនាគារគឺត្រឹមមួយឆ្នាំ ឬតិចជាង
មួយឆ្នាំតែប៉ុណ្ណោះ។ មានករណីតិចតួចណាស់ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ លើសពីទោសអប្បបរមា។
ការស្រាវជ្រាវបានរកឃើញថា មានករណីជាច្រើនដែលអាជ្ញាធរមិនបានទទួលស្គាល់ ឬចាត់ទុកអំពើហិង្សាក្នុងគ្រួសារថាជា បទល្មើសព្រហ្មទណ្ឌ ដូច្នេះហើយទើបពួកគាត់មិនសូវយកចិត្តទុកដាក់ខ្លាំងក្នុងការចាត់វិធានការលើករណីនេះ។
អ្នកនាង ណាលី ពីឡូក នាយិការងផ្នែកតស៊ូមតិនៃអង្គការលីកាដូ បានមានប្រសាសន៍ថា “នេះជាពេលវេលាដែលប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា គួរចាត់វិធានការឱ្យបានម៉ឹងម៉ាត់ចំពោះអំពើហិង្សាក្នុងគ្រួសារ។ កន្លងមក មានករណីអំពើហិង្សាក្នុងគ្រួសារតិចតួចប៉ុណ្ណោះ ដែលត្រូវបានយកទៅជំនុំជម្រះ ហើយនេះគឺជាសញ្ញាណអវិជ្ជមានចំពោះជនល្មើសដែលមិនខ្លាចវិធានការផ្លូវច្បាប់”។ អ្នកនាងបានបន្តទៀតថា “មានបទបញ្ញត្តិជាច្រើនសម្រាប់ឆ្លើយតបនឹងបញ្ហានេះ ប៉ុន្តែទាមទារឱ្យមានការអនុវត្តដោយត្រឹមត្រូវបន្ថែមទៀត”។
របាយការណ៍នេះសន្និដ្ឋានថា ការឆ្លើយតបចំពោះអំពើហិង្សាក្នុងគ្រួសារនៅកម្ពុជា នាពេលបច្ចុប្បន្ន ពុំទាន់មានប្រសិទ្ធភាពទេ ដោយសារស្ត្រីមានជម្រើសតិចតួចពេក ក្រៅតែពីការសម្រេចចិត្តបន្តរស់នៅជាមួយស្ថានភាពហិង្សា។ របាយការណ៍នេះ សំណូមពរដល់អាជ្ញាធរ គួរយល់ច្បាស់អំពីចរិតលក្ខណៈព្រហ្មទណ្ឌនៃអំពើហិង្សាក្នុងគ្រួសារ ដែលគួរ ចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌ និងគួរយកចិត្តទុកដាក់ ក៏ដូចជាផ្ដល់ធនធានចាំបាច់ឱ្យបានគ្រប់គ្រាន់ ក្នុងការអនុវត្តច្បាប់និងបទបញ្ញត្តិផ្សេងៗ ដើម្បីផ្ដល់សេវាដល់ជនរងគ្រោះប្រកបដោយប្រសិទ្ធភាព៕ ដោយ៖បញ្ញាស័ក្តិ