កណ្ដាល ៖ ផ្លូវទំនប់ដូនសមួយខ្សែ ដែលស្ថិតនៅឃុំឈើទាល និងឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្ដាល នាសព្វថ្ងៃនេះ កំពុងប្រឈមការលំបាកក្នុងការធ្វើដំណើរ តាមមធ្យោបាយនានាជាខ្លាំង ពោលគឺមេឃភ្លៀងផ្លូវរអិលដូចខ្លាញ់ ហើយដល់មេឃរាំង ផ្លូវហុយទ្រលោមពេញផ្លូវ ឡើងងងិតភូមិ ដោយពិបាកទ្រាំ ពិសេសអ្នករស់នៅអមសងផ្លូវទំនប់ដូនសនេះ។ អ្នកស្រុកស្នើសុំដោយទទួចដល់អាជ្ញាធរឃុំឈើទាល អាជ្ញាធរស្រុកគៀនស្វាយ និង អាជ្ញាធរខេត្តកណ្ដាលផងដែរ ពិសេសស្នើដល់ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ជួយជំរុញការងារស្ថាបនាផ្លូវទំនប់ដូនសនេះផងដែរ ដើម្បីបងប្អូនរស់នៅតំបន់នេះ ងាយស្រួលក្នុងការធ្វើដំណើរតាមមធ្យោបាយនានា មកកាន់ទីផ្សារគគីរ មកបម្រើការងារនៅសាលាស្រុកគៀនស្វាយ អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ និង ដឹកជញ្ជូនកសិផលមកកាន់ទីផ្សារនៅភ្នំពេញ តាមផ្លូវជាតិលេខ១ នាសព្វថ្ងៃនេះ។
ប្រជាជននិយាយថា ផ្លូវទំនប់ដូនសនេះ កាលពីអំឡុងដើមឆ្នាំ២០១៧ គេឃើញអាជ្ញាធរស្រុកគៀនស្វាយ និងអាជ្ញាធរខេត្តកណ្ដាល ដាក់គ្រឿងចក្រចុះមកស្ថាបនាជាផ្លូវបេតុង បានប្រវែងកន្តុយអណ្ដើក ហើយក៏ដកគ្រឿងចក្រទៅវិញអស់ ដោយទុកឲ្យផ្លូវនៅមេម៉ាយ ដល់សព្វថ្ងៃនេះ។ ដូចនេះ ពួកគាត់ស្នើសុំដល់ក្រុមអាជ្ញាធរស្រុក និង ខេត្តកណ្ដាល ពិសេសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកណ្ដាល មេត្តាជួយបន្តស្ថាបនាផ្លូវបេតុងនោះបន្តទៀងផង បើទុកនៅមេម៉ាយបែបនេះ វាអាក្រក់មើលខ្លាំងណាស់ ហើយម្យ៉ាងទៀតចៀសវាងមហាជនគាត់រិះគន់ លើបញ្ហានេះផងដែរ ហើយពួកគាត់សង្ឃឹមថា ប្រធានគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកណ្ដាល និងញាប់ដៃញាប់ជើង ក្នុងការងារនេះ ដោយចុះមកស្ថាបនាផ្លូវបេតុងផ្លូវទំនប់ដូនសមួយខ្សែនេះ ជូនដល់ពួកគាត់បានប្រើប្រាស់លែងពិបាកដូចសព្វថ្ងៃនេះ។ បើពឹងអាជ្ញាធរស្រុកគៀនស្វាយ ដូចពឹងផ្កាយលើមេឃ។
លោកស្រី មេឃុំឈើទាល អ៊ុក សឿន បានប្រាប់កាលពីព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ២០១៨នេះ ដោយពិនិត្យមើលឃើញពីសារសំខាន់ នៃការប្រើប្រាស់ផ្លូវទំនប់ដូនស ដែលតភ្ជាប់ពីកំណាត់ផ្លូវលេខ១១០ ទៅដល់ផ្លូវគ្រោះក្រហម នាភូមិដូនស ឃុំគគី ស្រុកគៀនស្វាយ ខេត្តកណ្ដាល ហើយបងប្អូនប្រជាជន បានស្នើមកអាជ្ញាធរឃុំឈើទាល ឲ្យជួយបន្តការស្ថាបនាផ្លូវបេតុងនោះ ងាយស្រួលប្រើប្រាស់ ជាមធ្យោបាយដល់ពួកគាត់ ហើយការងារនេះ ខាងអាជ្ញាធរឃុំ បានដាក់សំណើទៅសាលាខេត្តកណ្ដាលអស់ហើយ ដោយរង់ចាំចំណាត់របស់ថ្នាក់លើតែប៉ុណ្ណោះ ក្នុងការស្ថាបនាផ្លូវបេតុងនេះបន្តទៀត។
លោកស្រីមេឃុំឈើទាល បានបន្តទៀតថា ចំពោះផ្លូវដូនសនេះ អាជ្ញាធរឃុំឈើទាល ធ្លាប់បានចុះស្ថាបនាជាដំណាក់កាល ដោយជំហ៊ានដំបូង ស្ថាបនាក្រាលជាក្រួសក្រហម និងចាក់កម្ទេចថ្មម៊ិចឲ្យអ្នកស្រុក ប្រើប្រាស់សិន ហើយនៅពេលឆាប់ៗខាងមុខនេះ និងស្ថាបនាជាផ្លូវបេតុងតែម្ដង ដោយបានដាក់សំណើរទៅស្រុក ខេត្តកណ្ដាលអស់ហើយ ក្នុងការស្ថាបនាផ្លូវបេតុងនៅផ្លូវទំនប់ដូនសនេះ បន្តទៀតនៅពេលនេះ គឺទុកជាកាដូ ឬចំណងដៃ ជូនដល់ប្រជាជនបានប្រើប្រាស់ ជាមធ្យោបាយក្នុងការដឹកជញ្ជូនកសិផល ពីចំការមកកាន់ទីផ្សារនៅផ្សារគគីរ មុខសាលាស្រុកគៀនស្វាយ មកបម្រើការងារនៅសាលាស្រុក និង បម្រើការងារនៅកន្លែងប៉ូលិស កន្លែងប៉េអឹម និង នៅតាមអង្គភាពរដ្ឋ ឯកជនតាមក្រុមហ៊ុន សហគ្រាសឯកជននានាផងដែរ ហើយម្យ៉ាងទៀត ផ្លូវទំនប់ដូនសនេះ គឺជាផ្លូវសម្រាប់តភ្ជាប់គ្នា ពីកំណាត់ផ្លូវ១១០ ឆ្ពោះទៅផ្លូវជាតិលេខ១ ឡើងទៅភ្នំពេញផងដែរ។
លោកស្រីមេឃុំបន្តទៀតថា ផ្លូវទំនប់ដូនសនេះ កាលពីមិនទាន់បានជួសជុល កែលម្អរនោះ ផ្លូវនេះ មានការលំបាកណាស់ ក្នុងការធ្វើដំណើរ តែមិនថ្វីនោះទេ ក្រោយពិស្ថាបនារួចផ្លូវនេះ ងាយស្រួលធ្វើដំណើរ គឺមានផ្លូវថ្នល់ មានក្ដីសង្ឃឹម ឈានកាត់បន្ថយភាពក្រីក្រផងដែរ។
អ្នកស្រុកដែលរស់នៅអមសងខាងផ្លូវទំនប់ដូនសនេះ ពួកគាត់មានការសប្បាយចិត្ត ជាខ្លាំងនៅពេលឃើញអាជ្ញាធរឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាល ដាក់គ្រឿងចក្រចុះ មកឈូសឆាយជួសជុលកែលម្អ ក្នុងការស្ថាបនាផ្លូវទំនប់ដូនសនេះ ជូនដល់ពួកគាត់បានប្រើប្រាស់បណ្ដោះអាសន្នសិន ទម្រាំថ្នាក់លើចុះមកស្ថាបនាជាផ្លូវបេតុងបន្តទៀត ពីផ្លូវបេតុងចាស់ឲ្យមានការងាយស្រួលជាងមុន។ នេះគឺជាការគិតគូរយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរ ក្នុងការកសាងស្ដារ នូវហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន បានល្អប្រសើរទុកជាកាដូ ជូនប្រជាជនក្រោយពីបោះឆ្នោត ទទួលបានជោគជ័យយ៉ាងភូកទឹកភូកដី៕ ដោយ ៖ រចនា