ភ្នំពេញ៖ មេម្ចាស់សង្វៀនល្បែងជល់មាន់ស្រុកបាទី និងទឹកដីឃុំអរិយក្សត្រ ស្រុកល្វាឯម គឺលោក ថៃ ផានី ហៅ ម៉ាប់ មានឋានន្តរស័ក្តិផ្កាយ២ នៅក្រសួងការពារជាតិ នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ ត្រូវប្រគល់ខ្លួន ឲ្យកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាប់សង្វៀនមាន់ជល់ទាំងពីរកន្លែងនេះ និងមានការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំចំនួន២កន្លែងនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថាមានឈ្មោះ ថៃ ផានី ហៅម៉ាប់ ជាកូនប្រសារបស់លោក ហ៊ុន សាន បងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការប្រគល់ឲ្យកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃនេះដើម្បីឲ្យអនុវត្តតាមផ្លូវច្បាប់របស់កម្ពុជា ។ លោកថៃ ផានី ត្រូវបានសមត្ថកិច្ចនាំទៅដល់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។
សម្ដេចតេជោបានអះអាងថា៖តាមផ្លូវច្បាប់ដោយគ្មានការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក៏ក្មួយប្រសារបស់ខ្ញុំក៏ដោយ។ជាមួយគ្នានោះដែរលោក ឧត្តមសេនីយ៍ផ្កាយ២ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាលបានបញ្ជាក់ថា ប្រតិបត្តបង្ក្រាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះកម្លាំងនគរបាលរបស់លោកប្រមាណ ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់។
ប្រតិបត្តិការទ្រង់ទ្រាយធំដែលមានកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថជិត២០០នាក់ ចុះទៅបង្ក្រាបសង្វៀនជល់មាន់ដ៏ធំ និងបើកលេងយូរឆ្នាំមកហើយ នៅលើទឹកដីឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ ជាលទ្ធផលមនុស្សមិនតិចជាង១៥០នាក់ ដែលកំពុងចូលលេងល្បែងមួយនេះ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ព្រមទាំងដកហូតរថយន្ដជាង៥០គ្រឿង និងម៉ូតូជិត២០០គ្រឿង។ ចំណែកប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ កាលពីថ្ងៃទី៣ធ្នូក្នុងទឹកដី ស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំង សង្វៀនជល់មាន់ និងបាញ់អាប៉ោង។ ក្រោយអាជ្ញាធរខេត្តតាកែវធ្វើការបង្ក្រាបកន្លែងជល់មាន់ដ៏ធំមួយកន្លែងនៅស្រុកបាទីខេត្តតាកែវរួច មេល្បែងជល់មាន់ស្រុកបាទី លោក ថៃ ផានី ហៅ ម៉ាប់ ដែលគេស្គាល់ថា ជាកូនប្រសារបស់លោក ហ៊ុន សាន មានឋានន្តរស័ក្តិផ្កាយ២ នៅក្រសួងការពារជាតិបានហែកខោស្លីបឬបង្ហាញឈ្មោះអ្នកយកលុយខែ អាជ្ញាធរខេត្តតាកែវ ស្រុក សមត្ថកិច្ចខេត្ត ស្រុក ឃុំ ស្ថាប័នតុលាការនិងអ្នកជាប់ពាក់ព័ន្ធនឹងការទទួលសំណូកប្រចាំខែពីល្បែងជល់មាន់ចាប់ពី៥០០ដល់២៥០០ដុល្លារក្នុងមួយខែ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានបដិសេធ ថាមិនបានទទួលសំណូល ពីទីតាំង សង្វៀនជល់មាន់ អាប៉ោង កូនប្រសារលោក ហ៊ុន សាន ដូចការចោទប្រកាន់នោះទេនិងបាន គំរាមប្តឹងអ្នកពាក់ព័ន្ធល្បែងជល់មាន់នៅស្រុកបាទី ទៅតុលាការទៀតផង ចំណែកមន្ត្រីពាក់ពន្ធ័ក៏មិនរួចខ្លួនដែរ។ការបដិសេធនិងគំរាមប្តឹងខាងលើនេះរបស់លោកអភិបាលខេត្តបានធ្វើឡើង នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ បន្ទាប់ពី កូនស្រីលោក ហ៊ុន សាន បានទម្លាយឯកសារមួយសន្លឹកដោយចោទថា អាជ្ញាធរខេត្តតាកែវ ជាប់ពាក់ព័ន្ធនឹងការទទួលសំណូកលុយល្បែងជល់មាន់រាប់ពាន់ដុល្លារ ។តាមប្រភពស្និទ្ធនឹងលោក ថៃ ផានី ហៅ ម៉ាប់ បានបញ្ជាក់ថា “សង្វៀនជល់មាន់នៅបាទី អាជា្ញធរស្ទើរតែគ្រប់ថ្នាក់ ពាក់ព័ន្ធទទួលលុយល្បែង ពិសេសគឺបងប្រុសអភិបាលខេត្តតាកែវ ឈ្មោះ ឡាយ ធារិទ្ធ ជាស្នងការងខេត្តក្រៅពីនោះ មានមេប៉ូលិស មេប៉េអឹមទៀត”។លោក ឡាយ វណ្ណៈ បានបដិសេធផងដែរ ដោយលោកបញ្ជាក់ថា បងប្រុសរបស់លោក ឈ្មោះ ឡាយ ធារិទ្ធ មិនបានពាក់ព័ន្ធរឿងនេះទេ ពីព្រោះគាត់ជាស្នងការរងទទួលបន្ទុកសេដ្ឋកិច្ច មិនមែនព្រហ្មទណ្ឌនោះទេ។ក្នុងនោះលោក ឡាយ វណ្ណៈ បានគំរាមប្តឹងអ្នកពាក់ព័ន្ធល្បែងជល់មាន់នៅស្រុកបាទី ទៅតុលាការ។ លោកក៏បានព្រមានមន្ត្រីណាដែលពាក់ព័ន្ធល្បែងនឹងត្រូវចាត់ការតាមច្បាប់។ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ លោក ឡា ឡៃ ច្រានចោល ដោយលោកបញ្ជាក់ថា លោកមិនបានពាក់ព័ន្ធរឿងនេះទេ៕ ដោយ៖បញ្ញាស័ក្តិ