លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស បានស្នើដល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួយ ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាបង់ក្លាដេសបន្ថែមទៀត ក្នុងខណៈដែលទំនាក់ទំនងកិច្ចសហប្រតិបត្តិវិស័យនានានៃប្រទេសទាំងពីរកំពុងរីកចម្រើនជាលំដាប់ ទាំងក្នុងវិស័យការទូត និងពាណិជ្ជកម្មនោះ។
លោកជំទាវនាយករដ្ឋមន្ត្រីបានលើកឡើងដូច្នេះ នៅក្នុងឱកាសដែលលោកជំទាវចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាក្នុងរាជធានីភ្នំពេញ ខណៈដែលលោកជំទាវកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលបង់ក្លាដេស មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពរយៈពេលបីថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ សេក្ខ ហាស៊ីណា បានជម្រាបសម្តេចថា ប្រទេសបង់ក្លាដេស និងកម្ពុជា មានប្រវត្តិសាស្ត្រ និងវប្បធម៌ប្រហាក់ប្រហែលគ្នា ជាប្រទេសដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ដូចគ្នា ហើយបានកំពុងដំណើរការអភិវឌ្ឍន៍ប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យដែលមានច្បាប់រដ្ឋធម្មនុញ្ញជាគោល។ ក្នុងបរិបទនេះ កិច្ចសហប្រតិបត្តិការនៃរដ្ឋសភាប្រទេសទាំងពីរជាការចំបាច់មួយដែលត្រូវតែធ្វើឡើង ដូចជាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
លោកជំទាវបានគូសបញ្ជាក់ថា លោកជំទាវនិងជម្រាបទៅប្រធានរដ្ឋសភាបង់ក្លាដេស ដើម្បីគោរពអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសបង់ក្លាដេស ហើយប្រធានរដ្ឋសភាបង់ក្លាដេស នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់លោកជំទាវនាយករដ្ឋមន្ត្រី និងគណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋសភាសម្តេចមានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះលោកជំទាវនាយករដ្ឋមន្ត្រី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បង់ក្លាដេស មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចបានលើកឡើងថា វត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវនាយករដ្ឋមន្ត្រីនាពេលនេះ ពិតជាបានផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្ត្រ សម្រាប់រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងបានឆ្លុះបញ្ចាំងពីការបន្តពង្រឹងពង្រីកទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-បង់ក្លាដេស ឲ្យកាន់តែរឹងមាំទ្វេដងឡើងថែមទៀត។
សូមជម្រាបថា លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល បង់ក្លាដេសមកទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
នៅព្រឹកថ្ងៃទី៤ ខែធ្នូនេះ លោកជំទាវបានជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។ សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបង់ក្លាដេស នៅវិស័យមួយចំនួនផងដែរ។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រីក៏បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាពេញចិត្តចំពោះការវិវត្តន៍រីកចម្រើនយ៉ាងល្អប្រសើរនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-បង់ក្លាដេស ក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងសកលលោក។ “រដ្ឋសភាកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសារណៈ និងកិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើកន្លងមក សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អរវាង កម្ពុជា-បង់ក្លាដេស ដើម្បីឧត្តមប្រយោជន៍ទាំងសងខាង”។
លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ដែលធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាម្តងហើយ កាលពីឆ្នាំ២០០១ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា លោកជំទាវ និងគណៈប្រតិភូបានឃើញពីការអភិវឌ្ឍគួរឲ្យកត់សម្គាល់របស់កម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ចលើកនេះ លោកជំទាវនឹងខិតខំទាក់ទាញអ្នកវិនិយោគកម្ពុជាទៅបណ្តាក់ទុននៅបង់ក្លាដេស ហើយជំរុញអ្នកវិនិយោគពីបង់ក្លាដេស មកបណ្តាក់ទុននៅកម្ពុជាវិញ ៕ ដោយ៖បញ្ញាស័ក្តិ