ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសអ្នកបើកបររថយន្តដឹកខ្សាច់មួយរូបបានស្លាប់ ក្រោយបើករថយន្តចុះផ្លូវចំណោត លោកយាយម៉ៅ នាក្រុងព្រះសីហនុ រួចបុកទ្រូងផ្លូវ បណ្តាលឱ្យអ្នកបើកបរ ធ្លាក់ចេញពីរថយន្តស្លាប់បាត់បង់ជីវិត នៅម៉ោងជាង ៤ល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ។
មន្ត្រីនគរបាលឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយខ្លួនឯង គឺរថយន្តបែនដឹកខ្សាច់ ០១គ្រឿង ម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខតាកែវ3A-0638 បើកបរដោយឈ្មោះ វ៉ាន់ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងមានទិសដៅពីឃ្លាំងលើឆ្ពោះទៅកែងរ៉ា។
មន្ត្រីនគរបាលបញ្ជាក់ថា ពេលរថយន្តបានបើកមកដល់ចំណុចខាងលើ ហើយគួបផ្សំស្ថានភាពផ្លូវចុះចំណោត រថយន្តមានល្បឿនលឿនផង ក៏រេចង្កូតមកខាងឆ្វេងដៃ ហើយបុករនាំងពុះចែកផ្លូវ រួចបោកក្រឡាប់ត្រឡប់ក្រោយ បណ្ដាលឿឱ្យអ្នកបើកបររថយន្តខ្ទាតចេញក្រៅស្លាប់តែម្ដង។
មន្ត្រីនគរបាលបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក៏បណ្ដាលឱ្យខូចខាតរបាំងពុះចែកផ្លូវអស់ចំនួន ៩ផ្ទាំង និង បង្គោលភ្លើងបំភ្លឺផ្លូវចំនួន ០១ដើម។
វត្ថុតាងរថយន្ត១គ្រឿង សមត្ថកិច្ចជំនាញបានស្ទូចយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕ ដោយ ៖ ដែន អយុធ្យា