ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម បានឲ្យដឹងថា កាលព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៧ និង៣០នាទីព្រឹក នៅចំនុចពយអាវខ្មាច ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុង-ខេត្តព្រះសីហនុ មានករណីលិចទូកប្រភេទកន្ទុយវែង ដឹកកម្មករសំណង់ចេញពីភ្លើងស៊ុីញូ លុះមកដល់ពយខ្មោច ទូកនោះក៏បានលិច បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងបាត់ខ្លួនម្នាក់។
សមត្ថកិច្ចនគរបាលបាលសង្កាត់កោះរ៉ុងសន្លឹម ឱ្យដឹងថា សាកសពជនរងគ្រោះ ឈ្មោះ ធំ សារ៉ាត ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិចាក់អង្រែលើ ឃុំព្រែកតាគង់ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។ ចំណែកមនុស្សម្នាក់ទៀត ដែលបាត់ខ្លួនមានឈ្មោះ ស៊ាប ភេទប្រុស អាយុប្រហែល ៣៣ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត នៅខេត្តកំពត សមត្ថកិច្ច និងអ្នកជួយ សង្គ្រោះកំពុងស្វែងរក។
មន្ត្រីនគរបាលបញ្ជាក់ថា មូលហេតុនាំឱ្យទូកកន្ទុយវែងខាងលើលិច ដោយសារតែដឹកលើសចំណុះ គឺក្នុងមួយទូក ផ្ទុកមនុស្សចំនួន១៣នាក់៕ ដោយ ៖ ដែន អយុធ្យា