កំពង់ស្ពឺ៖កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីបង្គាប់ឱ្យចាប់ខ្លួន ករណីរំលោភកាន់កាប់លើអចលនវត្ថុ។
ជនសង្ស័យមានឈ្មោះ អ៊ុក វិច្ឆិកា ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅផ្ទះលេខ ២៩៣ D ផ្លូវលេខ ១៥០ ភូមិ១១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការឃាត់ខ្លួនជនសង្ស័យខាងលើ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៤៨១ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ចៅក្រមស៊ើបសួរ ហង់ ស៊ីថា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទផ្តើមគំនិត ក្នុងអំពើរំលោភកាន់កាប់លើអចលនវត្ថុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២៨នៃក្រមព្រហ្មទណ្ឌនិងមាត្រា៣៤, ២៥៩ នៃច្បាប់ភូមិបាល។ ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា ការចេញដីកានេះ និងបង្គាប់ឲ្យគ្រប់ភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈទាំងអស់ ចាប់ខ្លួនឈ្មោះនេះ មកចំពោះមុខចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកអង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ