ខេត្តព្រះសីហនុ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមសាខាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នាសណ្ឋាគារឆ្នេរថ្មី នាខេត្តព្រះសីហនុ បានរៀបចំសិក្ខាសាលាស្តីពីការប្រមូលបញ្ហាប្រឈម របស់សហគ្រាសធុនតូច និងមធ្យម ដោយផ្តោតសំខាន់ ទៅលើលំហូរនៃជនជាតិចិន ចូលមករស់នៅ និងប្រកបមុខរបរនាខេត្តព្រះសីហនុ។
សិក្ខាសាលានេះ ចូលរួមជាអធិបតីដោយ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ- លោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា – លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសាខាសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ ព្រមទាំងប្រធានក្រុមហ៊ុន សហគ្រាសខាងវិស័យឯកជនជាច្រើនអង្គភាពទៀតបានចូលរួម។
នាឱកាសនោះក្រុមអាជីវករមួយចំនួន បានលើកឡើងពីកង្វល់ផ្សេងៗ ដែលរងផលប៉ះពាល់ ពីវត្តមានជនជាតិចិន និង អ្នកវិនិយោគទុនជនជាតិចិន ចូលមករស់នៅ និងបង្កើតមុខរបរផ្សេងៗ ប៉ះពាល់ដល់មុខរបរ រកប្រាក់ចំណូលប្រចាំថ្ងៃ របស់ពួកគាត់។
ក្រុមអាជីវករខ្នាតតូចខេត្តព្រះសីហនុភាគច្រើន បានត្អូញត្អែរ ពីការបាត់បង់មុខរបរប្រចាំថ្ងៃ ដោយសារវត្តមានជនជាតិចិន ដែលបានចូលមកដណ្តើមមុខរបរពួកគាត់។
ផ្តើមពីបញ្ហានេះ ក្រុមអាជីវករខ្នាតតូចខេត្តព្រះសីហនុ បានសំណូមពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយមានវិធានការ ចំពោះវត្តមានជនជាតិចិនចូលមករស់ក្រុងខេត្តព្រះសីហនុ ហើយអាចបើកធ្វើមុខរបរផ្សេងៗតាមទំនើងចិត្ត ឬតាមការចង់បាន របស់ពួកគេ៕ ដោយ ៖ ដែន អយុធ្យា