វាពិតជារឿងគួរឱ្យអស់សំណើចណាស់ ប៉ុន្តែប្រការដែលគួរឱ្យសោកស្តាយនោះ រឿងចោរជួយបំបែកករណីពុករលួយរបស់ពួកមន្ត្រីអន្ទ្រើសៗទាំងនោះគឺជារឿងពិត។ ចោរសារភាពប្រាប់ប៉ូលិសថា៖ គេលួចបានរបស់១០ ក្នុងពេលដែលម្ចាស់ផ្ទះជាជនរងគ្រោះប្រកែកថា «ទេ! ទេ! ខ្ញុំគ្មានបាត់អ្វីទេ។

តើនេះជាវិធីសាស្ត្រមួយគួរយកមកសិក្សាដែរឬទេ។ រឿងរ៉ាវជាអាទិ៍ខាងលើ រួមមាន៖
តុលាការខេត្ត Gia Lai ទើបប្រកាសសាលក្រមជាប់គុកសរុប ៧២ឆ្នាំ ចំពោះចោរ៤នាក់ ពីបទ«លួចទ្រព្យសម្បត្តិ»គេ។
ហេតុការណ៍នេះកើតឡើងជាង១ឆ្នាំ ពេលដែលចោរ៤នាក់នេះបានចូលផ្ទះលួចទ្រព្យសម្បត្តិ។ ម្ចាស់ផ្ទះដែលប្តី ជាប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត ហើយប្រពន្ធជាប្រធានការិយាល័យបុគ្គលិកពន្ធដារខេត្ត។ ចោរទាំង៤នាក់ពេលចូលដល់លក្នុងផ្ទះបានធ្វើការរើកកាយ រួចប្រទះឃើញវ៉ាលិសមួយដែលចាក់សោជាប់ ពួកវាបានវាយបំបែក ហើយឃើញក្នុងនោះនូវគ្រឿងអលង្ការជាច្រើនកញ្ចប់ធ្វើអំពីមាស ដែលតាមតុលាការវាមានតម្លៃដល់ទៅប្រមាណ 2,792 ពាន់លានដុង (ប្រមាណជាជាង៨ម៉ឺនដុល្លារ)។
ប៉ុន្តែដំបួងឡើយ ពេលដឹងថាមានចោរគាស់ផ្ទះ ម្ចាស់ផ្ទះគ្រាន់តែប្តឹងប៉ូលិសថាមានចោរចូលផ្ទះ ប៉ុន្តែពុំមានបាត់បង់ទ្រព្យសម្បត្តិអ្វីទេ។ប្រមាណមួយសប្តាហ៍ក្រោយ នៅពេលដឹងថាប៉ូលិសចាប់បានចោរ ម្ចាស់ផ្ទះបានធ្វើរបាយការណ៍ថ្មី ថាទើបដឹងបាត់មាសអស់៥តម្លឹង(?) ។
មកទល់ពេលនេះ ពលរដ្ឋនៅខេត្តនោះបាននាំគ្នានិទានរឿងនេះតាមតុកាហ្វេ ដោយថា៖ ម្យ៉ាងដែរលោកចោរ បើកុំបានគាត់ធ្វើ ម្តេចដឹងថាមន្ត្រីមានលុយច្រើនបែបនេះ ហើយមន្ត្រីនោះទៀតសោតពិតជា«ចុកឈាម» ព្រោះសុខចិត្តបាត់ទ្រព្យ ជាជាងឆ្លើយពិត នោះនឹងបាត់…តំណែង។

ក្នុងរឿងមួយទៀត មានប្តីប្រពន្ធពីរនាក់៖ ប្តីជាប៉ូលិសចរាចរណ៍ ប្រពន្ធធ្វើការនៅសាលាខេត្ត ដែលទើបចូលនិវត្តន៍។ ស្រាប់តែផ្ទះរបស់គាត់ត្រូវបានចោរផ្លោះចូលលួច។ មិនយូរប៉ុន្មានក្រោយមក ប៉ូលិសចាប់បានជនល្មើសបីនាក់ ហើយប្រមូលយកបានវត្ថុតាង រួមមានមាស៥៧តម្លឹង និងលុយ៥០លានដុង(ប្រមាណ២៥០០ដុល្លារ) ។ ប្រការដែលគួរឱ្យអស់សំណើច គឺអ្នកបាត់របស់ហាក់ដូចជាលាក់លៀម និងមានអាកប្បកិរិយាចង់បន្ធូរបន្ថយទោស»ដល់ក្រុមចោរនោះ ខណៈពេលពួកគេសារភាពថាទ្រព្យសម្បតិ្តពួកគេបាត់មានចំនួនតិចជាងនេះច្រើន។
បែបនេះ តាមប្រិយមិត្ត តើចោរពិតជាជួយ«ដុតផ្ទះ»ឱ្យកណ្តុររត់ចេញមែនទេ!៕លីសា