បន្ទាយមានជ័យ ៖ ទូរស័ទ្ទហៅមេមកជួប ក៏យកកាំភ្លើងខ្យល់បាញ់១គ្រាប់ ហើយកើតជាការប្តឹងផ្តល់គ្នា និងចាប់ខ្លួនបញ្ជូនទៅតុលាការ។ ជនរងគ្រោះឈ្មោះ សាតវ៉ាន់ថា ប្រុសអាយុ៣៥ឆ្នាំរស់នៅក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ មានឈ្មោះ ហាន ភាព ប្រុសអាយុ២៩ឆ្នាំ លំនៅដូចខាងលើដែរ បានផឹកស្រាស្រវឹងមករករឿងក្នុងរោងសិប្បកម្ម។ ជនសង្ស័យបានពួនស្ទាក់យកកាំភ្លើងបាញ់មកលើជនរងគ្រោះ១គ្រាប់តែបាញ់ខុស។ ហេតុការនេះកើតឡើងម៉ោង៨យប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិសាមគ្គី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកអនុសេនីយ៍សុត សុផាត មេបញ្ជាការរងក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការចុះបង្ក្រាបដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យបានម្នាក់រួចបញ្ជូនមកកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំបន្ត។
លោកវរសេនីយ៍ ម៉ែន ភិរម្យ មេបញ្ជការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងថា តាមការបំភ្លឺរបស់ជនរងគ្រោះថា ជនសង្ស័យអតីតៈជាកូនចៅរបស់ខ្លួនបានជេរតាមទូរស័ព្ទឲ្យខ្លួនមកជួប
ពេលមកជួបហើយ តែជនសង្ស័យបែរជាពួននៅកន្លែងរោងសិប្បកម្ម រួចយកកាំភ្លើងបាញ់ខ្យល់បាញ់ទៅលើខ្លួន១គ្រាប់ តែសំណាងល្អគ្រាប់មិនត្រូវ។
ជនសង្ស័យសារភាពថា ខ្លួនពិតជាយកកាំភ្លើងច្នៃបាញ់ទៅលើជនរងគ្រោះក្នុងបំណងគម្រាមអោយខ្លាចប៉ុណ្ណោះ មិនមែនចង់បាញ់សម្លាប់នោះទេ៕ ដោយ ៖ ប.ជ័យ