Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់​ស្ត្រី​ជា​មេ​តុងទីន​ម្នាក់ ដែល​បោក​ប្រមូល​លុយ ជាង​៣០​ម៉ឺន​ដុល្លារ រត់គេច​

​ភ្នំពេញ​៖ ស្ត្រី​ជា​មេ​តុងទីន​ម្នាក់ ដែល​បាន​ប្រមូល​យក​លុយ​រួច​រត់គេចខ្លួន រយៈពេល​ជាង​៥​ខែ​កន្លងមក ត្រូវបាន​កូន​តុងទីន​ដើរ​ស្វែងរក​គ្រប់​ច្រកល្ហក រហូត​ដល់​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ប្រទះឃើញ​នៅក្នុង​ផ្សារ​កា​ណា​ស៊ី​ធី ស្ថិតនៅក្នុង​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ចាប់​ប្រគល់​ឲ្យ​នគរបាល​បា​ល​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​កូន​តុងទីន​ជាច្រើន​នាក់ បានឲ្យដឹងថា ស្ត្រី​ដែល​ជា​មេ​តុងទីន​ពូកែ​ខាង​បោក​នោះ​ឈ្មោះ ឆេង សា​រ៉ា អាយុ​ជាង​៣០​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ចំណែក​សមាជិក​ដែល​ចាញ់បោក ស្ត្រី​រូប​នេះ មាន​ចំនួន​ជិត​៥០០​នាក់ ដែលជា​អាជីវករ​លក់​ដូរ​នៅក្នុង​ផ្សារ​ឯករាជ្យ​១ និង​ផ្សារ​កាណាឌីយ៉ា​។ កូន​តុងទីន ធ្វើការ​ចោទប្រកាន់​ស្ត្រី​ដែល​ជា​មេ​តុង​ទីន ថា​បាន​រំលោភ​លើ​ទំនុកចិត្ត​ដោយ​បាន​បោក​ប្រមូល​យក​លុយ​ពួកគាត់​ជាង​៣០​ម៉ឺន​ដុល្លារ រួច​គេចខ្លួន​បាត់​ស្រមោល​រយៈ​ពេល​ជាង​៥​ខែ​កន្លង​មក​ហើយ និង​បាន​យកលុយ​ទៅ​ទិញ​រថយន្ត​ឡិច​ស៊ី​ស​៥៧០​ជិះ និង​ទិញ​ដី​ជា​ច្រើន កន្លែង​ថែមទៀត​ផង​។​

​កូន​តុងទីន​ម្នាក់ៗ បាន​ខាតបង់​លុយ​ទៅ​លើ​ស្ត្រី​មេ​បោក​នោះ រាប់ពាន់​រាប់ម៉ឺន​ដុល្លារ ដែល​សរុប​ទាំងអស់​ជិត​៣០​ម៉ឺន​ដុល្លារ​។ ក្រោយ​ពេល​ចាប់ខ្លួន​ស្ត្រី​ជា​មេ​តុងទីន​នោះ សមាជិក​កូន​តុងទីន​ដែល​ចាញ់បោក បាននាំគ្នា​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ដាក់​ពាក្យបណ្តឹង​ស្ត្រី​រូប​នោះ​។ ការលេង​តុងទីន​នេះ ក្នុង​១​ក្បាល ចាប់ពី ២០.០០០​រៀល ដល់​១០០​ដុល្លារ ហើយ​អ្នកខ្លះ​លេង​ចាប់ពី​៣​ក្បាល ទៅដល់​១០​ក្បាល ទៅតាម​លទ្ធភាព​។​

​ពួកគាត់​ទាំងនោះ បាន​និយាយថា បាន​លេង​តុងទីន​ជាមួយ​ស្ត្រី​ឈ្មោះ ឆេង សា​រ៉ា នោះ​អស់​រយៈពេល​៦​ឆ្នាំ​មកហើយ ដែល​អ្នក​ផ្សារ​ទាំង​អស់ ព្រោះ​នាង​ជា​អ្នក​រកស៊ី​បោះដុ​អី​វា​ន់​ចាប់ហួយ​នៅ​ផ្សារ​ឯករាជ្យ​១ និង​ផ្សារ​កាណាឌីយ៉ា​។ ប៉ុន្តែ​ការលេង​តុងទីន​ជាមួយគ្នា​កន្លងមកនេះ មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ ទើបតែ​នៅ​ចុងក្រោយ​នេះ ស្ត្រី​នេះ​មានគំនិត​បោកប្រាស់ ប្រមូល​យក​លុយ​រត់គេច​ខ្លួន​បាត់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​