Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​ណូវែល​ហ្សេ​ឡង់ ថា​នឹង​អាច​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ធំ​ឡើង​ថែម​ទៀ​ត

​ភ្នំពេញ ​៖ ឯកអគ្គរដ្ឋទូត​ណូវែល​ហ្សេ​ឡង់ បាន​សម្តែង​ការប្តេជ្ញាចិត្តថា​នឹង​ខិតខំ​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព ឲ្យ​កាន់តែ​ជិតស្និទ្ធ រវាង​ណូវែល​ហ្សេ​ឡង់ និង​កម្ពុជា និង​ភាព​ជា​ដៃគូ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ប្រទេស​ទាំង​ពីរ ដែល​កំពុង​ដំណើរការ ទៅមុខ​ល្អប្រសើរ ហើយ​ទន្ទឹម​នេះ​នឹង​អាច​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ធំ​ឡើង​ថែមទៀត​ផង​ដែរ​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស លោក ប្រាក់ សុខុន ឧបនាយក​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៅ​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ បានអនុញ្ញាត​ឲ្យ​លោក តា​ហា ម៉ាក​ភៀ​សុន (Taha MACPHERSON) ឯកអគ្គរដ្ឋទូត ណូវែល​ហ្សេ​ឡង់ ប្រចាំ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន នៅ​ទីក្រុង​បាងកក ចូលជួប​សម្តែង​ការ​គួ​សម​។​

​ឧបនាយក​រដ្ឋ​ម​ន្រី្ត បាន​សម្តែង​ការអបអរសាទរ​ចំពោះ​លោក តា​ហា ម៉ាក​ភៀ​សុន ដែល​បាន​ទទួល​ការតែងតាំង និង​បាន​ថ្វាយ​សារតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ​។ លោក​ឧបនាយក​រដ្ឋ​ម​ន្រី្ត បាន​សម្តែង​នូវ​សេចក្តី​រីករាយ ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ វា​ង​ប្រទេស​ទាំង​ពីរ និង​បាន​ថ្លែងអំណរគុណ​ប្រទេស​ណូវែល​ហ្សេ​ឡង់ ដែល​បន្ត​ជួយ​កម្ពុជា ក្នុង​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស អភិវឌ្ឍន៍​កសិកម្ម និង​ការរួមវិភាគទាន​កន្ល​ង​មក ដល់​សាលា​កី្ត​ខ្មែរក្រហម​។​

​ក្រៅ​ពី​ទំនាក់ទំនង​ទ្វេភាគី ឧបនាយក​រដ្ឋ​ម​ន្រី្ត និង​ឯកអគ្គរដ្ឋទូត ណូវែល​ហ្សេ​ឡង់ បាន​ផ្លាស់ប្តូរ​យោបល់​គ្នា អំពី​ការជំរុញ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការជា​ដៃគូ យុទ្ធសាស្ត្រ​អាស៊ាន​-​ណូវែល​ហ្សេ​ឡង់ ក្នុង​ខណៈ​ដែល​កម្ពុជា ទទួល​តួនាទី​ជា​ប្រទេស​សម្របសម្រួល ទំនាក់ទំនង​ដៃគូ​សន្ទនា​រវាង​អាស៊ាន​-​ណូវែល​ហ្សេ​ឡង់ ឆ្នាំ​២០១៨-២០២១​។​

​ឥស្សរជន​ទាំង​ពីរ ក៏​បាន​ពិភាក្សា​ផងដែរ អំពី​ស្ថានការណ៍​នយោបាយ និង​សេដ្ឋកិច្ចពិភពលោក ដែល​បច្ចុប្បន្ន​កំពុង​មាន​ភាព​ស្មុគ្រស្មាញ និង​ប្រែប្រួល​ឆាប់រហ័ស ព្រមទាំង​បញ្ហា​មួយចំនួន​ក្នុង​តំបន់ ដែល​មាន​ដូច​ជា​ការវិវត្ត​ជា​វិជ្ជមាន​នៅ​ឧបទ្វីប​កូរ៉េ និង​គំនិត​ផ្តួចផ្តើម​និម្មាបនកម្ម​តំបន់​។​

​លោក​ឧបនាយក​រដ្ឋ​ម​ន្រី្ត បាន​មានប្រសាសន៍សី្ត​អំពី​ស្ថា​ន​ការណ៍​នយោបាយ​នៅ​កម្ពុជា ជាពិសេស​លទ្ធផល​នៃ​ការបោះឆ្នោត​សាកល កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ ដែល​បង្ហាញ​ពី​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ចង់បាន​សនិ្តភាព ស្ថិរភាព និង​ការ​បន្ត​ដំណើរការ​អភិវឌ្ឍ​ន៍​ដូច​សព្វថ្ងៃ និង​ការវិវត្ត​ស្ថានការណ៍​ជា​វិជ្ជមាន ក្រោយពី​ការបោះឆ្នោត​។​

​លោក​ឯកអគ្គរដ្ឋទូត ណូវែល​ហ្សេ​ឡង់ ថ្លែងអំណរគុណ​ចំពោះ​ការពន្យល់​បំភ្លឺ​នេះ និង​បាន​បញ្ជាក់ថា ទោះបីជា​ប្រទេស​ទាំង​ពីរ មាន​ជំហរ​ខុស​គ្នា​ខ្លះ​ទាក់ទង​នឹង ស្ថានការណ៍​នយោបាយ ក៏​ប៉ុន្តែ​កម្ពុជា និង​ណូវែល​ហ្សេ​ឡង់ នៅ​មាន​ផលប្រយោន៍ និង​កិច្ច​សហ​ប្រតិ​បត្តិការ​ធំៗ ជាមួយ​គ្នា​ផ្សេងទៀត ដូចជា កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ កសិកម្ម ពាណិជ្ជកម្ម ដែល​លោក​ឯកអគ្គរដ្ឋទូត បាន​ប្តេជ្ញា​ថា​នឹង​បន្ត​ខិតខំ​ជំរុញ ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ទៅមុខ​ថែមទៀត​។​

​ឯកអគ្គរដ្ឋទូត​បាន​គូសបញ្ជាក់​ថែម​ទៀត​ថា ប្រទេស​ណូវែល​ហ្សេ​ឡង់ នឹង​បន្ត​ខិតខំ​ធ្វើ​ការរួម​គ្នា​ជាមួយ​កម្ពុជា សំដៅ​ជំរុញ​កិច្ច​សហ​ប្រតិ្ត​ការលើ​វិស័យ​ជាច្រើន ដើម្បី​ផលប្រយោជន៍​រយៈពេល​វែង​របស់​ប្រជាជាតិ​ទាំងពីរ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី និង​លោក​ឯកអគ្គរដ្ឋទូត បាន​ឯកភាពគ្នា​ថា នឹង​ប្រគល់​ភារកិច្ច ជូន​មន្ត្រី​ពាក់ព័ន្ធ​បន្ត​ពិភាក្សាគ្នា នៅ​ថ្ងៃមុខ​ទៀត ដើម្បី​រិះរក​វិធី​ធ្វើ​យ៉ាងណា​ជំរុញ​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ថែម​ទៀត​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×