Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ផែង វណ្ណៈ ៖ ព្រះរាជអាជ្ញារង ហ៊ឹ​ង ប៊ុនថន លើកទឹកចិត្ត​ចោរឆក់​

​ភ្នំពេញ​ ៖ លោក​ផែង វណ្ណៈ បាន​និយាយ​ក្នុងផេក​ផ្លូវការ​នា​ថ្ងៃ​ទី​៣​វិច្ឆិកា​នេះ​ថា ព្រះរាជអាជ្ញារង ហ៊ឹ​ង ប៊ុនថន បាន​កែ​បទល្មើស​ចោរឆក់ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស មក​ជា​លួច ធម្មតា​វិញ ដែល​​បទល្មើស​នេះ ជា​ការជំរុញ​ឲ្យមាន​ចោរ​ឆក់​កាន់តែច្រើន ។​

​ជាក់ស្ដែង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះ ចោរឆក់ បានធ្វើ​សកម្មភាព​ឆក់​ជនរងគ្រោះ នៅ​សង្កាត់ បឹង​កេងកង ១ ខណ្ឌ​​ចំការមន ដោយបាន​ធាក់​ជនរងគ្រោះ​ឲ្យ​ដួល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​

​លោក បាន​បន្ថែមថា ការកែ​បទល្មើស​ចោរឆក់​ពី​ធ្ងន់​មក​ស្រាល (​ពី​បទឧក្រិដ្ឋ​មក​ជាប​ទ​មជ្ឈឹម ) ត្រូវបាន​គេ​សង្ស័យថា ​អាចពាក់ព័ន្ធ​នឹង​រឿង​ផលប្រយោជន៍ ។ ជាពិសេស​លោក​ព្រះរាជអាជ្ញារង ហ៊ឹង​ប៊ុនថន ​កំពុងតែ​លើកទឹកចិត្ត​ចោរឆក់​អោយធ្វើ​សកម្មភាព​កាន់តែ​ច្រើន បង្ករ​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ។​

​លោក​ផែង វណ្ណៈ បានបញ្ជាក់​ថា “​ពាក់ព័ន្ធ​នឹង​ការកែ​បទល្មើស​នេះ សូម​ឯកឧត្ដម អង្គ វង្ស​វឌ្ឍនា រដ្ឋមន្ត្រី ក្រសួង​យុត្តិធម៌ មេត្តា​ពិនិត្យ​​មើល​បុគ្គល​ព្រះរាជអាជ្ញារង ហ៊ឹ​ង ប៊ុនថន ផង បើ​មិន​ដូច្នេះ​ទេ ប្រជាជន​នឹង​ត្រូវ​រងគ្រោះ​ស្លាប់​ជា​បន្តបន្ទាប់​មិន​ខាន “​។​

​សូមបញ្ជាក់​ថា ឆក់​កាបូប​ពី​ប្ដី​ប្រពន្ធ​២​នាក់ ហើយ​ជនរងគ្រោះ​ជិះ​តាម ក៏​ត្រូវ​បក្ខពួក​ជនសង្ស័យ (​ជា​អ្នក​បិទគូទ​) ជិះ​តាម​ធាក់​ម៉ូតូ​ដួល ប្ដី​បោក​ក្បាល​ស្លាប់ ប្រពន្ធ​របួស នៅ​បឹង​កេងកង​។ អ្នកលក់​ផ្កា​២​នាក់​ប្ដី​ប្រពន្ធ កំពុង​ជិះ​ម៉ូតូ​ឌុប​គ្នា ត្រូវបាន​ក្រុម​ចោរឆក់ ធ្វើ​សកម្មភាព ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ជា​ប្រពន្ធ បានសម្រេច ហើយ​ជិះ​រត់គេច ភ្លាម​នោះ​បុរស​ជា​ប្ដី​បាន​បន្ថែម​ល្បឿន​ជិះ​ដេញតាម​ពីក្រោយ​ដែរ ស្រាប់តែ​មាន​បក្ខពួក​ជ​ន​សង្ស័យ​(​ជា​អ្នក​បិទគូទ​) ជិះ​តាម​មក ធាក់​ម៉ូតូ​របស់​ជនរងគ្រោះ បណ្ដាលឲ្យ​ដួល​ខ្ទាត​ប្ដី​បោកក្បាល​ស្លាប់​ភ្លាម និង​ប្រពន្ធ​របួស​ចំ​ចិញ្ចើម ភ្លាម​នោះ​ក្រុម​ជនសង្ស័យ​បាន​បន្ថែម​ល្បឿន​ជិះ​រត់គេច ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ចំការមន​ប្រដេញ​តាម​ដែរ តែ​រហូត​ដល់​ម្ដុំ​រង្វង់​មូល​ផ្សារ​ដើមថ្កូវ ជនសង្ស័យ​បាន​ជិះ​ចែក​ជើង​គ្នា​បាត់​ស្រមោល​អស់ ។​

​កាលពី​វេលា​ម៉ោង​ជិត​៦​ព្រឹក​ព្រលឹម ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ស្តុប​ផ្លូវ​២៩៤ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ហើយ​ជនរងគ្រោះ​បាន​ជិះ​ដេញ​តាម​កែង​ផ្លូវ​៣០២ ត្រូវ​បក្ខពួក​ជនសង្ស័យ​(​បិទ​គូទ​) ជិះ​តាម​ធាក់​ម៉ូតូ​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់ នៅ​ផ្លូវ​៣០២ មុខ​សាលា​អន្តរជាតិ​ខេ​ម​ប្រី​ត ដែល​ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​គួរឲ្យ​កត់សម្គាល់​ផងដែរ​ថា មន្ដ្រី​តុលាការ​បាន​ប្រាប់ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ថា ចោរ​ឆក់​ប្លន់​ដ៏​សកម្ម​២​នាក់ ត្រូវបាន​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះ នៅ​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​។​

យោងតាម​សមត្ថកិច្ច​ដដែល​ឲ្យដឹងថា ចោរឆក់​ទី​១៖​ឈ្មោះ ឃឺន រ៉ានិត ហៅ​រ៉ា អាយុ​១៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ និង​ទី​២៖​ឈ្មោះ ស៊ិន វិសាល អាយុ​១៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ ភូមិ​ច្រេស សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

តាម​របាយការណ៍​មន្ដ្រី​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋានថា ជនសង្ស័យ​ទាំង​២​នាក់ បាន​ប្រព្រឹត្ត​អំពើរ​ឆក់ (​លួច​មាន​ស្ថាន​ទម្ងន់ទោស​) និង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ តាម​សកម្មភាព​ដែល​ក្រុម​នេះ ធ្វើ​សកម្មភាព​ឆក់​ជាក់ស្តែង​។​

សមត្ថកិច្ច​បាន​អះអាង​ថា ក្រោយពី​បញ្ជូន​ដល់​តុលាការ លោក ហ៊ឹ​ង ប៊ុនថន ជា​តំណាង​អយ្យការ បាន​បើក​ការ​ស៊ើបសួរ និង​ប្តូរ​បទ​ចោទប្រកាន់​ចោរ​ទាំង​២​នាក់ ពីបទ “​លួច​មាន​ស្ថាន​ទម្ងន់ទោស​” ទៅ​ជា​បទ “​លួច​” វិញ​។​

បើ​យោង​តាម មាត្រា​៣៥៨ នៃ​ក្រម​ព្រហ្មទណ្ឌ បទ “​លួច​មាន​ស្ថាន​ទម្ងន់ទោស​” អាច​ប្រឈម​ការ​ជាប់ពន្ធនាគារ កំណត់​រយៈពេល​ពី​៣​ឆ្នាំ ទៅ​១០​ឆ្នាំ​។ ចំណែក​មាត្រា​៣៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ បទ “​លួច​” អាច​ប្រឈម​ការជាប់គុក​ពី ៦​ខែ ទៅ​៣​ឆ្នាំ​។ ដូច្នេះ​បើ​យោង​តាម​ការ​ប្តូរ​បទ​ចោទ​នេះ ចោរ​ទាំង​២​នាក់ ពិត​ជា​សំណាង​ដែល​ទទួលបាន​ការសណ្តោស​ប្រណី និង​ក្តីអាណិតអាសូ​ជាខ្លាំង ពី​ព្រះរាជអាជ្ញា​រង ហ៊ឹ​ង ប៊ុនថន ដើម្បី​ឲ្យ​ពួកគេ​អាច​ឆាប់​បាន​ចេញពី​ពន្ធនាគារ​ទៅ​ក្រៅ​វិញ​កែ​ខ្លួន​។​

​សូម​ជម្រាប​ជូន​ថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឃាត់ខ្លួន​ក្រុម​លោក​ចោរ​ទាំង​២​នាក់ កាលពី​យប់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក iPhone 7Plus ពណ៌​ខ្មៅ ពី​ជនរងគ្រោះ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៣ ផ្លូវ​ហាណូយ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ចំនួន​០១​គ្រឿង (​ម៉ូតូ​សម្រេច​ជិះ​ធ្វើ​សកម្មភាព ឆក់ និង​ប្លន់​), ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សុយ​គី​ឡេត ពណ៌ សលាយ​ត្រួយ​ចេក ស៊េរី​ឆ្នាំ​២០១៥ ចំនួន​០១​គ្រឿង (​ជា​របស់​ដែល​គេ ប្លន់​បាន​ពី​ជនរងគ្រោះ​) និង​ទូរ​សព្ទ័​ដៃ​ម៉ាក iPhone 7Plus ពណ៌​ខ្មៅ ជា​របស់​ជនរងគ្រោះ​។​

​ទោះ​យ៉ាងណា​មាន​សំណុំរឿង​ជា​ច្រើន​ទាក់ទង​បទល្មើស​ចោរលួច ឆក់ ប្លន់ ត្រូវបាន​នគរបាល​បញ្ជូន​ជនសង្ស័​​យ មក​តុលាការ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ ប៉ុន្តែ​ត្រូវបាន​លោក​ព្រះរាជអាជ្ញារង ហ៊ឹ​ង ប៊ុនថន ផ្លាស់​ប្តូរ​បទ​ចោទប្រកាន់ ហើយ​មាន​ករណី​មួយចំនួន​បាន​សម្រេច​ដោះលែង​ជនសង្ស័យ​ឲ្យទៅ​ផ្ទះ​វិញ បន្ទាប់​ពី​រក​កំហុស ដែល​ប៉ូលីស​ចោទ​មក​មិន​ឃើញ​។​

​ករណី​ចោទប្រកាន់​លោក​ព្រះរាជអាជ្ញារង ហ៊ឹ​ង ប៊ុនថន អ្នកសារព័ត៌មាន​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​ទេ​៕ ដោយ ​៖ ​រចនា​